ប៉ុស្តិ៍លេខ៥ក្រុងពាលីរឿងថ្មី ​«​បុប្ផាស្រុកស្រែ​»​ ត្រៀមប្រម៉ូដសម្រស់ទេសភាពខេត្តកំពង់ចាម

May 17, 2019​ ម៉ោង 12:09 pm

​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​បាន​លើកស្ទួយ​វិស័យ​ភាពយន្ដ​ភាគ​ខ្មែរ​តាមរយៈ​រឿង​ថ្មី​មួយទៀត​ហើយដែល​មាន​ចំណងជើង​ថា​ ​«​បុប្ផាស្រុកស្រែ​»​ ​ជា​រឿង​ដែល​ផ្ដល់​នូវ​តម្លៃ​អប់​ជីវិត​ក្នុង​សង្គម​ ​ហើយ​លាយ​លំការតស៊ូរបស់ស្ត្រី ​មនោសញ្ចេតនា​ស្នេហាស្រក់​ទឹកភ្នែក​ ​កសាង​អំពើល្អ​ជាបុណ្យ​កុសល​ហុចដល់​ជីវិតប្រចាំថ្ងៃ​។​ ​រឿង​ភាគ​ទូ​រស​ទស្សន៍​មួយ​នេះ​ ​បាន​រៀបចំ​ក្រុងពាលី​នា​ព្រឹក​ថ្ងៃទី17​ ឧសភា 2019នេះ​ ​រួមមានលោក លាង ឈែ សម្ដែងជា សាវ័ន្ដ និងកញ្ញា ជា ស្រីរ័ត្ន សម្ដែងតួឯកស្រី ឈូក រ័ត្ន។

ដើម្បី​តបស្នង​ចំពោះ​ការងារ​ល្អ​ ​និង​លើក​តម្លៃ​ដល់​តារា​ខ្មែរយើង​ ​ប៉ុស្តិ៍​លេខ៥​ ​បាន​ព្យាយាម​បង្កើតរឿង​ភាគ​ជាច្រើន​រឿង​ហើយ​ ​ក្នុង​គោលបំណង​ឱ្យ​ទីផ្សារ​តារា​សិល្បៈ​ខ្មែរ​ ​កាន់តែ​រីកធំឡើង​ ​និង​បាន​ឱកាស​រក​ប្រាក់កម្រៃ​កសាង​សង្គម​គ្រួសារ​ជាប្រចាំ​បន្ត​ទៀត​ ​។​ ​មិន​ត្រឹមតែ​ ​កសាង​ឈ្មោះ​ឱ្យ​ប្រជាជន​កម្ពុជា​តាម​បណ្តា​ខេត្ត​/​ក្រុង​ជាច្រើន​គាំទ្រ​តារា​សិល្បៈ​ខ្មែរ​នោះ​ទេ​ ​តាម​គោលបំណង​របស់​ប៉ុស្តិ៍​លេខ៥​ ​គឺ​ចង់​លើកស្ទួយ​ពី​វិស័យ​ភាពយន្ត​ខ្មែរ​ ​និង​ពង្រឹង​ឱកាស​តារា​កម្ពុជា​បាន​សាង​កេរ្តិ៍ឈ្មោះ​បង្ហាញ​ពី​ទេពកោសល្យ​ស្នាដៃ​ ​និង​បោះ​ជំ​ហ៊ាន​ចូល​ទីផ្សារ​បរទេស​តាមរយៈ​ការ​ជួយ​បើកផ្លូវ​នៃ​កិច្ចការ​សម្តែង​។​

លោក ស៊ិន សុផាត អគ្គនាយករងទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងក្នុងវេទិកាក្រុងពាលីនោះថា នៅប៉ុស្តិ៍លេខ៥ មានក្រុមផលិតភាពយន្តខ្មែរ ដោយឡែកពីគ្នា មិនតិចក្រុមនោះទេ ដើម្បីឱ្យមានភាពយន្តល្អៗកើតចេញពីស្នាដៃផលិតករផ្សេង ដាក់ផ្សាយនៅប៉ុស្តិ៍លេខ៥សម្រាប់ម៉ោងមាស។ ប៉ុន្តែក្នុងចំណោមក្រុមទាំងនោះ ក្រុមផលិតដោយផ្ទាល់របស់ប៉ុស្តិ៍លេខ ដែលមានការសហការជាមួយផលិតករថៃ គឺជាក្រុមដែលមានសកម្មភាពចេញថតរឿងច្រើនជាង ដោយក្នុងនោះក៏មានភាពយន្តមិនតិចរឿងនោះដែរ ដែលបានថតហើយ និងចាក់ផ្សាយហើយ ទទួលបានការគាំទ្រ។ មកទល់ពេលនេះ ក្រុមផលិតដែលមានផលិតករថៃចូលរួម ផលិតស្នាដៃបាន18រឿងហើយ ដោយភាពយន្តរឿង«បុប្ផាស្រុកស្រែ» ដែលបានក្រុងពាលីកាលពីព្រឹកថ្ងៃទី17 ឧសភា គឺជាភាពយន្តទី19។ ស្នាដៃមួយនេះ លោកថា នឹងគ្រោងចំណាយពេលពី3ទៅ3ខែកន្លះ ដោយទីតាំងសំខាន់ៗគឺ ជាយរាជធានីភ្នំពេញ និង នៅខេត្តកំពង់ចាម។ ក្នុងនោះ សួនផ្កាឈូករ័ត្ន នៅជិតស្ពានគីសូណា ខេត្តកំពុងចាមក៏ត្រូវបានយកមកប្រូម៉ូដក្នុងភាពយន្តនេះទាំងស្រុង។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីសម្ពោធរឿង«បុប្ផាស្រុកស្រែ» ក្រៅពីវត្តមានថ្នាក់ដឹកនាំតំណាងឱ្យប៉ុស្តិ៍លេខ៥ និងតំណាងផលិតករថៃ ក៏មានវត្តមានតារាៗមួយចំនួនចូលរួមផងដែរ ដូចជា អ្នកនាង ស្វែង សុជាតា លោក ជា លាង ឈែ កញ្ញា ផាណាម៉ុច អ្នកស្រី ញឹម សុខា អ្នកស្រី ផល្លា លោក អ៊ឹង សុធារិទ្ធិ និងតារាចាស់ក្មេងជាច្រើនរូបទៀត៕