ខាងក្រុមគ្រួសារលោក គង្គ ប៊ុនឈឿន បញ្ជាក់ឡើងវិញប្រតិកម្មផ្សេងៗដែលយកនាយចឺមជាគោលដៅ

តាមរយៈផេកហ្វេសប៊ុកផ្លូវការណ៍របស់ លោក គង្គ ប៊ុនឈឿន ដែលគេបានដឹងថា កូនលោកជាអ្នកកាន់ និងបង្ហោះនោះ ខណៈថ្មីៗបានជម្រាបពីព័ត៌មានច្បាស់ការណ៍បន្ថែមអំពីរឿងរ៉ាវប្ដឹងផ្ដល់ជាមួយតារាចម្រៀងនាយ ចឺម ។ សារដ៏វែងនោះ បានរៀបរាប់ថា ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសុំបញ្ជាក់នូវរឿងមួយ ដែលភាគច្រើនក្នុងការចុះផ្សាយថាគឺក្រុមគ្រួសារខ្ញុំកំពុងទៅប្ដឹងនាយចឹម… ប្រតិកម្មផ្សេងៗដែលយកនាយចឹមជាគោលដៅ.. ។

តាមពិតមិនមែនសំខាន់ចំពោះនាយចឹម ទាំងស្រុងនោះទេ អ្នកចមៀងទូទៅគឺច្រៀងតាមផលិតកម្មតម្រូវ.. ដែលអ្នកម្ដាយខ្ញុំមកដល់ស្រុកខ្មែរគឺជាគម្រោងទុកយូរមកហើយ គឺមកដើរកម្សាន្តលំហែកាយ ជួបជុំកូនចៅ និងស្នាក់នៅរយៈពេលយូរ បូកផ្សំនឹងមានរឿងនេះកើតឡើង ក៏បានតម្រូវឱ្យម៉ាក់មកដោះស្រាយបញ្ហាជាមួយនិងរឿងកម្មសិទ្ធបញ្ញានេះជាមួយផលិតកម្មសាន់ដេក៏ដូចជាផលិតកម្មផ្សេងៗដែលកន្លងមកតែងតែបានលួចយកស្នាដៃរបស់លោកប៉ាខ្ញុំនិងអ្នកនិពន្ធជំនាន់មុន ទុកជាគំរូ..កុំឱ្យចេះតែមានអ្នកលួចបន្លំយកស្នាដៃមិនថាតែជាស្នាដៃរបស់លោកប៉ាខ្ញុំឬក៏ជាស្នាដៃអ្នកនិពន្ធក្នុងផលិតកម្មផ្សេងៗទៀតត្រូវបានទទួលនូវសិទ្ធិបញ្ញាយ៉ាងពិតប្រាកដ ។ ល។

ខាងក្រសួងគាត់មានវិធានការរបស់គាត់ហើយ ចំណែកក្រុមគ្រួសារខ្ញុំតាំងពីដើមទីមកក៏មិនដែលចង់មានបញ្ហាអីវែងឆ្ងាយឬការប្ដឹងផ្ដល់អីដែរទេពីព្រោះនេះមិនមែនជាលើកដំបូងទេគឺវាមានជាហូរហែកន្លងមករាប់សិបឆ្នាំទៅហើយ, ពេលដែលលោកប៉ាខ្ញុំនៅមានជីវិតគឺគាត់តែងតែប្រៀនប្រដៅឲ្យពួកយើងចេះស្រឡាញ់រាប់អានគ្នាក្នុងនាមជាខ្មែរដូចគ្នា..គាត់បានដឹងរឿងនេះពីយូរណាស់មកហើយប៉ុន្តែគាត់មិនដែលចង់មានបញ្ហាអីទេ..ទោះបីជាគាត់ឈឺធ្ងន់រស់នៅស្រុកគេគេងពេទ្យហើយក៏គាត់នៅតែព្យាយាមសរសេរអត្ថបទប្រលោមលោកផ្សេងៗដើម្បីបន្សល់ទុកនូវស្នាដៃដល់កូនខ្មែរជំនាន់ក្រោយៗដែរ។ ពួកខ្ញុំមិននិយាយចំពោះតែបុគ្គលម្នាក់ទេគឺខ្ញុំនិយាយចំពោះបុគ្គលទូទៅដែលតែងតែបានផលចំណេញពីញើសឈាមអ្នកដទៃ.. លោកប៉ានាងខ្ញុំគាត់តែងនិយាយថាគាត់មានការសោកស្តាយដែលបានចាកចេញពីស្រុកកំណើតជាទីស្រឡាញ់របស់គាត់រួមទាំងមិនដែលបានបង្ហាត់បង្រៀនដល់កូនខ្មែរជំនាន់ក្រោយឱ្យបានទទួលនូវចំណេះដឹងផ្ទាល់អំពីការនិពន្ធបទភ្លេងនិងសរសេរសៀវភៅរបស់គាត់.. ដូច្នេះសូមកុំចេះតែចោទប្រកាន់ថាក្រុមគ្រួសារនាងខ្ញុំចូលចិត្តចង់ផ្ដឹងផ្ដល់ខ្មែរគ្នាឯងនោះ..។

គ្រួសារខ្ញុំមិនមែនជាប្រភេទមនុស្សជាន់ពន្លិចឬក៏មិនទុកឱកាសឱ្យនរណាម្នាក់ដែរ..ចំពោះបងប្អូនខ្លះដែលគាត់បានប្រើពាក្យមិនសមរម្យជាខ្លាំងចំពោះអ្នកម្ដាយវ័យជរារបស់ខ្ញុំដែលថាដូចបងប្អូនឃើញខាងក្រោមនេះស្រាប់.. ខ្ញុំមិនចង់ប្រកាន់ទោសវែងឆ្ងាយទាំងតារាចម្រៀង រឺ អ្នកគាំទ្រ អីនោះទេ ប៉ុន្តែសូមមេត្តាគិតពិចារណាឡើងវិញផង មុននិងប្រើពាក្យអសុរោះទាំងនេះចំពោះគាត់.. ហើយជាចុងក្រោយនេះផងដែរ ក្រុមគ្រួសារនាងខ្ញុំទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនខ្មែរទូទៅនៅក្នុងពិភពលោកនេះដែលតែងតែបានគាំទ្រនូវស្នាដៃនិពន្ធរបស់លោកប៉ាខ្ញុំរួមទាំងការលើកទឹកចិត្តនិងជំរុញឱ្យពួកខ្ញុំបានដើរទៅរកនូវភាពយុត្តិធម៌សម្រាប់ការថែរក្សាស្នាដៃរបស់លោកប៉ាខ្ញុំ ក៏ដូចជាលោកអ្នកនិពន្ធផ្សេងទៀតដែលត្រូវបានគេលួចបន្លំយកស្នាដៃយកមកកែច្នៃតាមរូបភាពផ្សេងៗ..ពួកខ្ញុំសុទ្ធតែជាអ្នកស្រឡាញ់និងគាំទ្រសិល្បៈយើងខ្លាំងណាស់ ពិសេសគឺស្នាដៃកូនខ្មែរយើង៕


Advertisement