លោក ពុទ្ធិស័ក្ត កាន់តែឡើងកូដមានទីផ្សាសម្ដែងខ្លាំងជាងចម្រៀង

តារាចម្រៀងវ័យក្មេង ពុទ្ធិស័ក្ដ បានចូលប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ តែលោកបានអះអាងថា អាជីពជាតារាចម្រៀងរបស់លោក មិនបានជោគជ័យ និងមានអ្នកស្គាល់លោកច្រើនោះទេ។ ដោយសារតែមានរូបរាងសង្ហា និងឆ្លងកាត់ការប្រលងកម្មវិធីបុរសឯកនៅប្រទេសហ្វីលីពីន បានចំណាត់ថ្នាក់លេខ ៣ បច្ចុប្បន្នតារាប្រុសមួយដួងនេះ បានបោះជំហ៊ានយ៉ាងរឹងមាំនៅក្នុងវ័ស័យនៃការសម្ដែង និងបង្ហាញម៉ូដវិញម្ដង។ លោក ពុទ្ធិស័ក បានប្រាប់ឡារ៉ែនថា លោកបានហាក់បីដូចជាមានទីផ្សារខ្លាំងក្នុងការសម្ដែងភាពយន្ដ រហូតដល់ថ្នាក់គ្មានពេលសម្រាប់ទទួលកម្មច្រៀងដូចពីមុនទៀតហើយ។

នៅថ្ងៃខួបកំណើតទី 21 ខែឧសភា ឆ្នាំ 2019 យប់មិញនេះ លោក ពុទ្ធិស័ក្ត និយាយថា ដោយសារតែលោកកាន់តែស្គាល់មិត្តភ័ក្ត្រនៅក្នុងសិល្បៈ ទើបលោកសម្រេចចិត្តធ្វើខួបគម្រប់23ឆ្នាំនៅវីហ្វ្រេនបឹងត្របែក ដោយពិធីខួបនៅក្នុងថ្ងៃនោះលោកក៏សប្បាយចិត្តណាស់ដែរ ដែលមានផលិតករ និងតារាសិល្បៈច្រើននាក់ចូលរួម។ ក្នុងនោះ តារាសិល្បៈច្រើននាក់ ក៍នៅកំដរពិធីរបស់លោករហូតដល់ចប់គួរឱ្យសរសើរផងដែរ។

ពាក់ព័ន្ធនឹងដំណើរការសិល្បៈ លោក ពុទ្ធិស័ក្ត រៀបរាប់ថា ពីដំបូងឡើងលោកគ្រាន់តែជាតារាចម្រៀងប្រចាំហាងមួយប៉ុណ្ណោះ ប៉ុន្តែដោយសារតែខាងផលិតករយល់ថាលោកមានរូបរាងសង្ហា ទើបហៅថតកុន ហើយដោយមានការជ្រោមជ្រែងពីបណ្ដាផលិតករមួយចំនួនផង ទើបលោកបានសម្ដែងតាំងពីតួរាយរង រហូតដល់តួឯក នាពេលចុងក្រោយ។ មកទល់ពេលនេះ លោកត្រូវបានផលិតករទាក់ទងអោយថតភាពយន្តកាន់តែច្រើន ដោយ4រឿងត្រូវបានថតរួចរាល់ហើយ ហើយ2រឿងទៀតនឹងថតក្នុងពេលខាងមុខ។ យ៉ាងណាមិញលោកថា មិនចោលអាជីពចម្រៀងនោះទេ គឺក្នុងពេលណាដែលលោកទំនេរ គឺលោកនឹងផលិតបទផ្ទាល់ខ្លួន ដើម្បីរំលឹកអាជីពចាស់របស់ខ្លួនជាថ្មី៕

Advertisement