ភ្ញាក់ផ្អើល​!. តារា​សម្ដែង​ វី​ ជីវ័ន្ត​ ងាក​មក​លូកដៃ​វិនិយោគ​ជំនួញ​ដីធ្លី

​មួយ​រយៈ​ចុងក្រោយ​នេះ​គេ​កត់សម្គាល់​ឃើញថា​តារា​សិល្បៈ​ដូចជា​ ខេមរៈ​ សិរីមន្ដ​ ព្រាប​ សុវត្ថិ​ ឆាយ​ វិរៈ​យុទ្ធ​ ខាត់​ សុ​ឃីម​ និង​ច្រើន​រូប​ទៀត​ បាន​ងាក​មក​វិនិយោគ​គម្រោង​ពុះ​ដី​ឡូ​តិ៍​លក់​។ ជាក់​ស្ដែង​ថ្មី​ៗនេះ​ តារា​សម្ដែង​សក់សំពោង​ លោក​ វី​ ជីវ័ន្ត​ ស្រាប់តែ​ចេញមុខ​ប្រកាស​ពី​ជំហ​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​លក់​មួយ​កន្លែង​ក្នុង​ពេល​ដ៍​ខ្លី​។ លោក​ បាន​ថ្លែង​បែបនេះ​ នៅក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ពុះ​លក់​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន​ សេង​ ហាន​ នៅ​ម្ដុំ​ផ្លូវជាតិ​លេខ៥១​ កាលពី​ព្រឹក​ថ្ងៃទី17​ ខែមីនា​ ក្នុង​ពេល​ដែល​លោក​ធ្វើជា​តារា​កិត្តិយស​។

តារា​សម្ដែង​ និង​ជាតា​រា​ចម្រៀង​ លោក​ វី​ ជីវ័ន្ត​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​នថា​ លោក​កាន់តែ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ឡើង​ក្នុង​គម្រោង​ចូលហ៊ុន​ពុះ​លក់​ដី​ឡូ​តិ៍​ បន្ទាប់ពី​មុខ​ជំនួញ​នេះ​កាន់តែ​សន្ទុះ​ ហើយក៍​តារា​ច្រើន​នាក់​ដែល​ប្រឡូក​ជោគជ័យ​។ លោក​ថា​ហេតុផល​ដែល​ខ្លួន​ទើបតែ​ចង់​ចាប់ផ្ដើម​នៅក្នុង​ពេលនេះ​ ក៏​ព្រោះតែ​មិនទាន់​រក​ឃើញ​ដៃគូ​។ យ៉ាងណាមិញ​ លោក​បាន​ប្រកាស​ថា​ខ្លួន​សម្លឹងឃើញ​ដៃគូ​ គឺ​ក្រុមហ៊ុន​សេង​ហាន​ពុះ​លក់​ដី​ឡូ​តិ៍​នោះ​ហើយ​ ទើប​លោក​សម្រេចចិត្ត​ថា​នឹង​ចាប់ដៃ​ ដោយ​គ្រាន់តែ​ក្នុង​ពេលនេះ​ស្ថិត​ក្នុង​លក្ខ​ណ្ឌ​សិក្សា​នៅឡើយ​។ លោក​ថា​ខ្លួន​ស្ថិត​ក្នុង​ជម្រើស​ចូលហ៊ុន​ ឬគ្រាន់តែ​ឈរ​ធ្វើជា​តំណាង​ ដោយសារ​ក្រុមហ៊ុន​នេះ​ ក៍​ជា​ក្រុមហ៊ុន​ពុះ​ឡូ​តិ៍​ធំ​ និង​មានបទពិសោធន៍​ជោគជ័យ​លើ​មុខ​ជំនួញ​នេះ​ជាយូរមកហើយ​។

យ៉ាងណាមិញ​ លោក​ថា​ លោក​អគ្គនាយក​ក្រុមហ៊ុន​សេង​ហាន​ពុះ​ដី​ឡូ​តិ៍​ លោក​ យ៉ន​ សេង​ហាន​ បាន​ថ្លែង​ការ​សាទរ​ចំពោះ​ជំហរ​របស់​លោក​ដែល​ចង់​ចូលរួម​ធ្វើជា​ដៃ​គូរ​ក្នុង​ជំនួញ​ដីធ្លី​នេះ​។ ក្នុង​ពិធី​បើក​គម្រោង​ថ្មី​ទំ​ហ៊ំ8ហិច​តា​ចម្ងាយ​ពី​ថ្នល់ទទឹង​លើ​ផ្លូវ51ប្រមាណ5គីឡូ​ ស្ថិតនៅ​ទល់មុខ​វត្ត​គល់​តា​ឡឹ​ក កាលពី​ព្រឹក​ថ្ងៃទី17​ មីនា​ នោះ​ លោក​ថា​ ក្រុមហ៊ុន​ ត្រូវការ​ការចូលរួម​យ៉ាងសកម្ម​ពី​តារា​សិល្បៈ​ច្រើនណាស់​ ពោល​គឺ​ឱ្យ​តែ​មាន​ឆន្ទៈ​ចង់​ធ្វើជំនួញ​។ លោក​ថា​ តម្លៃ​ដី​ក្នុង​គម្រោង​ថ្មី​គឺ​ចាប់ពី3ពាន់​ដុល្លារ​ក្នុង1ឡូ​ ខណៈ​ដែល​តម្លៃ​ទីផ្សារ​គឺ​ពី12000​ ទៅ15000ដុល្លារ​ ក្នុង​មួយ​ឡូ​តិ៍​។ មិនដល់1ឆ្នាំ2ឆ្នាំ​ទៀត​នោះ​ទេ​ លោក​ថា​ ទីតាំងនៅ​ក្នុង​តំបន់​ដែល​លោក​ពុះ​ឡូ​តិ៍​នេះ​ នឹង​ក្លាយជា​តំបន់​ប្រជុំជន​មួយ​ ដោយសារ​លើ​បណ្ដោយ​ផ្លូវ​លេខ51​ សុទ្ធតែ​ជា​គម្រោង​រោង​ចក្រ​ធំៗ​ ហើយ​ គោលការណ៍​លក់​របស់​ក្រុមហ៊ុន​នៅក្នុង​ពេលនេះ​ ក៏ស្ថិត​ក្នុង​លក្ខ​ណ្ឌ​បង់​ផ្តាច់​ ​ បង់​ រំលោះ​ និង​បង់​ជា​ដំណាក់កាល​។ លោក​ថា​ក្រុមហ៊ុន​ទទួលជោគជ័យ​លើ4គម្រោង​មក​ហើយ​ ដោយ​គម្រោង​ទី1​ ,ទី2​,ទី3​,និង​ទី4​ សុទ្ឋ​តែ​មានផ្ទៃ​ដី10ហិច​តា15ហិច​តា20​ រហូត40ហិច​តា​ជាង​ ហើយ​លក់​អស់​ៗមិនដែល​ខាន​។ លោក​ថា​ ក្រុមហ៊ុន​នឹង​មាន​គោលការណ៍​ចាប់ដៃ​ជាមួយ​តារា​ច្រើន​នាក់​ក្នុង​គម្រោង​អាជីវកម្ម​នេះ​។

លោក​ វី​ ជីវ័ន្ត​ បាន​បញ្ជាក់​បន្ថែម​ថា​ មិន​ខុសគ្នា​នោះ​ដែរ​ ក៏​តារាចម្រៀង2រូប​ផ្សេងទៀត​ គឺ​លោក​ សេម​ ម៉ាក​ និង​លោក​ កែវ​ មរកត​ ក៏​បង្ហាញ​ជំហរ​បែបនេះ​ដូច​លោក​ផង​ដែរ​ ខណៈ​ដែល​លោក​កែវ​ មរកត​ បាន​អះអាង​ថា​ លោក​បានសម្រេច​ចិត្ត​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​ឱ្យ​ក្រុមហ៊ុន​នេះ​រួច​បាត់​ទៅ​ហើយ​ បន្ទាប់ពី​បាន​សិក្សា​ ហើយ​កត់សម្គាល់​ឃើញថា​ក្រុមហ៊ុន​សេង​ហាន​ ជា​ក្រុមហ៊ុន​ស្របច្បាប់​ ហើយ​ពុះ​ឡូ​តិ៍​នៅ​ម្ដុំ​ផ្លូវ51​ ជា​តំបន់​ដែល​មាន​សក្កា​នុ​ពល​ និង​ដាក់​លក់​បង់​រំលោះ​ក្នុង​តម្លៃ​ទាប​៕

Advertisement