រាជនីក្រមាកញ្ញា មាន សូនីតា និងតារាខ្មែរបួនដួងទៀតឡើងយន្តហោះទៅជប៉ុនចុងខែនេះ

ភ្នំពេញៈ តារា​ចម្រៀង និង​សម្តែង​ប្រុស​ស្រី​ល្បីៗ​ខ្មែរ​ចំនួន ៥ ដួង នឹង​រួម​សហការ​ស្ម័គ្រចិត្ត​ចូល​រួម​នៅក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០១៧ នៅ​ឯ​ប្រទេស​ជប៉ុន​ក្នុង​គោល​បំណង​ជួយ​លើកស្ទួយ​សិល្បៈ ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍ និង​ទាក់​ទាញ​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា នៅឯ​បរិវេណ​ឧទ្យាន​យ៉ុ​យ៉ុកិ នៃ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដើម​ខែ​ឧសភា​ឆ្នាំ ២០១៧ ខាងមុខ។

 

តារា​ទាំង​ប្រាំដួង​នោះ​រួមមាន​តារា​ចម្រៀង​លំដាប់​កំពូល​ចាស់​វស្សា​ជ្រក​ក្រោម​ផលិតកម្ម​ហង្សមាស​លោក ព្រាប សុវត្ថិ តារា​ចម្រៀង​បុរាណ និង​ប្រពៃណី​រៃ​ក​ណ្ដឹង​អ្នកនាង ម៉េង កែវ​ពេជ្ជតា តារា​ចម្រៀង​ប្រុស​អូរីជីណល់ ដែល​អតីត​ជា​បេក្ខជន​ប្រឡង​ធ្លាក់​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol នា​រដូវ​កាល​ទី ១ លោក អ៊ាម វន្នី តន្ត្រីករ​ជា​ម្ចាស់​សាលា​តូរ្យ​តន្ត្រី​ឯកជន​លោក សែន ស្រណោះ និង​តារា​សម្តែង​ស្រី​រហស្សនាម​រាជនី​ក្រមា កញ្ញា មាន សូនីតា ដែល​ពួកគេ​ឡើង​យន្ត​ហោះ​ចេញ​ដំណើរ​ពី​កម្ពុជា​នៅ​ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ២០១៧ ហើយ​កម្មវិធី​តាំង​ពិព័រណ៍​នោះ មាន​រយៈពេល​ពីរ​ថ្ងៃគឺ​ចាប់​ផ្តើម​ពីថ្ងៃ​ទី ៣ ដល់​ទី ៤ ខែ​ឧសភា ឆ្នាំ ២០១៧។

លោក ម៉ី ចំណាប់ អនុប្រធាន​​គណៈ​កម្មការ​ស្ម័គ្រ​ចិត្ត​រៀបចំ​កម្មវិធី បញ្ជាក់​ពី​ប្រវត្តិ​នៃ​ការ​រៀបចំ និង​វត្តមាន​តារា​ខ្មែរ​ទាំង​ប្រាំ​ដួង​ដែល​ចូលរួម​​​​ថា៖ «តាម​ពិត​ទៅ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា បានធ្វើ​ចំនួន​បី​លើក​ទាំង​ឆ្នាំនេះ។ កាល​ពីមុន​ជា​លក្ខណៈ​តូចតាច​ទេ តែ​ឆ្នាំ​នេះ​យើង​ធ្វើឲ្យ​ធំ​បន្តិច ដោយ​មាន​អញ្ជើញ​សិល្បករ​សិល្បការិនី​ខ្មែរ​ល្បីៗ​ឲ្យ​ស្ម័គ្រចិត្ត​ទាំងអស់​គ្នា​ចូលរួម​គឺ​គ្រាន់តែ​យើង​មាន​ក្រុមហ៊ុន​ឧបត្ថម្ភ​ចេញថ្លៃ​សំបុត្រ​យន្តហោះ ថ្លៃ​ស្នាក់​នៅ និង​អាហារ​ប៉ុណ្ណោះ​សម្រាប់​ពួកគាត់»។

តារា​សម្តែង​ស្រី​រលក​ក្រោយ ដែល​កំពុងតែ​ល្បី​លើ​វិថី​សិល្បៈ​សម្តែង និង​ម្ចាស់​គម្រោង​ផ្ទះ​ស្រឡាញ់​រហស្សនាម​ថា «រាជនី​ក្រមា» កញ្ញា មាន សូនីតា ប្រាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន និង​ឲ្យ​តម្លៃ​លើ​ការ​រៀបចំ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា នៅ​ប្រទេស​ជប៉ុន​នោះ​ថា៖ «ចំពោះ​ការ​ចូលរួម​កម្មវិធី​បែប​ស្ម័គ្រ​ចិត្ត​នេះ​គឺ​ជា​លើកទី ១ ខណៈ​ការធ្វើ​ដំណើរ​កម្សាន្ត​លក្ខណៈ​ឯកជន​វិញ​ខ្ញុំដូច​ធ្លាប់​បាន​ទៅ​ញយ​ដែរ។ ខ្ញុំ​​គិត​ថា ការ​រៀបចំ​ពិព័រណ៍​បែបនេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា និង​បង​ប្អូន​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន មាន​ឱកាស​បាន​ជួប​ជុំ​គ្នា និង​នាំយក​នូវ​ផលិតផល​នានា​ជារបស់​ខ្មែរ​ដាក់​បង្ហាញ​ឲ្យ​ជនជាតិ​ជប៉ុន​បាន​ស្គាល់​ច្បាស់ ខណៈ​យើង​ជា​អ្នកសិល្បៈ​នឹង​សហការ​គ្នា​នាំយក​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​ផ្សព្វផ្សាយ។ លើស​ពី​នេះ នាង​ខ្ញុំ​ក៏គ្រោង​យក​នូវ​ម៉ូដម៉ាក​សម្លៀក​បំពាក់​ក្រមា​ខ្មែរ​ទៅ​បង្ហាញ​នាពេល​នោះ​ផងដែរ»៕

Advertisement