ប្អូនស្រីនាយ តាក់ស៊ី ម្ចាស់ហាងមីស៊ុបកូនកាត់ព្រមទទួលផ្គត់ផ្គង់ភរិយានិងកូនប្រុសវ័យ 13 ឆ្នាំ

តារាកំប្លែង នាយតាក់ស៊ី បានប្រកាសជាចំហរថាខ្លួនអស់និស្ស័យនឹងមនុស្សលោកហើយ ដោយនឹងសម្រេចចិត្តបួសអស់មួយជីវិត បើទោះជាប្រពន្ធ និងកូនប្រុសវ័យ13ឆ្នាំ លោកទទូចឱ្យផ្លាស់ប្ដូរជំហរនោះ។ លោកបានថ្លែងបែបនេះ ក្នុងវេទិការសន្និសីទសារព័ត៌មាន នៅក្នុងហាងមីស៊ុបកូនកាត់ស្ថិតនៅក្បែរចេញពីកោះពេជ្រនៅថ្ងៃម្សិលមិញទី 23 ខែមេសា ឆ្នាំ 2019 នេះ ។

នាយតាក់ស៊ី បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា មូលហេតុដែលលោកទៅបួស ហើយសម្រេចចិត្តបោះបង់ប្រពន្ធកូន គឺដោយសារតែលោកចង់ថ្វាយជីវិតនៅក្នុងផ្លូវព្រះពុទ្ធសាសនា ហើយណាមួយជំងឺប្រចាំកាយរបស់លោក ក៏កាន់តែធ្វើទុក្ខខ្លាំងឡើងថែមទៀត។ ដោយលោកនិយាយថា អ្វីៗវាហាក់ដូចជាការអស់កិលេស អស់និស្ស័យ ហើយនឹងបួសមិនសឹកវិញទេ។ លោកបើកផ្លូវឱ្យភរិយាចង់យកស្វាមីថ្មីក៍បាន ឬចង់ឡើងចុះមើលលោកម្ដងម្កាលក៏បាន ហើយអ្វីដែលជំរុញចិត្តលោកឱ្យស្ងប់នៅក្នុងការបួសនៅក្នុងពេលនេះ គឺដោយសារតែប្អូនធម៌ ជាម្ចាស់ហាងមីស៊ុបកូនកាត់ធានាជួយមើលខុសត្រូវប្រពន្ធកូន។

ជាមួយនឹងជំហររបស់ប្ដី អ្នកនាងភីមបានថ្លែងប្រាប់ឡារ៉ែនបន្ថែមថា រឿងសំខាន់នៅពេលនេះ អ្នកនាងមិនមានបំណងយកប្ដីមួយទៀត តាមការចង់បានរបស់នាយតាក់ស៊ីនោះទេ ដោយនាងព្រួយបារម្ភពីបញ្ហាសុខភាពប្ដីយ៉ាងខ្លាំង នឹងតស៊ូចិញ្ចឹមកូន ព្រោះកន្លងមកអ្នកទាំងបានហែលឆ្លងការលំបាកលំបិនអស់រយៈពេល 10ឆ្នាំជាងមកហើយ កាត់ព្យុះភ្លៀងរួមគ្នាទម្រាំមានជីវភាពធូរធាដូចសព្វថ្ងៃនេះ។ បើទោះបីជានាយតាក់ស៊ីទៅបួសមែនពិត បន្ទុកនៃការចិញ្ចឹមកូនប្រុសវ័យ 13 ឆ្នាំ ក៏ស្ថិតក្រោមការជ្រោមជ្រែងរបស់អ្នកស្រីមីស៊ុបកូនកាត់កោះពេជ្ររហូតដល់ចប់ផងដែរ។

អ្នកស្រី គង់ វណ្ណា ម្ចាស់ហាងមីស៊ុបកូនកាត់កោះពេជ្រ និងហាងប៊ុបហ្វេសមុទ្របៃតងកោះពេជ្រ ក៏បានប្រាប់ដូចគ្នាដែរថា ដោយសារតែនាយតាក់ស៊ីសម្រេចចិត្តទៅបួសដោយឃាត់លេងជាប់ទៅហើយ ដូច្នេះក្នុងនាមអ្នកស្រីដែលធ្លាប់រាប់អាន និងស្រលាញ់ គ្រួសារនាយតាក់ស៊ី និងភរិយា មិនខុសពីសាច់ញាតិម្នាក់ គឺមានតែជួយបំពេញបំណងប៉ុណ្ណោះ ដោយអ្នកស្រីសម្រេចចិត្តទិញគ្រឿងឧបភោគបរិភោគទុកឱ្យនាយតាក់ស៊ីទៅបួស និងធានាផ្គត់ផ្គង់សម្រួលជីវភាពរបស់អ្នកនាងភីម ប្រសិនបើសិល្បៈដើរលេងទៅ ដើម្បីឱ្យកូនប្រុសតែមួយរបស់នាយតាក់ស៊ីបានសិក្សាចប់ចុងចប់ដើម។ អ្នកស្រីថាខ្លួននឹងបង្រៀនអ្នកនាងភីមឱ្យចេះរកស៊ី ឬ មកធ្វើការប្រចាំហាងឱ្យខ្លួន ដោយអ្នកស្រីធានាមិនឱ្យអ្នកនាងភីមពិបាកជីវភាពក្រោយពេលស្វាមី បួសជាព្រះសង្ឃ ហើយឈប់រវល់នឹងការផ្គត់ផ្គង់ប្រពន្ធនោះឡើយ។ អ្នកស្រីមានគម្រោងបើកហាងមីស៊ុបកូនកាត់ និងហាងប៊ុបហ្វេសមុទ្របៃតង ហើយឱ្យអ្នកនាងភីមមើលការខុសត្រូវប៉ុន្តែបើអ្នកនាងភីមចង់តែរឿងសិល្បៈ ដោយមិនចង់រកស៊ី នោះអ្នកស្រីនឹងជួយផ្គត់ផ្គង់តម្រូវការមិនឱ្យនាយតាក់ស៊ីពិបាកខ្វល់ដែរ៕

Advertisement