ស៊ូ​ ស៊ីរី​កា​ រាសីឡើងខ្ពស់​ ស្រូប​យក​អ្នកគាំទ្រ​នៅ​អាមេរិក​បាក់ទឹកបាក់ដី​ ឥឡូវ​ផ្ទុះ​បទ​ថ្មី​ៗត្រៀម​ចូលឆ្នាំ​ទៀត​

ថ្មីៗនេះ ស៊ូ​ ស៊ីរី​កា​ ទើបតែ​មានឱកាស​សម្ដែង​ជាលើកដំបូង​នៅ​លើទឹក​ដី​អាមេរិក​ប៉ុណ្ណោះ​ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​កញ្ឆក់​យក​បេះដូង​អ្នកគាំទ្រ​គួរ​ឱ្យ​សរសើរ​ បើ​ទោះបី​ការសម្ដែង​ទើបតែ​បញ្ចប់​។ ប្រភព​ពី​អ្នកគ្រប់គ្រង​កម្មវិធី​នៅ​សហរដ្ឋអាមេរិក​បាន​លើកឡើង​ថា​ តារា​ស្រី​នៅ​ផលិតកម្ម​ថោ​នរូ​បនេះ​ មានសន្ទុះ​ខ្លាំង​មិនធម្មតា​ឡើយ​ ព្រោះថា​ ទាំង​ខ្មែរ​នៅ​ទីនោះ​ ទាំង​បរទេស​ ទាំង​មន្ត្រី​ស្ថានទូត​ប្រចាំ​សហរដ្ឋអាមេរិក​ សម្រុក​ទិញ​សំបុត្រ​ទស្សនាការ​សម្ដែង​របស់​នាង​យ៉ាង​ភ្លូកទឹកភ្លូកដី​។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​គឺ​ ធ្លាយ​ដំណឹង​មក​ថា​ មាន​កន្លង់​រូប​សង្ហា​ កំពុងតែ​ចែចង់​រូប​នាង​ ហើយ​នាង​ក៏​កំពុង​ពិចារណា​ដែរ​។

ប្រភព​ដដែល​អះអាង​ថា​ ការ​បកស្រាយ​សម្ដែង​រាំច្រៀង​ត្រឹមតែ​ 6 Shows​ តែ​ហ្វេ​ននៅ​លើទឹក​ដី​អាមេរិក​ សុទ្ធតែ​លាន់មាត់​សរសើរ​ថា​ នាង​ជាតា​រា​ចម្រៀង​ខ្មែរ​ ដែល​អាចប​កស្រាយ​បាន​លន្លង់លន្លោច​ទាំង​បទ​មនោសញ្ចេតនា​ជា​ភាសាខ្មែរ​ និង​បរទេស​ ខណៈ​ដែល​បទចម្រៀង​ជា​ចង្វា​ក់​រាំ​ៗដែល​នាង​បកស្រាយ​ក៏​ពោរពេញ​ដោយ​ស្ទីល​ក្រ​ម៉ិ​ចក្រ​ម៉ើម​ ធ្វើ​ឱ្យ​អ្នកទស្សនា​ដោយ​ផ្ទាល់​ជាប់ចិត្ត​។ អ្នកគ្រប់គ្នា​ថា​ ស៊ូ​ ស៊ីរី​កា​ ពិតជា​មាន​ប្រជាប្រិយ​ភាព​នៅ​លើទឹក​ដី​ស៊ីវិល័យ​នោះ​មិនធម្មតា​មែន​ ដោយ​អ្នកធានា​យក​នាង​ឱ្យទៅ​ច្រៀង​នៅ​ទីនោះ​ញញឹម​បិទមាត់​មិន​ជិត​ និង​សរសើរ​ថា​នាង​គឺជា​តារា​ល្បី​មក​ពី​កម្ពុជា​តែម្នាក់​គត់​ ដែល​ចេះ​សម្រប​តាម​បរិ​យាស​ដោយ​តស៊ូ​ច្រៀង​បំពេញ​តាម​សំណូម​ពរ​អ្ម​កគាំទ្រ​ ដោយ​មិនកំណត់​ចំនួន​បទ​ និង​ម៉ោង​ពេល​ ធ្វើ​ឱ្យ​កម្មវិធី​ទាំងមូល​កាន់តែ​រស់រវើក​នោះ​ផង​។

សូមជម្រាប​ដែរ​ថា​ ស្រប​ពេល​ដែល​ទទួល​បានការ​ជោគជ័យ​សម្ដែង​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​ ខណៈនេះ​ បទចម្រៀង​ថ្មី​របស់​នាង​ “ម៉ា​ឌីហ្សុន​ឈូស​ស្បែកជើង​” របស់​នាង​ក៏​ត្រូវ​គេ​ចាក់​បន្លឺ​យ៉ាង​កងរំពង​មិន​អន់​ដែរ​ គ្រប់ទិសទី​កន្លែង​ តាម​ហាងទំនិញ​ ផ្សារ​ទំនើប​ និង​ក្នុង​វេទិកា​រាំ​លេង​ក្នុង​មង្គលការ​ ស្របគ្នា​ដែល​បទចម្រៀង​នេះ​ ក៏​មាន​អ្នក​ចូល​ស្ដាប់​ច្រើន​មិនធម្មតា​នៅ​លើ​បណ្ដាញ​យូ​ធូប​។ មិន​ត្រឹមតែ​កន្ត្រាក់​អ្នក​និយម​ទឹកដម​សំឡេង​របស់​នាង​ក្នុង​បទ​ “ម៉ា​ឌីហ្សុន​ឈូស​ស្បែកជើង​” នោះ​តែមួយ​បទ​ទេ​ សូម្បីតែ​បទ​ប្រភេទ​មរតក​ដើម​ ដូចជា​បទ​ “ចាស់ហើយ​លោក​ប្ដី​” ដែល​នាង​បកស្រាយ​រួមគ្នា​ ជាមួយ​លោក​ ម៉ៅ​ ហា​ជី​ ក៏​ត្រូវ​គេ​បន្លឺ​តាមវិទ្យុ​ និង​ទី​សាធារណៈ​ ដែល​ធ្វើ​ឱ្យ​តារា​ស្រី​រូប​នេះ​ ត្រូវ​គេ​កត់សម្គាល់​ថា​ ខ្លាំង​ក្នុង​ការក្រ​សោប​ការ​គាំទ្រ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុកក្នុង​រយៈពេល​នេះ​ផង​ដែរ​៕

Advertisement