តារា​សម្ដែង​ភេទ​ទី៣​ ​កញ្ញា​ ​អ៊ុ​ក​ ​ដា​រ៉េ​ត​ ​បាន​ទទួល​ថវិកា​ពី​សប្បុរសជន​ហើយ​ ​និង​ទទូច​សុំ​ឱកាស​ការងារ​បន្ថែម​ពីសំណាក់​ផលិតករ​

June 13, 2019​ ម៉ោង 9:10 am

​នៅ​ល្ងាច​ថ្ងៃទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​បាន​យក​ថវិកា​ជាង១ពាន់​ដុល្លារ​អាមេរិក​ដែល​ប្រមូល​បាន​ពី​មហាជន​ទាំង​ក្នុង​ ​និង​ក្រៅ​សិល្បៈ​ទៅ​ជូន​រា​សម្ដែង​ ​អ៊ុ​ក​ ​ដា​រ៉េ​ត​ ​ដើម្បី​ព្យាបាល​ជំងឺមហារីក​របស់​ម្ដាយ​កំពុង​ស្នាក់នៅ​ក្នុង​បន្ទប់​ជួល​តូច​ចង្អៀត​មួយ​។​

លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​បាន​រៀបរាប់​ថា​ថា​ ​ថវិកា​ដែល​លោក​ប្រមូល​បាន​រយៈពេល២ថ្ងៃ​ដើម្បី​យក​ទៅ​ជួយ​ដល់​ម្ដាយ​តារា​សម្ដែង​ភេទ​ទី៣​ ​អ៊ុ​ក​ ​ដា​រ៉េ​ត​ ​នេះ​ដែរ​បាន​ចំនួន​ ​១០៦២.៥ដុល្លារ​អាមេរិក​ ​និង​លុយ​ខ្មែរ​ ​២៥ម៉ឺន​រៀល​ ​ថវិកា​នេះ​រាប់ទាំង​អ្នក​មិនទាន់​ផ្ញើ​មក​។​ ​លោក​ថា​៖​ ​ថវិកា​ដែល​ខ្ញុំ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​ប្រមូល​បាន​ក្នុងរយៈពេល២ថ្ងៃ​ដើម្បី​ជួយ​ដល់​តារា​ភេទ​ទី៣​ ​កញ្ញា​ ​អ៊ុ​ក​ ​ដា​រ៉េ​ត​ ​ដែល​រស់នៅ​ក្នុង​បន្ទប់​ជួល​តូច​ចង្អៀត​ ​ហើយ​មាន​ម្ដាយ​កើតជំងឺ​មហារីក​ក្រពះ​ ​ក្នុង​ដំណាក់កាល​ចុងក្រោយ​មាន​ចំនួន​សរុប១០៦២.៥​$​ ​និង២៥ម៉ឺន​រៀល​សូម​អរគុណ​ដល់​សប្បុរសធម៌​ឲ្យបាន​ជ្រាប​”​។​

​អ៑ុ​ក​ ​ដា​រ៉េ​ត​ ​បញ្ជាក់​ថាបើ​នាង​បាន​ច្រៀង​ ​បាន​កំប្លែង​លើ​ឆាក​ ​រូប​នាង​ប្រហែលជា​មានកម្រៃ​ជួយ​ដល់​ខ្លួនឯង​ ​ដោយ​មិន​លំបាក​នោះ​ទេ​។​ ​នាង​ទទូច​ឱ្យ​ផ្ដល់​ឱកាស​ឱ្យ​នាង​បាន​បញ្ចេញ​សមត្ថភាព​សិល្បៈ​ទាំងនេះ​ ​លើ​ឆាក​ ​ដោយ​អះអាង​ថា​ ​នាង​មាន​សមត្ថភាព​ទាំងអស់​លើ​អាជីព​សិល្បៈ​ទាំង៣​។​ ​នាង​និយាយ​ថា​ ​នាង​ចង់បាន​ការងារ​ទាំង​សិល្បៈ​ ​និង​ក្រៅ​សិល្បៈ​ឱ្យ​បាន​ច្រើន​ ​ដើម្បី​កុំឱ្យ​មានការ​រិះគន់​ថា​នាង​គេ​ជួយ​ដដែល​ជា​ដដែល​ ​ប៉ុន្តែ​នៅតែ​ក្រ​។​ ​នាង​សម្ដែង​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​គ្រួសារ​តារា​កម្ពុជា​ ​និង​សប្បុរសជន​ទាំងអស់​ ​ដែល​បាន​ជួយ​បរិច្ចាគ​ថវិកា​ដល់​ម្ដាយ​របស់​នាង​ ​ដោយ​នាង​ប្រកាស​ថា​ ​នេះ​ជា​ថវិកា​ដែល​មានន័យ​បំផុត​នៅក្នុង​ជីវិត​របស់​នាង​ ​និង​ម្ដាយ​។​

​អ៑ុ​ក​ ​ដា​រ៉េ​ត​ ​រំលឹក​ថា​ ​ចាប់តាំងពី​ឳពុក​នាង​ស្លាប់​ ​ហើយ​ម្ដាយ​នាង​ធ្លាក់ខ្លួន​ជា​ហូរហែរ​ ​ទើប​គ្រួសារ​នាង​ជំពាក់បំណុល​គេ​ ​ដែល​បង្ខំ​ឱ្យ​លក់​ចោលផ្ទះ​តូច​នៅ​ម្ដុំ​ច្បារអំពៅ​ ​បាន​តម្លៃ​ជាង៨ពាន់​ដុល្លារ​ ​ហើយ​ធ្លាក់ខ្លួន​ជួលផ្ទះ​គេ​មកដល់​សព្វថ្ងៃ​។​ ​នាង​ថា​ទឹកប្រាក់​ដែល​លក់​ផ្ទះ​ជាង៨ពាន់​ដុល្លារ​នោះ​ ​ដក​ទិញ​ដីស្រែ​ ​និង​សង់​បានតែ​ផ្ទះ​ឈើ​តូចល្មម​នៅ​ខេត្ត​ប៉ៃលិន​ ​ដែល​ជា​កន្លែង​រស់នៅ​របស់​បងប្រុស​ប៉ុណ្ណោះ​ ​ក្រៅពីនោះ​គឺ​សងបំណុល​ ​និង​ព្យាបាល​ម្ដាយ​បន្ត​។​ ​នាង​ថា​ជីវិត​រស់នៅ​មួយ​គែៗ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ​ដោយសារតែ​នាង​ដ្បិតតែ​ប្រឡូក​អាជីព​សម្ដែង​ ​ច្រៀង​ ​និង​កំប្លែង​មែន​ ​ប៉ុន្តែ​បាន​ទទួល​តែ​ឱកាស​សម្ដែង​ក្នុង​តម្លៃ​ខ្លួន​ទាប​ៗ​ ​ដោយសារតែ​នាង​មិនមែន​ជាតា​រា​ល្បី​។​ ​សព្វថ្ងៃ​នាង​រំពឹង​តែ​លើ​មុខរបរ​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​នៅក្នុង​អង្គការ​បុរស​ស្រលាញ់​បុរស​ ​ដោយ​ទទួល​ចំណូល​បានតែ​មួយ​ខែ​ជាង១០០ដុល្លារ​ប៉ុណ្ណោះ​ ​ដែល​ថវិកា​នេះ​ទប់​តែ​ឈ្នួល​ផ្ទះ​ ​ហូបចុក​ ​និង​ទិញថ្នាំ​ទប់​ជំងឺ​របស់​ម្ដាយ​ ​បាន​គ្រប់​ទាំង​ត្រដាបត្រដួស​។​ ​នាង​ថា​ស្ថានភាព​គ្រួសារ​នាង​ ​គឺ​បងប្អូន​ផ្សេងទៀត​សុទ្ធតែ​ក្រ​ ​សុទ្ធតែ​ស៊ីឈ្នួល​គេ​ ​ទើប​ធ្វើ​ឱ្យ​នាង​ត្រូវ​រងបន្ទុក​ទាំងស្រុង​លើ​ជំងឺ​របស់​ម្ដាយ​៕​