តារា​សម្ដែង​ ​ស្រេង​ ​ឈាង​ឡេង​ ​អះអាង​មិន​បោះបង់​មុខ​ជំនួញ ហើយ​ចាប់​សិល្បៈ​ឱ្យ​ស៊ប់​នោះ​ទេ​

July 12, 2019​ ម៉ោង 2:57 pm

​ក្នុង​ពិធី​ប្រកួត​ឈុត​បុរាណ​ទ្រង់ទ្រាយ​ធំ​ ​នៅ​ប្រាសាទសំបូរព្រៃគុក​ ​តារា​សម្ដែង​ ​និង​ច្រៀង​ ​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហ៊ុន​ធំ​មួយ​ក្នុង​គម្រោង​ដី​ឡូ​តិ៍​ក្រុមហ៊ុន​សែន​ណា​រ៉ា​ឈាង​ឡេង​ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ម្ដុំ​ផ្សារ​ព្រៃទទឹង​ ​ក៏​ត្រូវ​គេ​ឃើញ​គ្រង​ឈុត​បុរាណ​នៅ​ថ្ងៃ​នោះ​ដែរ​។​ ​ការ​បង្ហាញខ្លួន​របស់​លោក​ ​ធ្វើ​ឱ្យ​មានការ​លើកឡើង​ជាច្រើន​ថា​ ​លោក​នឹង​ចាប់​យក​អាជីព​សិល្បៈ​ឱ្យ​ស៊ប់​ ​ហើយ​រយាល​ពី​ការងារ​ជំនួញ​។

​ខណៈ​ដែល​លោក​បកស្រាយ​ ​ស្រេង​ ​ឈាង​ឡេង​ ​និយាយ​ថា​ ​លោក​មិន​មាន​គម្រោង​ដើរចេញ​ពីមុខ​ជំនួញ​ដីធ្លី​ ​ហើយ​ឈោង​ចាប់​សិល្បៈ​នោះ​ទេ​ ​គឺ​លោក​គ្រាន់តែ​ចូល​ប្រឡូក​សិល្បៈ​បំពេញ​តាម​ក្ដី​ស្រ​ម៉ៃ​ ​នៅពេល​គ្រួសារ​តារា​កម្ពុជា​ ​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ផ្ដល់​ឱកាស​ឱ្យ​ប៉ុណ្ណោះ​។​ ​លោក​ថា​ ​ការងារ​សិល្បៈ​ជា​អ្វី​ដែល​លោក​ស្រលាញ់​តាំងពី​តូច​ ​ប៉ុន្តែ​លោក​ក៏​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ ​ដើម្បី​ទទួល​សម្ដែង​ ​ឬ​ ​ឡើង​ឆាក​ទូរទស្សន៍​ ​ក្រៅពី​បង្ហាញ​ខ្លួន​ខ្លះ​ៗ​ ​នៅក្នុង​សកម្មភាព​សប្បុរសធម៌​របស់​គ្រួសារ​តារា​កម្ពុជា​ ​នោះ​ឡើយ​។​ ​លោក​សារភាព​ថា​ ​ខ្លួន​គ្រោង​ចេញ​បទចម្រៀង​បង្អួត​មហាជន​ក្នុង​ពេល​ឆាប់​ៗ​ ​ប៉ុន្តែ​មិនមែន​ដើម្បី​ចង់ល្បី​ ​ហើយ​ចូល​ប្រឡូក​សិល្បៈ​ឱ្យ​ស៊ប់​ដោយ​ដកខ្លួន​ពី​ជំនួញ​ដីធ្លី​នោះ​ឡើយ​។​ ​លោក​ថា​សិល្បៈ​នឹង​បង្ហាញខ្លួន​តែ​ពេលទំនេរ​ពី​ជំនួញ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ការងារ​ជំនួញ​ ​គឺ​នឹង​កាន់តែ​ចាប់​ឱ្យ​ណែន​។​ ​ក្រៅពី​បើក​គម្រោង​ដី​ឡូ​តិ៍​ថ្មី​ៗ​បន្តបន្ទាប់​ ​លោ​ក​ក៍​ទើប​បោះទុន​សាងសង់​បុរី​នៅ​ម្ដុំ​ដី​ឡូ​តិ៍​ដែល​លោក​បើក​លក់​ ​និង​គ្រោង​ធ្វើអាជីវកម្ម​ផលិត​ ​និង​នាំចូល​ឱសថ​ច្រើន​ប្រភេទ​ថ្មី​មួយទៀត​ ​ដោយសារតែ​លោក​គឺជា​និស្សិតពេទ្យ​ស្រាប់​។

​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​បញ្ជាក់​ថា​ ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​បាន​ចូលរួម​គ្រង​ឈុត​បុរាណ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ទិវា​វប្បធម៌​បេតិកភណ្ឌ​ជាតិ​ ​នៅ​បរិវេណ​ប្រាសាទព្រៃ​គុក​ ​និង​បាន​ចូលរួម​ប្រកួត​ឈុត​បុរាណ​ក្រោម​ការរៀបចំ​របស់​គ្រួសារ​តារា​កម្ពុជា​។​ ​បើ​ទោះជា​លោក​មិនបាន​ទទួល​ពាន​ ​តែ​លោក​ប្រាប់​ថា​រំភើបចិត្ត​ ​សម្រាប់​ការចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នោះ​៕​