កញ្ញា​ ​មាស​ ​អា​លីស​ ​សម្រេចជោគជ័យ​ចេញទៅ​ច្រៀង​នៅ​អាមេរិក​រយៈពេល​យូរ​

​នៅ​ព្រឹក​ថ្ងៃទី2​ ​ខែមិថុនា​ ​តារាចម្រៀង​ ​កញ្ញា​ ​មាស​ ​អា​លីស​ ​បាន​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​ ​ដើម្បី​ទៅ​ជួប​តារាចម្រៀង៣ដួង​ ​គឺ​លោក​ ​ម៉េ​ង​ ​ម៉េ​ង​ ​ប៊ុ​ន​ឡូ​ ​លោក​ ​ម៉េ​ង​ ​ប៊ុ​នល​ ​និង​ ​លោក​ ​យក់​ ​ដួងតារា​ ​ដែល​រង់ចាំ​នៅ​ ​សហរដ្ឋអាមេរិក​។​ ​នាង​ ​និង​តារា​ទាំង៣​ ​នឹង​បើក​ការ​ប្រគំតន្ត្រី​រួមគ្នា​ ​ខណៈ​ដែល​នាង​ប្រាប់​ថា​ ​ដំណើរ​ទៅ​ឆ្ងាយ​ពី​ម្ដាយ​រហូតដល់​ជាង​កន្លះ​ឆ្នាំនេះ​ ​គឺ​ពិតជា​ធ្វើ​ឱ្យ​នាង​នឹក​ម្ដាយ​ ​ប៉ុន្តែ​ត្រូវតែ​កាត់ចិត្ត​ ​ដើម្បី​ការងារ​ ​និង​កេរ្តិ៍ឈ្មោះ​។​

​ថ្វី​ដ្បិតតែ​ប្រឡូក​អាជីព​ចម្រៀង​មិនយូរ​ ​ប៉ុន្តែ​តារា​ស្រី​រូប​នេះ​ទើប​ប្រឡូក​ក្នុង​អាជីព​ជាពិធី​ការិនី​ហើយ​ក្លាយជា​តារាចម្រៀង​ក៏បាន​ទទួលជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​យ៉ាង​ខ្លាំង​ ​ដោយ​ក្រៅពី​មានមុខ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​មិនសូវ​លោះ​ពេល​ ​នាង​ក៏បាន​ច្រៀង​ប្រចាំ​ក្នុង​ហាង​ធំ​មួយ​យ៉ាង​កា​លីប​ផង​ដែរ​ ​ដោយសារតែ​ទឹកដម​សម្លេង​របស់​នាង​ស្រដៀងគ្នា​ ​អ្នកចម្រៀង​ ​អ្នកនាង​ ​ហួយ​ ​មាស​។​ ​នាង​ក៏​ទើបតែ​ត្រូវ​បាន​ស្ថានទូត​អាមេរិក​ ​ផ្ដល់​សិទ្ធិ​ឲ្យ​ចេញទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​ជាលើកដំបូង​នេះ​ផង​ដែរ​ ​ខណ:ដែល​នាង​ប្រកាស​ថា​ ​សុខចិត្ត​ទម្លាក់​ចោលការ​ងារ​ក្នុង​ស្រុក​ទាំងអស់​ ​គ្រាន់តែ​បាន​ដំណឹង​ជាប់​ទៅ​ច្រៀង​។​

​កញ្ញា​ ​មាស​ ​អា​លីស​ ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ ​នាង​ប្រឡូក​ក្នុង​អាជីព​ចម្រៀង​ ​ច្រើន​ឆ្នាំ​មក​ហើយ​ ​ហើយក៏​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​និយាយ​វិទ្យុ​មិន​តិច​ឆ្នាំ​ដូចគ្នា​ផង​ដែរ​ ​ប៉ុន្តែ​នាង​មិនដែល​មានសំណាង​ត្រូវ​បាន​ស្ពុនស័រ​ទាក់ទង​អោយ​ចេញ​ច្រៀង​ក្រៅប្រទេស​ទាល់តែសោះ​។​ ​នាង​ថា​ខ្លួន​មានបំណង​ចង់​ចេញ​ច្រៀង​ក្រៅប្រទេស​ជាយូរមកហើយ​ ​ប៉ុន្តែ​មិនដែល​មានឱកាស​សោះ​ ​ទើប​នាង​រំភើប​ចង់​ហូរទឹកភ្នែក​ ​នៅពេល​បាន​ជាប់​ទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​ ​ហើយ​ជាប់​ដល់​រយៈពេល7ខែ​ ​ដែល​ជា​រយៈពេល​យូរ​មួយ​សម្រាប់​សិល្បករ​ស្រករក្រោយ​ដូច​នាង​។​ ​នាង​ថា​ខ្លួន​នឹង​ឡើង​ទៅ​សម្ដែង​ ​ជាមួយ​លោក​ ​ម៉េ​ង​ ​ប៊ុ​ន​ឡូ​ ​លោក​ ​ម៉េ​ង​ ​ប៊ុ​ន​លី​ ​និង​លោក​ ​យក់​ ​ដួងតារា​ ​ដោយ​ក្នុងរយៈពេល7ខែ​នៅ​លើទឹក​ដី​អាមេរិក​នោះ​ ​នឹង​មានការ​សម្ដែង​រៀងរាល់​ចុង​សប្ដាហ៍​ ​ហើយ​សម្ដែង​ច្រើន​រដ្ឋ​។​ ​យ៉ាងណាមិញ​នាង​ថា​ ​នឹង​មិន​បន្ត​កុងត្រា​លើស​ពី7ខែ​នោះ​ទេ​ ​ដើម្បី​កុំឱ្យ​បាត់បង់​ទីផ្សារ​ក្នុង​ស្រុក​ ​គឺ​នាង​នឹង​ទទួល​តែ​រយៈពេល7ខែ​ ​ដែល​បាន​កុងត្រា​ ​ជាមួយ​ខាង​អ្នកធានា​ទៅ​ប៉ុណ្ណោះ​។​

​សូមជម្រាប​ថា​ ​ក្នុង​ឱកាស​ជូនដំណើរ​កូនស្រី​ឡើង​យន្តហោះ​នោះ​ ​គេ​ឃើញ​ ​ម្ដាយ​របស់​ ​មាស​ ​អា​លីស​ ​អរ​ផង​ ​ទឹកភ្នែក​រលីងរលោង​ផង​ ​ដោយសារតែ​អ្នក​ទាំងពីរ​មិនធ្លាប់​បែកគ្នា​រយៈពេល​យូរ​បែបនេះ​។​ ​អ្នកស្រី​ ​ពេជ្រ​ ​ច័ន្ទ​សុខា​ ​ម្ដាយ​របស់​នាង​និយាយ​ថា​ ​មាស​ ​អា​លីស​ ​ជា​កូនស្រី​តែម្នាក់​ ​ក្នុងចំណោម​បងប្អូន3នាក់​។​ ​អ្នកស្រី​ ​រស់នៅ​ជាមួយ​កូន​ ​មិនដែល​បែកគ្នា​ក្នុងរយៈពេល​យូរ​បែប​នឹង​នោះ​ទេ​ ​ប៉ុន្តែ​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​របស់​កូនស្រី​ ​ចង់​សាង​កេរ្តិ៍ឈ្មោះ​នៅ​សហរដ្ឋអាមេរិក​ ​អ្នកស្រី​មានតែ​បង្ហាញ​ការ​ត្រេកអរ​ ​និង​ជូនពរ​ឱ្យ​កូនស្រី​ជួប​តែ​សុខសប្បាយ​ ​និង​ជោគជ័យ​៕

Advertisement