កុល ដាវី និងសុខ រក្សា បណ្តើរគ្នាទៅមើលវីឡាជាទ្រនំរួមស្នេហ៍ជិតសង់រួច

ភ្នំពេញៈ​ មើល​ផ្ទះ​វីឡា​ដែល​​អនាគត​គឺ​ជា​ទ្រនំ​​រួម​ស្នេហ៍ ​រួម​ខ្នើយ​របស់​គូ​ស្នេហ៍​តារា​ពីរ​ដួង​ កញ្ញា កុល ដាវី និង​លោក​ សុខ រក្សា ដែលមហាជន​ធ្លាប់​ដឹង​​ថា ​ពួកគេ​បាន​ចូល​​លុយ​​គ្នា​ទិញផ្ទះ​​​នៅ​ឯ​បុរី​ជីបម៉ុង​ឡេនដ៍​ ស្ថិត​នៅ​​ក្បែរ​តំបន់​ផ្សារ​ទំនើប​​​អ៊ីអន​ម៉ល់​​ទី​២ នោះ​ជិត​​រួច​រាល់​មែនទែនហើយ ខណៈ​ចិត្ត​អ្នក​ទាំង​ពីរ​ក៏​អន្ទះ​សារ​ខ្លាំងណាស់​ដែរ ​ព្រោះ​​​​ទីនេះ​​គឺ​ជា​ជម្រក​សុភមង្គល​ នៃ​ការ​ប្រារព្ធ​ពិធី​អាពាហ៍​ពិពាហ៍ បន្ទាប់ពី​សង់​រួចរាល់​ភ្លាម​​នោះ​​។​

កាល​ពី​ម្សិល​មិញ​នេះ គេ​បាន​ឃើញ​ តារា​សម្តែង​ស្រី​សាច់​សខ្ចី​ដូច​ពង​មាន់​បក ដើម​ទ្រូង​សិចស៊ី​ទ្រលុក​ទ្រលន់​នាង​ កុល ដាវី កំពុងតែ​ជាប់​ចំណង​ស្នេហ៍​ជាមួយ​នឹង​តារា​ចម្រៀង​ប្រុស​សំឡេង​ធ្ងន់ ចេះ​ទាំង​​និពន្ធ​ទំនុក​ច្រៀង និង​​ប​ទ​ភ្លេង​ខ្លួនឯង​លោក​សុខ រក្សា បណ្តើរ​គ្នា​ទៅ​មើល​ផ្ទះ​វីឡា​កូន​កាត់​នោះ ហើយ​ក៏​បាន​បង្ហោះ​រូប​​ភាព​ និង​សារ​មួយ​ឃ្លា​ខ្លី​ថា៖ «មុន​ទៅ​លក់​ខោ​អាវ​ ឆ្លៀត​មក​មើល​ផ្ទះ​ម៉ា​ផ្លេត​សិន!​»។ ​​

ពេល​កន្លង​មក​ធ្លាប់​​លេច​ឮ​ព័ត៌មាន​ថា ​តារា​ទាំង​ពីរ​ដួង​កាន់​តែ ​មាន​សម្ព័ន្ធ​ភាព​​ស្អិត​ល្មួត​បេះមិន​ដាច់ គឺ​លោក សុខ រក្សា និង​កញ្ញា កុល ដាវី បាន​ចូល​លុយ​គ្នា​ទិញ​ផ្ទះ​វីឡា​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​ ឯណោះ​ ដែល​​​ស្ថិត​នៅ​​បុរី​ជីបម៉ុង​ឡេនដ៍​។ តែ​ថ្មីៗ​នេះ កញ្ញា កុល ដាវី បញ្ជាក់​ថា៖ «ផ្ទះ​វីឡា​កូន​កាត់កម្ពស់ ​២​ជាន់ មាន​​ក្បាលទំហំ​​ ៥​ ម៉ែត្រ និង​បណ្តោយ ១៦ ម៉ែត្រ​ នេះ​ កាល​នាង​ខ្ញុំ​ទិញ​នោះ​មាន​តម្លៃ​ជាង ៩ ម៉ឺន ដុល្លារ ប៉ុណ្ណោះ»។ តារា​​​សម្តែង​ស្រី​រូប​នេះ ក៏បាន​​បង្ហើប​បញ្ជាក់​ពី​វេលា​នៃ​ការ​​រៀបចំ​ពិធី​មង្គល​ការ​ខ្លួន​ដែរ​ថា៖ «សង្ឃឹម​ថា​​​​សង់​​ឆាប់​​រួច​ចុះ!​ផ្ទះ​​នេះ​​កាលណា​រួច​រាល់​ ហើយ​ក៏​ត្រូវ​ប្រើសម្រាប់​រៀបការ​របស់​ពួក​យើង​ភ្លាមៗ​ដែរ​»៕

Advertisement