មកមើលមុខមាត់ពិតរបស់ខ្មោចសង្ហាក្នុងភាយន្ដល្បី « ឯណាខ្មោច ? »

អ្វីដែលប្រិយមិត្តទន្ទឹងរង់ចាំយូរនោះបានមកដល់ហើយ ភាពយន្ដល្បីប្រចាំឆ្នាំ 2019 ទាំងកំប្លែងសើចចុកពោះទប់កៅអីមិនជាប់ ទាំងស្រក់ទឹកភ្នែកកម្សត់អាណិតតួសម្ដែង ទាំងលស់ព្រឡឹងស្រែកកញ្ច្រៀវពេញរោងកុន គ្រប់រសជាតិមាននៅក្នុងរឿង « ឯណាខ្មោច ? » កំពុងចាក់បញ្ចាំងគ្រប់រោងភាយន្ដទំនើប។

ក្រៅពីរឿងល្អមើលហើយ អ្វីដែលកាន់តែធ្វើឱ្យប្រិយមិត្តពោលសរសើរមិនដាច់ពីមាត់នោះគឺ បច្ចេកនៃការតុបតែងមុខខ្មោច ដែលទៅដូចសាកសពស្អុយរលួយពិតៗណាស់។ តារាសម្ដែង ស៊ីថេត ពុទ្ធារិទ្ធិ ជាតួអង្គខ្មោចនៅក្នុងរឿងនេះ បានប្រាប់សារព័ត៌មានឡារ៉ែនថា នេះជារឿងដំបូងដែលលោកបានសម្ដែង ហើយសម្ដែងជាតួអង្គខ្មោចថែមទៀត។ លោកថា លោកពេញចិត្តចំពោះស្នាដៃរបស់អ្នកដឹកនាំរឿងគឺ លោក ចាន់ ណារ៉ូណាន់ តែម្ដង ព្រោះអ្នកដឹកនាំរូបនេះ មានបច្ចេកទេស និងទេពកោសល្យខ្ពស់។ លោកបន្ដថា លោកគ្មានការភិតភ័យអ្វីទាំងអស់ បើទោះបីជាសម្ដែងក្នុងវ័យ 19 ឆ្នាំ ហើយជាតួអង្គខ្មោចក៏ដោយ តែលោកជឿថា សិល្បៈនៃការសម្ដែងគឺមិនប្រកាន់អ្វីទាំងអស់ ពោលគឺ ខិតខំសម្ដែងឱ្យត្រូវតាមការចង់បានរបស់អ្នកដឹកនាំរឿង ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ ។

ជាការពិតណាស់ នេះជាស្នាដៃទី 7 ហើយដែលអ្នកដឹកនាំរឿង ចាន់ ណារ៉ូណាន់ បានសម្រិតសម្រាំងសាច់រឿង ប្លង់ថត និងតួសម្ដែង។ អ្វីដែលគួរឱ្យកត់សម្គាល់នៅពេលគឺ ចំនួនអ្នកទស្សនា និងអ្នកគាំទ្រកាន់កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់ នោះដោយសារតែផលិតកម្ម LD ជាអ្នកផលិត មានចំនួនអ្នកគាំទ្រច្រើនស្រាប់ បូកផ្សំជាមួយអ្នកគាំទ្រផលិតករភាពយន្ដវ័យក្មេងរូបនេះ បានធ្វើឱ្យអ្នកគាំទ្រកាន់តែមានសន្ទុះនិងស្រូបយកបន្ថែម ដែលធ្វើឱ្យភាពយន្ដនេះឡើងលំដាប់ខ្ពស់តែម្ដង។

ដើម្បីឱ្យកាន់តែជាក់ច្បាស់ កុំភ្លេចទៅមើលនៅរោងភាពយន្ដទាំងអស់គ្នាណា៎ តែខណៈឡារ៉ែនសូមបង្ហាញមុខមាត់ពិតរបស់តួខ្មោចសង្ហាខាងក្រោមនេះសិន៕

Advertisement