គឹម លីហ្សា និងប្អូនស្រី ហ៊ានបោះទុនអស់ជាង10 ម៉ឺនដុល្លារ បន្ទាប់ពីលើកពានឆ្នើមនៅថៃ

ភ្ញាក់ផ្អើលមែនទែន ខណៈតារាចម្រៀងនិងសម្ដែង អ្នកនាង គឹម លីហ្សា និងប្អូនស្រីបង្កើត គឺ កញ្ញា អេនីយ៉ា ប្រកាសថា មុខជំនួញដែលបានបង្កើតរួមគ្នាកើនដល់ជាង10ម៉ឺនដុល្លារមកហើយ ខណៈដែលអ្នកចែកចាយក៏មានស្ទើរតែទូទាំងប្រទេស។ យ៉ាងណាមិញ នៅថ្ងៃរៀបចំពិធីជួបជុំតំណាងចែកចាយរបស់ក្រុមហ៊ុន ផលិតផលថែរក្សាសម្រស់ Anniya Cosmetics Trading Co.,Ltd របស់អ្នកនាង តារាស្រីរូបបានប្រាប់ឡារ៉ែនថា ការងារសិល្បៈគឺនៅតែមិនចោល តែសូមដកឃ្លាប្រលូករឿងរកស៊ីមួយរយៈសិន ព្រោះនៅពេលនេះកំពុងតែកាក់កបខ្លាំង។

អ្នកនាង គឹម លីហ្សា និយាយថា ដោយសារក្រុមហ៊ុន Anniya Cosmetics Trading Co.,Ltd បានក្លាយជាក្រុមហ៊ុនចូលផលិតផលម៉ាក Anniya និង Jesse នាំមុខធំមួយនៅកម្ពុជា ទើបអ្នកនាង និងប្អូនស្រីសម្រេចចិត្តធ្វើពិធីជួបជុំតំណាងចែកចាយ ដើម្បីប្រកាសឱ្យស្គាល់ផលិតផលអនឡាញរបស់ខ្លួនផង និងដើម្បីអបអរអ្នកនាង និងប្អូនស្រី ដែលទើបទទួលបានពានជាCEO ឆ្នើមផង។ អ្នកនាងថា ក្រុមហ៊ុននាងបានបើកដំណើការយូរមកហើយ ប៉ុន្តែក្រោយពេលអ្នកនាងចេញទៅរស់ប្រទេសអូស្ត្រាលី ក៏បានបន្ថែមការនាំចូលផលិតផលម៉ាក Jesse ថែមមួយប្រភេទទៀត ដើម្បីឱ្យមុខជំនួញនេះកាន់តែរីកធំជាងមុន។

តារាស្រីសាច់សខ្ចីដូចបណ្ដូលចេកនេះបានប្រាប់ទៀតថា មុខរបររបស់ខ្លួនដ្បិតថាជាមុខរបរអនឡាញ ប៉ុន្តែសម្រាប់ដើមទុនបានកើនដល់ជាង10 ម៉ឺនដុល្លារហើយ។ ក្នុងនោះ អ្នកនាង និងប្អូនស្រីក៏រកបានអ្នកចែកចាយផលិតផលស្ទើរតែគ្រប់បណ្ដាខេត្តក្រុង ដែលកាន់តែធ្វើអោយមុខជំនួញរបស់អ្នកនាងកាន់តែធំជាងមុន។ អ្នកនាងថាផលិតផលទាំង2ម៉ាក ជាការនាំចូលមកពីក្រៅប្រទេស ហើយក៍មានការធានាពីគុណភាពផងដែរ ទើបធ្វើឱ្យអ្នកនាងហ៑ានបោះទុនដល់ជាង10 ម៉ឺនដុល្លារ ធ្វើឱ្យមុខរបរនេះឈានឡើង។ អ្នកនាងក៏ប្រកាសថា នឹងមិនបោះបង់សិល្បៈនោះដែរ ប្រសិនបើមានការគាំទ្រ នៅពេលអ្នកនាងបង្ហាញខ្លួនមកកម្ពុជាម្ដងៗដូចគ្នានេះ។ អ្នកនាងថាខ្លួននៅឡើងចុះអូស្ត្រាលី ហើយបើអោយអ្នកនាងចុះមកនៅកម្ពុជាតែម្ដងចោលស្វាមី និងកូន គឺមិនទាន់នោះឡើយ៕

Advertisement