សាលាស្រណោះតន្ត្រី ប្រកាសបើកប្រលងផ្នែកតន្ត្រី និងចម្រៀងដើម្បីរើសអ្នកមានសមត្ថភាពទៅប្រកួតនៅបរទេស

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ នាយកសាលាស្រណោះតន្ត្រី ដែលសាលាភ្លេងល្បីឈ្មោះ បានប្រកាសពីការបើកប្រកួតផ្នែកតន្ត្រី និងចម្រៀងជាទ្រង់ទ្រាយធំមួយ ដោយការប្រកួតលើកនេះ ដោយការប្រកួតនេះ មានការប្រកួតឧបករណ៍ភ្លេងព្យាណូ ខ្លុយ និង វីយូឡុង ជាដើម និងចម្រៀង រាប់ទាំងចម្រៀងអូប៉េរ៉ា ដើម្បីស្វែងរកអ្នកខ្លាំងផ្នែកឧបករណ៍តន្ត្រី និងចម្រៀង តំណាងប្រទេសកម្ពុជាចេញទៅប្រកួតនៅសិង្ហបុរី នៅខែ២ ក្នុងឆ្នាំក្រោយ។

លោកបណ្ឌិត្យព្យាណូ សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី បានថ្លែងក្នុងសន្និសីទកាសែតថា នៅថ្ងៃទី១ ទី២ និងទី៣ ខែវិច្ឆិកា ខាងមុខនេះ សាលារបស់លោកនឹងបើកការប្រកួតផ្នែកតន្ត្រី និងចម្រៀង ជាទ្រង់ទ្រាយធំ លោកថាការប្រកួតនេះ ចាប់ផ្ដើមទទួលពាក្យចាប់ពីការប្រកាសនេះតទៅ ដោយសិស្សក្នុងសាលាស្រណោះតន្ត្រីត្រូវទិញពាក្យតម្លៃ១០ដុល្លារ និងសិស្សពីខាងក្រៅ ទិញពាក្យតម្លៃ២០ដុល្លារ។ បេក្ខជនទាំងអស់នឹងត្រួវកំណត់រយៈពេលម្នាក់៤នាទី ក្នុងការបង្ហាញសមត្ថភាពលេងតន្ត្រី និងច្រៀង ដោយលោកបានត្រៀមពាន៣សម្រាប់ប្រគល់ជូន គឺទី១ម្ចាស់ពានផ្នែកឧបករណ៍តន្ត្រី ទី២ពានផ្នែកចម្រៀង និងទី៣ គឺពានជើងឯក ដែលជាពានតម្រូវឱ្យអ្នកលេខ១ៗលើវិញ្ញាសារនីមួយៗ ធ្វើការប្រកួតគ្នាបន្ត។ លោកទទូចឲ្យអ្នកមានសមត្ថភាពគ្រប់ទិសទីមិនថាសាលាណាៗ ដាក់ពាក្យប្រកួតឱ្យបានរួសរាន់ ដោយការទទួលពាក្យនឹងត្រូវបញ្ចប់នៅចុងខែកញ្ញានេះ។

នាយកសាលាស្រណោះតន្ត្រីរូបនេះ បានបញ្ជាក់បន្ថែមថា កន្លងមកសាលាស្រណោះតន្ត្រីធ្លាប់បានបើកប្រកួតបែបនេះមកហើយ ប៉ុន្តែមិនធ្លាប់បើកឲ្យសិស្សមកពីសាលាខាងក្រៅចូលប្រកួតនោះទេ ទើបលោកចាត់ទុកថានេះជាការប្រកួតទ្រង់ទ្រាយធំ ដែលនឹងមានសិស្សមិនតិចជាងរយនាក់ចូលប្រកួត ដោយសារតែគ្រាន់តែសិស្សនៅសាលាស្រណោះតន្ត្រី នឹងចូលប្រកួតមិនក្រោម៩០នាក់ហើយ។ ការប្រកួតនេះ មិនកំណត់អាយុនោះទេ ដោយបើកទូលាយតាំងពី៤ឆ្នាំឡើងទៅ ដោយសំដៅយកតែសមត្ថភាព និងធានាថា ការដាក់ពិន្ទុគឺសុក្រឹតដើម្បីឲ្យប្រាកដថាអ្នកខ្លាំងទើបឈ្នះពាន។ លោក សូ ស្រណោះ ប្រកាសថា គណកម្មការសម្រាប់វាយតម្លៃការប្រកួតនេះ ត្រូវបានជ្រើសចេញពីសិស្សឆ្នើមប្រចាំសាលា និងមួយចំនួនទៀតជាអ្នកជំនាញផ្នែកតន្ត្រី និងចម្រៀងមកពីបារាំង មកពីកូរ៉េ និងជនជាតិរូស្ស៊ី ផងដែរ ដើម្បីប្រាកដថា ការវាយតម្លៃសម្រាប់ការប្រលង មិនលម្អៀងទៅរកសិស្សរបស់សាលាស្រណោះតន្ត្រី៕

Advertisement