តារាសម្ដែង តេង វាសនា ដាក់មួយឃ្លាចាក់ដោត៖ « មិនដឹងថាគាត់ដឹង នេះជាធុងសំរាមអត់ទេ »

សម្រាកពីការសម្ដែងរឿងតាមកញ្ចក់ទូរទស្សន៍ គេកត់សម្គាល់ឃើញថា តារាសម្ដែង តេង វាសនា ងាកមកចាប់អារម្មណ៍ធ្វើរឿងជួយសង្គមជាច្រើនថ្ងៃច្រើនយប់មកហើយ តាមរយៈការសម្អាតសំរាមនៅតាមបណ្ដោយលូទឹកស្អុយបឹងត្របែក។ តារាប្រុសរូបនេះ ពិតជាធ្វើឱ្យមហាជនពោលសរសើរអំពីទឹកចិត្ត និងការលះបង់ខ្លាំងណាស់ ព្រោះថា មានតារាសិល្បៈមួយចំនួនទៀត ដែលបានចូលរួមសកម្មភាពកម្រនេះ តាមរយៈការអូសទាញពីលោក និងកូនចិត្តចង់ជួយរំលែកផងដែរ។

ក្ដីកង្វល់តែងតែមានដំណោះស្រាយ ទើបបានជាធ្វើឱ្យ តេង វាសនា កៀងករយុវវជនស្ម័គ្រចិត្តមកបំពេញកម្លាំងបន្ថែមទៀត ដើម្បីបង្កើនសកម្មភាពរើសសំរាមនេះ ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការបញ្ចូនសារដល់អ្នកដែលនិយមចោលសំរាមគ្មានសណ្ដាប់ធ្នាប់បែបនេះ។ តារាប្រុសរូបនេះ បានបង្ហោះសារបន្ថែមអំពីការទុកដាក់សំរាមដល់មហាជនថា « មិនដឹងថាគាត់ដឹង នេះជាធុងសំរាមអត់ទេ » ដែលសារនេះ បានសបញ្ជាក់ឱ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ នៅតែមានអ្នកយកសំរាមមកចោលដោយគ្មានរអាចិត្តអ្នកសម្អាតនោះឡើយ។

សូមជម្រាបថា កម្លាំងសមត្ថិកិច្ចក៏កំពុងឃ្លាំមើលសកម្មភាពអ្នកចោលសំរាមគ្មានរបៀបនៅលូទឹកស្អុយបឹងត្របែក ដើម្បីធ្វើការណែនាំ និងអនុវត្តន៍តាមនិតិវិធីច្បាប់ផងដែរ។ សូមរួមគ្នារក្សាសំរាមឱ្យបានស្អាត ដើម្បីអនាម័យទីក្រុងស្អាត គ្មានសំរាមរប៉ាត់រប៉ាយ៕

Advertisement