ចេក ម៉ា (Jack Ma) ដកចិត្តពីប្រាសាទខ្មែរមិនបាន ប្រកាសមកលើកទី2 ឬទី3បន្តទៀត

ភាព​ល្បីល្បាញ​នៃ​រមណីយដ្ឋាន​អង្គរ​មិន​ត្រឹមតែ​ទាក់ទាញ​អ្នកស្រាវជ្រាវ​ ​និង​ភ្ញៀវ​ទេសចរ​ទូទៅ​ប៉ុណ្ណោះទេ​ ​បុ​គ្គ​លល្បីៗ​ក្នុង​លោក​ ​រួម​នឹង​អ្ន​ក​មាន​ៗ​លំដាប់​ពិភពលោក​ច្រើន​រូប​ក៏​ទាក់ចិត្ត​មិន​ខកខាន​ក្នុង​ដំណើរ​មក​ទស្សនា​អង្គរ​ដែរ​។​ ​ថ្ងៃទី12​ ​ខែមីនា​ ​ឆ្នាំ2019​ ​នេះ​ ​ចាត់ទុកជា​ថ្ងៃ​ពិសេស​មួយទៀត​ ​ដែល​មហាសេដ្ឋី​ស្រុក​ចិន​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ ​Alibaba​ ​គឺ​ ​លោក​ ​ចេក​ ​ម៉ា​ ​(​Jack​ ​Ma​)​ ​បាន​មក​បំពេញ​ទស្សនកិច្ច​ពេញមួយថ្ងៃ​នៅ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​។​

​ឯកឧត្តម​ ​សុខ​ ​សង្វារ​ ​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដែល​បាន​ជូនដំណើរ​លោក​ ​ចេក​ ​ម៉ា​ ​ទស្សនា​ប្រាសាទអង្គរវត្ត​បាន​បញ្ជាក់​ថា​ ​លោក​ ​ចេក​ ​ម៉ា​ ​ជា​មនុស្ស​សុភាព​គួរ​ឱ្យ​គោរព​។​ ​ថ្វីត្បិត​លោក​ជាម​ហា​សេដ្ឋី​ ​តែ​ឥរិយាបថ​របស់​លោក​បាន​បង្ហាញ​នូវ​ការគោរព​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ប្រាសាទខ្មែរ​។​ ​លោក​បាន​សួរ​សំណួរ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ប្រាសាទ​ ​ក្នុង​ភាពជា​អ្នក​ចង់​ចេះដឹង​ពិតប្រាកដ​ ​និង​ផ្តល់​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គរ​។​

​ឯកឧត្តម​បន្ត​ថា​ ​តាម​ការ​បញ្ជាក់​របស់​លោក​ ​ចេក​ ​ម៉ា​ ​លោក​ពិ​ត​ជាស្ញើច​សរសើរ​នូវ​ភាព​អស្ចារ្យ​នៃ​ប្រាសាទខ្មែរ​ ​និង​កោតសរសើរ​នូវ​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​ ​លោក​ ​បញ្ជាក់​ថា​ ​លោក​នឹង​មកកាន់​រមណីយដ្ឋាន​អង្គរ​នា​ឱកាស​ក្រោយ​ទៀត​ ​ដោយ​ការ​ធ្វើដំណើរ​របស់​លោក​នា​ពេលនេះ​ ​គ្រាន់តែ​ជាលើកដំបូង​ប៉ុណ្ណោះ​ ​តែ​ច្បាស់​ណាស់​នឹង​មាន​លើក​ទី2​ ​ឬទី3បន្ត​ទៀត​ ​។​

​ឯកឧត្តម​ជឿជាក់​ថា​ ​តាមរយៈ​វត្តមាន​របស់​លោក​ ​ចេក​ ​ម៉ា​ ​ក៏ដូចជា​ ​បុ​គ្គ​លល្បីៗ​ផ្សេងទៀត​ក្នុង​ពិភពលោក​ក្នុង​ការ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ​ពិតជា​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិសាសន៍​ ​កាន់តែ​ចាប់អារម្មណ៍​ ​ហើយ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​កាន់តែ​ច្រើន​ឡើង​ៗ​ជា​រៀងរាល់​ឆ្នាំ​បន្ថែម​ទៀត​៕​

Advertisement