តារា​សិល្បៈ​ធ្វើ​រឿង​សប្បុរសធម៌​ និង​ទប់ទឹក​ភ្នែក​មិន​ជាប់​ពេល​ជួប​ចែក​អំណោយ​កុមារ​បាត់បង់​សតិបញ្ញា​ និង​ ឳពុក​ម្ដាយ​បោះបង់ចោល​

តារា​សិល្បៈ​ម្នា​ក់ៗ​សុទ្ធ​តែ​សម្ដែ​អារម្មណ៍​ក្ដុកក្ដួល​ និង​អាណិត​ក្មេង​ដែល​នៅក្នុង​មណ្ឌល​ចិញ្ចឹម​កុមារ​បាត់បង់​សតិបញ្ញា​ និង​ ឳពុក​ម្ដាយ​បោះបង់ចោល​ធំជាង​គេ​ដែល​កំពុង​រង​ការ​ខ្វះខាត​ គឺ​មាន​ទីតាំងនៅ​ម្ដុំ​ផ្លូវ​ដួង​ងៀប២០០៤​ គឺ​បុរី​ទារក​ និង​កុមារ​ជាតិ​ ខណៈ​ដែលតា​រា​សិល្បៈ​មួយ​ក្រុម​នេះ​ បាន​ចូលរួម​ចែក​អំណោយ​ជាមួយ​អ្នកស្រី​ វណ្ណា​ ហៅ​អ្នកស្រី​ មី​ស៊ុប​កូនកាត់​ នៅ​ព្រឹក​ថ្ងៃទី​ 19​ មេសា​ នេះ​។ ក្មេង​ៗនៅ​ទីនោះ​ភាគច្រើន​ គឺ​ត្រូវ​បាន​ឳពុក​ម្ដាយ​ បោះបង់ចោល​ក្នុង​ពេទ្យ​ ហើយ​ត្រូវ​បាន​មណ្ឌល​ យក​មក​ចិញ្ចឹម​បីបាច់​ បើ​ទោះជា​មណ្ឌល​ ក៏​មិន​មាន​ជំនួយ​គ្រប់គ្រាន់​ ក្រៅពី​បាន​ថវិការ​រដ្ឋ​មួយ​ចំ​ណែ​កៗ​ រាល់​ឆ្នាំ​ តែ​មិន​គ្រប់​តាម​តម្រូវការ​។

អ្នកស្រី​គ្រ​ត លោក​ សាយ​ សៀ​រ៉ា​ នាយ​តាក់ស៊ី​ អ្នក​នាង​ភីម​ អ្នកនាង​មី​ស៊ុប​កូនកាត់​កោះ​ពេជ្រ​ និង​ក្រុមការងារ​មួយចំនួន​ទៀត​បាន​ចុះទៅ​ជួប​ និង​រួមគ្នា​ប្រគល់​អំណោយ​រួមមាន​ អង្ករ40បេ​ សៀង50 យួរ មីជាច្រើនកេស ទឹកត្រី​ទឹកស៊ីអ៊ីវ​ជាច្រើន​យួរ​ និង​ថវិកាជាង 1 លានរៀល ប្រគល់​ជូន​មណ្ឌល​។ ក្រៅពី​ចែក​អំណោយ​ហើយ​ តារា​សិល្បៈ​ម្នា​ក់ៗ​ ក៏បាន​ច្រៀងរាំ​ធ្វើ​ឲ្យ​ក្មេង​ៗទាំងនោះ​ សប្បាយ​រហូតដល់​ចប់​ ដោយ​តារា​ម្នា​ក់ៗ​និយាយ​ថា​ ខ្លួន​ពិតជា​ក្ដុកក្ដួល​ណាស់​ នៅពេល​ឃើញ​សភាព​ពិត​របស់​ក្មេង​ៗ ស្របគ្នា​ដែល​ម្ចាស់​មណ្ឌល​ ក៏​អះអាង​ថា​មណ្ឌល​នេះ​ មិនសូវ​មានការ​ផ្តល់​ជំនួយ​ពី​សប្បុរសជន​ខាងក្រៅ​ ដែល​អាច​បណ្ដាលមកពី​សប្បុរសជន​ភាគច្រើន​ មិនសូវ​ស្គាល់​ និង​មិនសូវ​ដឹងពី​ការ​លំបាក​របស់​មណ្ឌល​។

អ្នកស្រី​ វណ្ណា​ ហៅ​អ្នកស្រី​ មី​ស៊ុប​កូនកាត់​កោះ​ពេជ្រ​ បាន​អះអាង​ថា​ ថវិកា​ដែល​បាន​ទិញ​ជា​អង្ករ​ និង​គ្រឿង​ឩប​ភោគ​ បរិភោគ​ទាំងនេះ​ មិនមែន​ជា​ថវិកា​ របស់​អ្នកស្រី​ទាំងនោះ​ទេ​ ដោយ​ថវិការ​មួយចំនួន​ ក៏បាន​ពី​ក្រុម​តារា​សិល្ប​: ដែល​បាន​ចុះ​ចែក​អំណោយ​ តាម​រយ:ការ​បើក​វេ​ទិ​ការ​ច្រៀងរាំ​ នៅ​ហាង​មី​ស៊ុប​កូនកាត់​នៅ​កោះ​ពេជ្រ​ ដែល​ជា​ហាង​ប្រើប្រាស់​តែ​ឆ្នាំងដី​ របស់​បងប្អូន​អ្នក​ខេត្ត​កំពង់ឆ្នាំង​ ប្រមាណ​ជា​ជិត២០ថ្ងៃ​ តាំងពី​មុន​ថ្ងៃចូលឆ្នាំ​នោះ​ផង​ដែរ​។

យ៉ាងណាមិញ​អ្នកស្រី​ថា​ ថវិកា​ដែល​បាន​មក​មិន​ច្រើន​នោះ​ទេ​ ដោយ​ថវិកា​ភាគច្រើន​ គឺ​បាន​ពី​ការ​កាត់​ផល​ចំណេញ​ ក្នុង​ហាង​មី​ស៊ុប​កូនកាត់​នៅ​កោះ​ពេជ្រ​ និង​ហាង​សមុទ្រ​ខៀវ​ ដែល​អ្នកស្រី​បើក​អាជីវកម្ម​ប៉ុណ្ណោះ​។ អ្នកស្រី​ថា​ ការ​ប្រគល់​អំណោយ​ ជួយ​ដល់​បុរី​ទារក​ និង​កុមារ​ជាតិ​ ដែល​មាន​ជន​ពិបាក​បាត់បង់​សតិបញ្ញា​ប្រមាណ​ជិត១៥០នាក់​ រស់នៅ​នៅក្នុង​មណ្ឌល​នេះ​ គឺជា​លើក​ទី១​ ប៉ុន្តែ​សម្រាប់​សកម្មភាព​សប្បុរស​ធម៍​ផ្សេងទៀត​ ដូចជា​ជួយ​ដល់​គន្ធបុប្ផា​ និង​ជួយ​ដល់​មណ្ឌលកុមារ​កំព្រា​ផ្សេងទៀត​ គឺ​អ្នកស្រី​ និង​ក្រុម​តារា​សិល្ប:ខាងលើ​បាន​ធ្វើ​ច្រើន​លើក​មក​ហើយ​៕

Advertisement