តារាចម្រៀង​ វុទ្ធ​ សុ​គន្ធា​ ធ្លាយ​រឿង​ត្រូវ​គេ​បោក​លុយ​ស្រស់​ៗអស់800ដុល្លារ​

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​កគេ​មើលឃើញ​ថា​ ខុសពី​តារា​ភាគច្រើន​ ដែល​ក្រោយ​ចូលឆ្នាំ​បង្ហាញ​អារម្មណ៍​រីក​រា​សម្រាប់​តារាចម្រៀង​កញ្ញា​ វុទ្ធ​ សុ​គន្ធា​ ដែល​ទើបតែ​ធ្វើពិធី​ឡើង​គេហដ្ឋាន​ថ្មី​ បែរជា​ផ្ទុះ​រឿង​ក្ដៅក្រហាយ​យ៉ាង​រសើប​ ដោយ​ក្រៅពី​ត្រូវ​គេ​បោក​លុយ​ស្រស់​ៗអស់800ដុល្លារ​ កាលពី​ថ្ងៃទី17​ មេសា​ ក្ដៅ​ៗ បងស្រី​ធម៌ដែល​នាង​ស្រលាញ់​ស្ទើរ​លេប​ ក៏​ក្លាយជា​ជន​ដែល​ត្រូវ​យកឈ្មោះ​ទៅ​បោក​អ្នកដទៃ​យ៉ាង​គួរ​ឱ្យ​បារម្ភ​ផង​ដែរ​។

នាងថាខ្លួនទើបតែភ្ញាក់ច្រង៉ាងនៅពេលខលសួរបងស្រីហើយត្រូវបងស្រីឈ្មោះ លាង ហ៊ុយ ដែលត្រូវគេយករូបមកធ្វើគណនីហ្វេសប៊ុកឈ្មោះគន្ធាដើម្បីបន្លំ ប្រកែកថាមិនមានគណនីនោះទេ និងថាក្រៅពីបោករូបនាងអស់800ដុល្លារហើយ អ្នកផ្សេងក៏ត្រូវអ្នកបន្លំដោយយករូបបងស្រីធ៌របស់នាងនេះ ទៅបោកលុយគេបែបនេះដូចគ្នាផងដែរ។

មូលហេតុដែលនាំឱ្យមានរឿងចាញ់បោកប្រាក់800ដុល្លារនៅមួយថ្ងៃក្រោយចូលឆ្នាំនេះ កញ្ញា វុទ្ធ សុគន្ធា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងឡើងកូដក្នុងក្រុមលោកយ៉ែម សំអូន ក្រុមលោកអេឡិច ចាន់ត្រា និងក្រុមលោកជេកស៍ម្ចាស់បទ”សេដ្ឋីស្រុកស្រែ”បញ្ជាក់ថា គឺនាងបានឃើញគណនីហ្វេសប៊ុកដាក់រូបបងស្រីធម៌របស់នាងហើយដាក់ឈ្មោះ គន្ធាលក់ទូរស័ព្ទ និងបង់រំលោះ ដោយនឹកស្មានថាបងស្រីធម៌របស់នាងបង្កើតគណនីហ្វេសប៊ុកថ្មីផ្សេងទៀតAdd មក ហើយនាងក៍Comfirm យកមិននឹកថាគេយករូបបងស្រីធម៍របស់នាងបន្លំឡើយ។

កញ្ញារៀបរាប់ទៀតថា ម្ចាស់គណនីថ្មីនេះរមែងឆាតសួរសុខទុក្ខចុះឡើងៗ ប្រៀបដូចជាបងស្រីធម៌របស់នាងកន្លងមកអុឺចឹង ហើយដោយសារតែនាងអត់គិតស្មានថា មានមនុស្សយករូបបងស្រីធម៍របស់នាងមកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយបែបនឹងផង ទើបនាងចេះតែឆ្លងឆ្លើយជាមួយ ហើយក៏សួរនាំពីមុខរបរលក់ទូរស័ព្ទនៅខេត្តក្រចេះចុះឡើងៗ ហើយម្ចាស់គណនីក្លែងក្លាយនោះក៍ឆាតចាក់បណ្ដោយប្រៀបដូចជាបងស្រីធម៌នាងមែនទែន។ នាងបន្ដថា នៅថ្ងៃទី17 មេសា ម្ចាស់ហ្វេសប៊ុកក្លែងក្លាយ ដែលយករូបបងស្រីធម៌របស់នាងមកធ្វើជា Profile នោះ បានឆាតខ្ចីលុយនាង800ដុល្លារ ហើយដោយសារតែនាង និងបងស្រីធម៌ក៏ធ្លាប់មានទៅវិញទៅមកនាងកន្លងមកផង ក៏ផ្ញើឱ្យភ្លាម ដោយមិនទាំងចាប់អារម្មណ៍ថា លេខដែលម្ចាស់ហ្វេសប៊ុកនោះតម្រូវឱ្យផ្ញើលុយទៅ គឺជាលេខមិនដែលស្គាល់ផង។ នាងថាស្រឡាំងកាំងយ៉ាងខ្លាំងនៅពេលគ្រាន់តែផ្ញើលុយឱ្យហើយ លេខដែលផ្ញើលុយនោះក៏ខលលេងចូល ហើយហ្វេសប៊ុកដែលដែលបានបន្លំធ្វើជាបងស្រីធម៌នាងនោះ ក៏ប្លក់ហ្វេសប៊ុកនាងចោលរកមើលមិនឃើញ។

តារាចម្រៀងស្រីវ័យក្មេងរូបនេះបានអះអាងថា នៅក្នុងពេលនេះម្ចាស់ហ្វេសប៊ុកក្លែងក្លាយមិនត្រឹមតែយករូបរបស់បងស្រីធម៌ខ្លួន ដើរបោកលុយនាងប៉ុណ្ណោះទេ ប៉ុន្តែក៏បោកអ្នកផ្សេងផងដែរ ខណៈដែលបងស្រីធម៌របស់នាងមិនដឹងរឿងទាំងនោះសោះ។ នាងទទូចឱ្យបងប្អូនអ្នកលេងហ្វេសប៑ុកប្រយ័ត្នប្រយែងលើករណីនេះ និងសូមប្រកាសថា បើឃើញអាក់ខោនឈ្មោះគន្ធាលក់ទូរស័ព្ទឬគណនីហ្វេសប៊ុកផ្សេងទៀត ដែលយករូបបងស្រីធម៌របស់នាងមកបន្លំខ្ចីលុយ សូមកុំជឿឱ្យសោះ។ នាងសង្ស័យថា អ្នកបោកលុយនាង ទំនងជាស្គាល់ទំនាក់ទំនងនិងដឹងរឿងរបស់បងស្រីធម៌របស់នាងដែលជាលក់ទូរស័ព្ទនៅខេត្តក្រចេះនោះច្បាស់ទើបរាល់ពេលឆាតមកគឺនិយាយត្រូវដងត្រូវផ្លែគ្នា ដែលហាក់ដូចជាសាមីខ្លួនមែនទែនឆាតលេងជាមួយនាង។ យ៉ាងណាមិញនាង និងបងស្រីធម៌ដែលជាម្ចាស់រូបឈ្មោះ លាងហ៑ុយ នៅក្រចេះ នៅមិនទាន់មានវិធានការចង់ដាក់បណ្ដឹងដើម្បីវែកមុខអ្នកបោកលុយ និងបន្លំធ្វើជាបងស្រីរបស់នាងដើម្បីបោកគេនោះទេដោយគ្រាន់តែប្រកាសជូនដំណឹងជាសាធារណៈជាមុនថា បើមានអាក់ខោនមួយនេះឆាតខ្ចីលុយគឺជាអាក់ខោនក្លែងក្លាយ និងស្នើឱ្យទូរស័ព្ទសួរសាមីខ្លួនសិនមុននឹងសម្រេចផ្ញើលុយឱ្យ កុំឱ្យចាញ់បោកអស់លុយកាក់ដូចគ្នា៕


Advertisement