តួឯកប្រុស ស្រេន វុធថា ដាច់យប់ជួយសម្អាតសំរាមនៅលូទឹកស្អុយបឹងត្របែក

រយៈពេល4ឆ្នាំហើយ ដែលអតីតហ្វ្រេសស៊ី​ប៊យ ស្រេន វុធថា បានបោះជំហានក្នុងសិល្បៈ។ 4ឆ្នាំនេះ តារាប្រុសរូបនេះ បាន​ពុះពារច្រើនឆ្លងកាត់ការងារពីតួសម្តែងតូចៗរហូតដល់បានតួលេចធ្លោក្នុងបណ្តាស្ថានីយទូរទស្សន៍ល្បីៗ។ បើទោះបីជាខណៈនេះលោកជាតារាសម្ដែងល្បីឈ្មោះមួយរូប លោកមិនប្រកាន់ខ្លួននោះទេ លោកបានចូលរួមរើសសំរាមនៅលូទឹកស្អុយបឹងត្របែកជាមួយក្រុមយុវជនស្ម័គ្រចិត្ត ដែលដឹកនាំដោយលោក សាន់ ដារ៉ាវីត។

ស្រេន វុធថា បានប្រាប់ឱ្យដឹងថា « ពេលនេះក្បូនធ្វើរួចខ្លះហើយតែនៅខ្វះអ្នកជួយនិងខ្វះសំភារៈមួយចំនួន បងប្អូនអាចចូលរួមជាមួយពួកខ្ញុំបាន យើងរួមគ្នាដើម្បីទីក្រុងរបស់យើង #ទីក្រុងស្អាតផ្ដើមពីយើងទាំងអស់គ្នា »។

គួររំឭកដែរថា តារាប្រុសរូបនេះមានស្រុកកំណើតនៅឧត្តរមានជ័យ លោកបានការងារសិល្បៈមមាញឹក ទើបតែជិត2ឆ្នាំនេះប៉ុណ្ណោះ ដោយបានសម្តែងជារឿងភាគ ថតស្ពត ថតសម្អាងការ និងរឿងដុំមួយចំនួន។ ការដើរមកដល់ចំណុ​ចនេះ វាពិបាកណាស់ តែមកពីចិត្តស្រឡាញ់ ទើបព្យាយាម​ឆ្លងកាត់បានដល់គោលដៅ។យ៉ាងណាក៏ដោយលោកនឹង​ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីសិល្បៈ ហើយលោកនឹងធ្វើបែបណាឲ្យ​ល្អជាងនេះ។ ជាពិសេសលោកក៏​សប្បាយចិត្តនូវអ្វី ដែលជាផ្លៃផ្កាទទួលបាន ព្រោះនេះជាទេពកោសល្យ។

សូមជម្រាបបន្ថែមថា ស្រេន វុធថា ក្រោយពីប្រឡងកម្មវិធីហ្វ្រេសស៊ី បានចំណាត់ថ្នាក់លេខ3 ក្នុងឆ្នាំ2011មក លោកបានរត់មកកាន់ពិភពសម្តែងយ៉ាងពេញទំហឹង ទោះគ្មានទំនាក់ទំនងជាមួយផលិតករណាកាលពីមុនក៏ដោយ។ ក្រោយសាកល្បងការងារមក ធ្វើឲ្យ​ផលិតករតាមផលិតកម្មនានាហៅរូបលោកទៅសម្តែង ហើយសរសើរថា លោក​មានទេពកោសល្យល្អ។ ចាប់តាំងពីនោះមក ស្រេន វុធថា កាក់កបនិងការងារសិល្បៈជាបន្តបន្ទាប់រហូតលេចធ្លោគួរឱ្យ​កត់សម្គាល់៕

Advertisement