តួឯកល្ខោន​បាសាក់លោកគ្រូ​ ​អ៊ុល​ ​សំអាង​ ​ឡើង​តំណែង​ជាឯក​ឧត្តម​ ​

​មួយ​រយៈ​ចុងក្រោយ​នេះ​ ​គេ​បានដឹង​ថា​ ​លោកគ្រូ​ ​អ៊ុល​ ​សំអាង​ ​គឺជា​អភិរក្ស​ល្ខោនបាសាក់​ ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ហើយ​ថ្មីនេះ​លោក​បាន​ទទួល​តំណែង​ថ្មី​មួយទៀត​ហើយ​។​

​ក្នុងចំណោម​ទីប្រឹក្សា​ក្រ​សួង​ព័ត៍​មាន១០៦រូប​ដែល​ទើប​តែងតាំង​ថ្មី​ ​លោក​ ​អ៊ុល​ ​សំអាង​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​តួឯកល្ខោន​ ​និង​ជា​ថៅកែ​វង់​ល្ខោនបាសាក់​ ​អ៊ុល​ ​សំអាង​ ​រាជធានី​ភ្នំពេញ​ ​ក៍​មានឈ្មោះ​នៅក្នុង​បញ្ជី​នោះ​ផង​ដែរ​។​ ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ជាទី​ប្រឹក្សា​ក្រ​សួង​ព័ត៍​មាន​ ​មាន​ឋានៈ​ស្មើនឹង​អគ្គនាយក​ ​ដែល​មាន​គោរមងារ​ជាឯក​ឧត្តម​។​

​ព្រះ​រា​ជ​ក្រឹត្យ​នស​/​រកត​/​០៧១៩​/​១១៦២​ ​ដែល​បាន​ត្រាស់​បង្គាប់​ដោយ​ព្រះមហាក្សត្រ​មួយ​នេះ​ ​បានសម្រេច​ទទួលស្គាល់​លោក​ ​អ៊ុល​ ​សំអាង​ ​ជា​អ្នក​សិល្បៈ​ផ្នែក​ល្ខោនបាសាក់​ ​ឲ្យ​ក្លាយជា​ទីប្រឹក្សា​ផ្លូវការ​ ​ខណៈ​ដែល​តួនាទី​ជា​ឯ​កឩ​ត្ត​មរ​បស់​លោក​ ​ក៏​ជា​តំណែង​មិនធ្លាប់​មាន​សម្រាប់​អ្នកជំនាញ​ផ្នែក​ល្ខោនបាសាក់​បែបនេះ​ផង​ដែរ​។​ ​តួនាទី​របស់​លោក​ត្រូវ​គេ​មើលឃើញ​ថា​ជា​ការ​លើកទឹកចិត្ត​ចំពោះ​អ្នក​សិល្បៈ​ល្ខោនបាសាក់​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ ​និង​ជា​ការជំរុញ​ឲ្យ​សិល្បៈ​មួយ​នេះ​មាន​សំឡេង​ឡើងវិញ​ក្នុង​កិច្ច​ការ​ធំៗ​របស់ក្រ​សួង​ព័ត៍​មាន​។​ ​

​លោក​ ​អ៊ុល​ ​សំអាង​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​លោក​ពិតជា​មាន​អារម្មណ៍​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​សម្រេច​តែងតាំង​ជាទី​ប្រឹក្សា​ក្រ​សួង​ព័ត៍​មាន​ ​ដើម្បីឲ្យ​លោក​បាន​រួម​ចំ​ណែ​ក​ក្នុ​ហកិ​ច្ច​ការ​សង្គម​ ​និង​ជួយ​ដល់​កិច្ចការ​របស់ក្រ​សួង​ព័ត៍​មាន​។​ ​លោក​ថា​ខ្លួន​បាន​បម្រើ​វិស័យ​សិល្បៈ​ក្នុង​ជំនាញ​ល្ខោនបាសាក់​ ​និង​ចម្រៀង​ជាយូរមកហើយ​ ​ប៉ុន្តែ​មិនបាន​ដឹង​ថា​ខ្លួន​មាន​កិត្តិយស​ដូច​អ្វី​ដែល​មហាជន​ទើបបាន​ដឹងឮ​នោះ​ឡើយ​។​ ​ជាមួយនឹង​តំណែង​ជា​ឯ​កឩ​ត្ត​មនេះ​ ​លោក​ថា​សប្បាយចិត្ត​ ​ហើយក៏​កាន់តែ​មាន​កម្លាំងចិត្ត​ផង​ដែរ​ ​បើ​ទោះជា​ពេល​កន្លងមក​អាជីព​ល្ខោនបាសាក់​ ​និង​ការ​តស៊ូ​បើក​វង់​ល្ខោន​ ​អ៊ុល​ ​សំអាង​ ​ធ្វើឲ្យ​លោក​រា​រែក​ម្ដង​ៗ​ ​ព្រោះតែ​ការ​គាំទ្រ​ធ្លាក់ចុះ​ក្ដី​។​ ​លោក​ប្រកាស​ថា​ខ្លួន​នឹង​បន្ត​បំផុស​ឲ្យ​មានការ​យកចិត្ត​ទុកដាក់​លើ​ល្ខោនបាសាក់​ឡើងវិញ​ ​ដើម្បី​អភិរក្ស​សិល្បៈ​របស់​ខ្មែរ​មួយ​នេះ​ ​កុំ​ឲ្យ​បាត់បង់​៕​

Advertisement