កម្ពុជាបើចង់អាចលក់រឿងក្នុងទីផ្សារអន្តរជាតិបាន លុះត្រាតែប្ដូរការផលិតទៅជារឿងបែប Action ជាជំនួសវិញ

បើតាមសម្ដីផលិតករភាពយន្ដខ្មែរចូលរួមទីផ្សារភាពយន្ដនៅហុងកុងបានឱ្យដឹងថា កម្ពុជាបើចង់អាចលក់រឿងបានក្នុងទីផ្សារអន្តរជាតិ គឺលុះត្រាតែប្ដូរការផលិតពីរឿងបែបកំប្លែង និងរឿងបែបខ្មោច ទៅជារឿងបែប Action ជាជំនួសវិញ ដោយអ្នកស្រីបង្ហើបថា ប្រទេសជិតខាងរបស់កម្ពុជា គេមានទិន្នន័យលក់រឿងបានតម្លៃខ្ពស់ៗ មិនធម្មតានោះទេ ព្រោះតែគេមានសមត្ថភាពផលិតរឿងតម្រូវតាមទីផ្សារអន្តរជាតិ។

បើទោះជាមានការអះអាង និងក្ដីរំពឹងពីសំណាក់ប្រធានថ្មីសមាគមភាពយន្តកម្ពុជា ក័តំណាងកម្ពុជាមួយរូបផ្សេងទៀត ដែលបានតំណាងកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍ Filmart ឬ មហោស្រពភាពយន្តអន្តរជាតិដូចគ្នា នៅតែបង្ហាញពីបញ្ហាមួយចំនួន ដែលនាំឱ្យភាពយន្តរបស់កម្ពុជា មិនទាន់អាចកន្ទ្រាក់ទីផ្សារលក់នៅលើឆាកអន្តរជាតិបាន។

អ្នកស្រី សរ កេសរា និងលោក រ៉េមី បានថ្លែងបញ្ជាក់ក្រោយចុះមកដល់កម្ពុជា កាលពីយប់ថ្ងៃទី21 មីនា ថា នៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញលក់ភាពយន្តដែលបានធ្វើឡើងនៅហុងកុង កម្ពុជាពិតជាទទួលបានការទាក់ទាញខ្លាំង ក្នុងការបង្ហាញឱ្យអន្តរជាតិបានឃើញថា កម្ពុជាពិតជាមានភាពយន្តល្អៗ និងមានធនធានអ្នកផលិត ដែលអាចចាប់ដៃជាមួយផលិតករបរទេស ដើម្បីអាចផលិតភាពយន្តមួយដ៏ល្អតាមការចង់បានរបស់ផលិតករបរទេសបាន ប៉ុន្តែអ្នកសទាំងពីរបានបញ្ជាក់ស្របគ្នាថា ធៀបនឹងប្រទេសទាំងអស់ ដែលបានយករឿង ទៅដាក់តាំងលក់នៅក្នុងព្រឹត្តិការណ៍នោះដូចគ្នា គឺកម្ពុជាអាចជាប់ជាប្រទេសមិនទាន់មានភាពយន្តណាមួយត្រូវបានផលិតករបរទេសទិញយកទៅផលិត ឬ ទិញយកទៅប្រើជាភាពយន្តផ្ដាច់មុខរបស់ប្រទេសណាមួយ ដូចគ្នានឹងប្រទេសផ្សេងៗ ដែលហោចណាស់ក៏គេលក់ភាពយន្តបានខ្លះនៅឡើយទេ សម្រាប់ឆ្នាំនេះ។

អ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្មកេសរាភាពយន្ត បានថ្លែងបញ្ជាក់ថា ភាពយន្តរបស់កម្ពុជា នៅមិនទាន់ត្រូវបានប្រទេសណាមួយសុំទិញតាមរយៈដែលវេទិកាដែលបានតាំងស្តង់នៅក្នុងទីក្រុងហុងកុងនោះទេ ប៉ុន្តែអ្នកស្រីកត់សម្គាល់ថា ផលិតករបរទេសច្រើនឡើងចាប់ផ្ដើមដឹងពីកម្ពុជា យល់ពីកម្ពុជា ថាយើងមានសមត្ថភាពអាចផលិតរឿងតាមការចង់បានរបស់គេបាន។ អ្នកស្រីថាព្រឹត្តិការណ៍Filmart ដែលទើបបញ្ចប់នៅក្នុងទឹកដីហុងកុងឆ្នាំនេះ កម្ពុជាអត់មានតម្រុយលក់រឿងដាច់ទេ ប៉ុន្តែផលិតករបរទេស អាចនឹងពិចារណាឱ្យភាពយន្តរបស់ខ្មែរ ទៅដាក់បញ្ចាំងក្នុងរោងទំនើបៗគេបាន ប្រសិនបើយើងចង់យករឿងណាមួយយកទៅបញ្ចាំងលក់សំបុត្រ ហើយស្នើតាមរយៈផលិតករទាំងនោះ។ អ្នកស្រីថា កម្ពុជាបើចង់អាចលក់រឿងបានក្នុងទីផ្សារអន្តរជាតិ គឺលុះត្រាតែប្ដូរការផលិតពីរឿងបែបកំប្លែង និងរឿងបែបខ្មោច ទៅជារឿងបែប Action ជាជំនួសវិញ ដោយអ្នកស្រីបង្ហើបថា ប្រទេសជិតខាងរបស់កម្ពុជា គេមានទិន្នន័យលក់រឿងបានតម្លៃខ្ពស់ៗ មិនធម្មតានោះទេ ព្រោះតែគេមានសមត្ថភាពផលិតរឿងតម្រូវតាមទីផ្សារអន្តរជាតិ។

អ្នកស្រីថា ព្រឹត្តិការណ៍Filmart នៅហុងកុង គឺជាការដាក់បង្ហាញលក់រឿងជាអន្តរជាតិ ដោយភាពយន្តណាដែលគេពេញចិត្ត គឺគេនឹងចចារទិញក្នុងតម្លៃមួយខ្ពស់ ដើម្បីយកទម្រង់រឿងទាំងមូលទៅផលិតតាមលំនាំទាំងស្រុង ឬទិញយកទៅធ្វើចរាចរដាក់បញ្ចាំងលក់នៅក្នុងប្រទេសរបស់គេតែម្ដង ដែលរឿងនីមួយៗគឺអ្នកផលិតអាចទារបានតម្លៃខ្ពស់ៗតាមការចចារ។ អ្នកស្រីថា ភាពយន្តកម្ពុជា គេអាចនឹងចាប់អារម្មណ៍ទិញ ប្រសិនប្ដូរការផលិតឱ្យត្រូវនឹងការចង់បានរបស់ទីផ្សារអន្តរជាតិ ដូចដែលអ្នកស្រីលើកឡើង។ យ៉ាងណាមិញ អ្នកស្រីសម្រាប់ជោគជ័យក្នុងព្រឹត្តិការណ៍ Filmart គឺជោគជ័យខ្លាំង ពោលគឺបានបង្ហាញអន្តរជាតិឱ្យមើលឃើញពីការរីកចំរើនរបស់កម្ពុជា ក្នុងវិស័យភាពយន្ត ហើយអ្វីដែលកម្ពុជានឹងទទួលបាន គឺផលិតករបរទេសពិតជាចុះមកផលិតភាពយន្តនៅកម្ពុជាកាន់តែច្រើនៗយ៉ាងពិតប្រាកដ។

លោក រ៉េមី អះអាងដែរថា ដ្បិតតែកម្ពុជាមិនរំពឹងពីការលក់រឿងបាននៅក្នុងឆ្នាំនេះ តែផ្លែផ្កាដែលក្រុមផលិតករសម្រេចបានគឺការទំនាក់ទំនង និងគោលដៅផលិតភាពពយន្តច្រើនឡើងពីសំណាក់បរទេសនៅកម្ពុជា។ លោកទទូចឱ្យបណ្ដាផលិតករដែលមានសកម្មភាពផលិតភាពយន្តចូលរួមតាំងស្តង់បង្ហាញរឿង នៅក្នុងព្រឹត្តិការណ៍បែបនេះឱ្យបានច្រើនៗ ដើម្បីអោយមានភាពអឹកអធឹក កុំឱ្យកម្ពុជាមានតែមួយស្ដង់ៗម៉ង់ៗដូចឆ្នាំនេះ៕

Advertisement