សុខ សោម៉ាវត្តី រិះគន់អ្នកទស្សនាលួច Live Video ចេញក្រៅពេលមើលកុនរឿង «ជួបស៊យ»

Sok Somavotey

ភ្នំពេញៈ កុន​ដែល​ដឹក​នាំ​ការ​សម្តែង និង​ដាក់​ទុក​ដំបូង​របស់​តារា​កំប្លែង​ល្បី​​ប្រចាំ​​ទូរ​ទស្សន៍​​ស៊ី​ធី​អ៊ិន​គឺ នាយ ​គ្រឿន រឿង ​«ជួបស៊យ» កំពុង​តែ​​ចាក់​បញ្ចាំង​តាម​រោង​កុន​ទំនើបៗ​នានា​​យ៉ាង​គគ្រឹកគគ្រេង​ និង​ទទួល​​​​បាន​​ការ​គាំទ្រ​ដោយ​ការ​និយាយ​ថា ​ល្អ​មើល កំប្លែង​សើច​សប្បាយធូរ​អារម្មណ៍​គឺ​​ចាយ​លុយ​ទិញ​សំបុត្រ​​ទស្សនា​​​មិន​ខក​បំណង​នោះ ក៏​លេច​ឮ​​ថា មាន​​អ្នក​ទស្សនា​ខ្លះ​ឆ្លៀត​ឱកាស​យក​​កេង​ចំណេញផ្សាយ​វីដេអូ​ផ្ទាល់ (​Live Video ​​) ចេញ​ពី​រោង​កុន​ទៅ​ក្រៅចែក​មិត្ត​ភក្តិខ្លួន​បាន​មើល​​មិន​បាច់​អស់​ប្រាក់​ទិញ​សំបុត្រ​​។​

ដំណឹង​ Live Video​ នេះ ក៏​បង្ក​ឲ្យ​មជ្ឈ​ដ្ឋាន​មហាជន​ភាគ​ច្រើន​​មាន​ការ​រិះ​គន់​ និង​សម្តែង​ការ​ហួស​ចិត្ត​ចំពោះ​​​ភាព​មិន​សម​រម្យ​ខ្វះ​ការ​ពិចារណា​នេះ​ផង​ដែរ សូម្បី​តារា​សម្តែង​ស្រី​​អ្នក​មេម៉ាយ​ ចាយ​រាង​មាន​រូប​ឆោម​​​លោម​ល្អ​ក្រមុំ​មិន​ដូរ​ អ្នក​នាង សុខ សោម៉ាវត្តី​​ ក៏​ទ្រាំ​លែង​បាន​ហើយ​ទម្លាយ​សារ​តាម​ហ្វេសប៊ុក​​ខ្លួន​បង្ហាញ​​​ពីអារម្មណ៍​​​​​សោក​ស្តាយ​ផង​ដែរ។

តារា​សម្ដែង និង​ពិធី​ការិនី ស្រី​ស្រស់​សម្រស់​ផូរផង់​ និង​នៅ​ខ្ញង់​មិន​ចាញ់​ក្រមុំ​ អ្នកនាង សុខ​ សោម៉ាវត្តី​ បាន​​សរសេរ​សារ​មួយ​ឃ្លា​ថា៖ «អរគុណ​ដែល​ស្រលាញ់​កុន​ខ្មែរ​ដល់​ថ្នាក់​ចូល​មើល​ហើយ​លួច Live Video ទៀត …..ចង់​សួរ​ថា​អត់​មាន​អាណិត​អ្នក​ផ​លិត​ អ្នក​ចាយ​លុយ​ទេ ឬ​ក៏​អី ?​ គួរ​និយាយ​បែប​ណា​ឲ្យ​សម​នឹង​ចិត្ត​ដែល​ឃើញ​​រឿង​គួរ​ឲ្យ​ស្អប់​បែប​នេះ ?​ ជួយ Share ឲ្យ​អ្នក Live រឿង​ជួប​ស៊យ​ឃើញ​ផង ដើម្បី​ឲ្យ​គាត់​ពិចារណា​ថា​អ្វី​ដែល​គាត់​ធ្វើ​ខុស​ ឬ​ត្រូវ »។

វណ្ណ​កម្ម​ដឹក​នាំ​សម្ដែង​រឿង ជា​លើក​ដំបូង​របស់​តារា​កំប្លែង នាយ គ្រឿន មាន​ចំណង​ជើងថា «ជួប​ស៊យ» នៃ​ផលិតកម្ម LD Picture បាន​បើក​សម្ពោធ​យ៉ាង​អធិក​​អ​ធម នា​ល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅ​រោង​ភាព​យន្ត Legend ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ដោយ​មាន​វត្ត​មាន​តារា​សម្ដែង​ចាស់​ថ្មី និង​តារាចម្រៀង ព្រម​ទាំង​ទស្សនិក​ជន យ៉ាង​ច្រើន​កុះ​ករ​ចួល​រួម។ ចំណែក​តារា​សម្ដែង​ល្បីៗ​មាន​ដូចជា នាយ គ្រឿន, នាយ ពែកមី , លោក ទេព រិន​ដារ៉ូ, អ្នកនាង ប៉ែន សុផានី , លោក ងួន សុបិន, កញ្ញា សា​ឡាត់ ស្រី​ឡាង, កញ្ញា គៀត សុវណ្ណាឡាង, លោក ជា សុវណ្ណា​រាហ៍ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើនរូ​ប​ទៀត៕​

Advertisement