ថ្មីទៀត​ហើយ​!​!​ ​មាស​ ​សុខ​សោភា​ ​៖​ ​«​រឿង​ចូល​ហង្ស​មាស​នេះ​ ​ខ្ញុំ​កំពុងតែ​ពិចារណា​ហើយ​»​

​តារា​ស្រី​ ​មាស​ ​សុខ​សោភា​ ​នា​ពេល​ថ្មី​ៗ​នេះ​ ​កំពុងតែ​មាន​សកម្មភាព​មមាញឹក​ជាមួយ​កម្មវិធី​ ​ស្នាដៃ​កូនខ្មែរ​សម្រាប់​មាស​ ​សុខ​សោភា​ ​ដែលគេ​មើលឃើញ​ថា​ ​តារា​ស្រី​ទឹកដម​សំឡេង​ផ្អែម​ជាង​ទឹកឃ្មុំ​មួយ​ដួង​នេះ​ ​មាន​បទចម្រៀង​និពន្ធ​ថ្មី​នៅក្នុង​ដៃ​យ៉ាងច្រើន​ ​ដែល​បេក្ខជន​ប្រលង​ក្នុង​កម្មវិធី​ ​និពន្ធ​ដើម្បី​ឱ្យ​នាង​បាន​ច្រៀង​ ​និង​ក៏​កំពុង​ទទួល​បាន​ពី​ប្រជាប្រិយ​ភាព​បទចម្រៀង​ក្នុងចំណោម​ចំណាត់ថ្នាក់​ទាំង​ ​5​ ​ផង​ដែរ​។​ ​ស្រប​ពេល​ដែល​កំពុង​ឡើង​កូដ​ជាមួយ​បទ​និ​ពន្ធ​ថ្មី​ៗ​ ​ស្រាប់តែ​ ​ធ្លាយ​ដំណឹង​មក​ថា​ ​នាង​កំពុង​ពិចារណា​ចូល​ទ្រនំ​ហង្ស​មាស​មែនទែន​ហើយ​។​ ​

​សូម​រំឭក​ថា​ ​កន្លងទៅ​ក្នុង​អំឡុង​ខែ​ ​កុម្ភៈ​ ​ឆ្នាំ​ ​2018​ ​មាស​ ​សុខ​សោភា​ ​ត្រូវ​បាន​អ្នកសារព័ត៌មាន​ទម្លាយ​រឿង​ ​វេច​បង្វិច​ចេញ​ពី​ថោន​ ​ក៏ប៉ុន្ដែ​នាង​បាន​ចេញមុខ​បកស្រាយ​ចំពោះ​ព័ត៌មាន​ដែល​បាន​សុះសាយ​ថា​ ​រូប​នាង​បាន​បញ្ចប់​កុងត្រា​កិច្ចសន្យា​ជាមួយ​ផលិត​កម្ម​ថោន​ ​ប៉ុន្ដែ​មិន​រត់​ចូល​ទៅ​ផលិតកម្ម​ធំ​គឺ​ ​រស្មី​ហង្ស​មាស​ ​នោះ​ទេ​ ​ពោល​គឺ​នាង​បាន​ធ្វើការ​បដិសេធ​ ​និង​ច្រា​ណ​ចោល​រាល់​ព័ត៌​ដែល​បាន​ចេញ​មក​ ​ដែល​ធ្វើ​មហាជន​មានការ​ងឿងឆ្ងល់​ ​រួម​ទាំង​ខាង​ផលិតកម្ម​សាមីខ្លួន​ផ្ទាល់​ ​មាន​ប្រិត​កម្ម​ខ្លាំង​លើ​រូប​នាង​។​ ​យ៉ាងណាមិញ​ ​នាង​បាន​សង្កត់ធ្ងន់​ ​កាលដែល​គ្មាន​កុងត្រា​នៅ​ថោន​ ​និង​មិនព្រម​ចាកចេញ​នោះ​ ​គឺ​នាង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​កម្លាំងចិត្ត​ ​និង​ការយោគយល់​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។​

​ចូល​មកដល់​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​ ​នេះ​វិញ​ម្ដង​ ​ស្រាប់តែ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ទម្លាយ​ម្ដងទៀត​ថា​ ​មាស​ ​សុខ​សោភា​ ​ពិចារណា​ចូល​ផលិតកម្ម​ហង្ស​មាស​ទៀតហើយ​។​ ​ខណៈ​មហាជន​ជាច្រើន​កំពុង​ចាប់អារម្មណ៍​ថា​ ​តើ​ពិតមែន100​%​ ​ឬមិន​ទៅ​ហង្ស​មាស​ ​ទេ​?​ ​ព្រោះថា​ ​មហាជន​ជាច្រើន​គេ​រំពឹង​ថា​ ​ប្រសិនបើ​នាង​ទៅ​ហង្ស​មាស​ពិត​នោះ​ ​គឺជា​រឿង​ល្អ​សម្រាប់​នាង​ ​និង​បាន​ក្ដោប​ឱកាស​ការងារ​សិល្បៈ​ច្រើន​ទៀតផង​ ​តាមរយៈ​កម្មវិធី​ច្រើន​នៅ​ទូរទស្សន៍​ហង្ស​មាស​។​

​មាស​ ​សុខ​សោភា​ ​បាន​តប​ទៅ​អ្នកសារព័ត៌មាន​វិញ​ថា​ ​ចំពោះ​រឿង​ចូល​ហង្ស​មាស​ ​នេះ​ ​ខ្ញុំ​កំពុងតែ​ពិចារណា​ហើយ​។​ ​យើង​ត្រូវការ​ពេលវេលា​គិត​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​។​ ​ខ្ញុំ​មាន​មិត្តភក្តិ​នៅ​ទីនោះ​ ​(​ហង្ស​មាស​)​ ​គាត់​ចង់ឱ្យ​ខ្ញុំ​ទៅ​ហ្នុង​ដែរ​ ​ព្រោះ​គាត់​ចង់​ឃើញ​សកម្ម​ភាព​ថ្មី​ៗ​របស់​យើង​នៅ​ឆ្នាំ​ថ្មីនេះ​ ​ហើយ​ខ្ញុំ​គិតថា​ ​ហង្ស​មាស​ ​ពេលនេះ​ ​គាត់​ក៏​មានការ​ងារ​សិល្បៈ​ច្រើន​ដែរ​។​ ​ប៉ុន្តែ​ខ្ញុំ​ត្រូវការ​លក្ខខណ្ឌ​របស់ខ្ញុំ​ដែរ​ ​គឺ​ដូច​ខ្ញុំ​ធ្លាប់​ប្រាប់​អ៊ីចឹង​ថា​ ​ខ្ញុំ​ត្រូវការ​សិទ្ធិ​សេរីភាព​។​ ​ខ្ញុំ​យល់ថា​ ​បើ​ហង្ស​មាស​ ​គាត់​ចង់បាន​ខ្ញុំ​មែន​ ​គាត់​នឹង​យល់ស្រប​តាម​សំណើ​របស់​យើង​ ​ដែល​ចង់បាន​ជាមិនខាន​៕​

Advertisement