កញ្ញា តូតា ថាអត់​បានដូររថយន្តចាស់ទៅជិះ Lexus 570 នោះ​ទេ!

ភ្នំពេញៈ ដោយសារ​ធ្លាប់​លេច​ឮ​រលក​ព័ត៌មាន​​​ល្ហៀងៗ​ថា​ មាន​កន្លង់​​​​ទាំង​ចាស់​​ក្មេង​​​ប្រមាណ ​៤ ឬ ៥ នាក់​​កំពុងតែ​ ចោម​​រោម​ប្រជែង​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​ម្ចាស់​​បេះដូង​​មិន​ទាន់​បង្ហាញ​មុខ​​ច្បាស់​​ និង​​ស្រប​ពេល​ចូល​​​ឆ្នាំ​ថ្មី​នេះ​​​ ឃើញ​តារា​សម្តែង​​​​​​បបូរ​មាត់​សិចស៊ី​ ម៉ាក់ សែនសូនីតា ​ហៅ​កញ្ញា តូតា​​ បាន​​បង្ហោះ​រូប​រថ​យន្ត​​​​ទំនើប​​​ទៅ​វត្ត​ទៀត​​នោះ ក៏​​បង្កើត​ជា​រឿង​​ចម្ងល់​សួរ​​ដេញ​ដោល​​​គ្នា​បែប​ខ្សិប​ខ្សៀវ​​ថា ទំនង​​ម្ចាស់​រថ​យន្ត​​​ទំនើប​ម៉ាក ​Lexus 570​ គេ​ជូន​​នាង​ជា​កា​ដូ​​បញ្ចាំង​​ចិត្ត​ស្នេហ៍​ទេ​ដឹង​?​​ តែ​តារា​​​សម្តែង​ស្រីស្រស់ រាង​តូច​ច្រឡឹង​សម្រស់​នៅ​ចាំ​ទើប​មាន​វ័យ ​២៣ ​ឆ្នាំ  ដែល​ទើប​តែ​បាន​វិល​ត្រឡប់​​ពី​ថត​កុន​ក្រៅ​ប្រទេស​ឲ្យ​ផលិត​កម្ម​មួយ​សុំ​មិន​បង្ហើប​ប្រាប់​ កញ្ញា ម៉ាក់ សែនសូនីតា​​ ក៏​បក​ស្រាយ​ទាំង​ឆ្ងល់​ថា​​៖ «នាង​ខ្ញុំ​បាន​ទិញ​រថ​យន្ត​ម៉ាក​ Lexus 570​ ពី​​ពេល​​ណា​មក​បង? ​អត់​មាន​ទេ!​នាង​ខ្ញុំ​មាន​តែ​រថ​យន្ត​​ធ្លាប់​ជិះ​យូរ​មក​ហើយ​ម៉ាក ​Land Cruiser ស៊េរី​ឆ្នាំ២០០៩​ ពណ៌​ខ្មៅ​​​ប៉ុណ្ណោះ​»​។​

មើល​ទៅ​តារា​ស្រី​ដែល​គេ​បាន​ឃើញ​សម្បូរ​ដំណើរ​កម្សាន្ត​លម្ហែកាយ​នៅឯ​ប្រទេស​ម្ចាស់​មហាកំពែង​ចិន សមុទ្រ​​ខ្សាច់​អារ៉ាប់ និងបាន​បង្ហោះ​ដុំដុល្លារ​ច្រើនសន្ធឹក​សន្ធាប់​​​សម្ញែង​​ធ្វើ​ឲ្យ​​ភ្ញាក់​ផ្អើល​ទៅដល់​មហាជន ​​​តាម​បណ្ដាញ​អ៊ីនស្តា​ក្រាម ពេល​កន្លង​មក​​​ ហាក់​ដូចជា​មាន​ការ​​ស្រឡាញ់​​ពេញ​ចិត្ត​រថ​យន្ត​ម៉ាក​​ Land Cruiser ស៊េរី​​ឆ្នាំ​២០០៩​ នោះ​ណាស់ ដោយបាន​បន្តទៀត​​ថា៖ «ហើយ​នាង​ខ្ញុំ​ក៏​មិន​មាន​បំណង​ចង់​​​​ដូរ​​​ដោះ​ម៉ាក​ស៊េរី​​​​អ្វី​ផ្សេង​​​ទេ​ព្រោះ​ថា រថ​យន្ត​នេះ​ធ្លាប់ជិះ​យូរ​ហើយ​ដែរ និង​ម្យ៉ាង​ទៀត​ជា​រថ​យន្ត​​​ប្រើ​ប្រេង​​ម៉ាស៊ូត​ទៀត​ផង​មិន​សូវ​ចំណាយ​ខ្ពស់​ដូច​សាំង​»។​

បើ​តាម​ការ​ប្រមាញ់​មើល និង​តាមដាន​មើល​ពី​សំណាក់​​​មហាជន​នោះ​ឃើញ​ថា​ តារា​សម្តែង​ស្រី​នៅ​តែ​មាន​​​សម្រស់​ស្រស់​ស្អាត មិន​ជ្រេ​តាម​វ័យ ម៉ាក់ សែនសូនីតា ហៅ តូតា គឺ​មាន​រាសី​ឡើង​ក្រឺតៗ ក្នុង​ការ​ងារ​​សិល្បៈ​ទាំង​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​សម្តែង​កុន​មិន​ចេះ​ដាច់​ឡើយ​។ ក្រៅ​ពី​រឿង​កុន​ភាគ​ចំនួន​ពីរ​ ដែល​មួយ​ថត​​របស់​ផលិតករ​ជាតារា​សម្តែង​ដែរ​គឺ​លោក​ សុវណ្ណ មករា ដែល​មាន​​ជាង​ ៤០ ភាគ មាន​ចំណងជើង​ថា «បញ្ចប់​ស្នេហ៍​ត្រឹម​អូន​» និង​​កុន​ភាគ​ទី ២ សុំ​លាក់​ចំណងជើង​សិន ​ប្រហែល​​ជា​មាន​​ជាង ៤០ ភាគ​ដែរ ថត​សម្រាប់​​​ចាក់​បញ្ចាំង​នៅឯ​ប៉ុស្តិ៍​ទូរទស្សន៍ PNN និងនៅ​ពេល​​ថ្មីៗ​នេះ​​នាង​​ក៏​ទើប​តែ​បាន​ចុះ​កុង​ត្រា​មួយ​ផ្សេង​ទៀត​ផង​ដែរ។​

តារា​សម្តែង និង​តារា​ម៉ូ​ដែល​ល្បី​ឈ្មោះ​ទាំង​វ័យ​ក្មេង​កញ្ញា ម៉ាក់ សែនសូនីតា​ បង្ហើប​ប្រាប់​ថា៖ «ទើប​តែ​បាន​ចុះ​កុង​ត្រា​​ថ្មី​ថត​កុន​មួយ​ទៀត ដែល​នាង​ខ្ញុំ​ទើប​ទៅ​ថត​នៅ​ក្រៅ​ប្រទេស​ តែ​សុំ​លាក់​ផលិត​កម្ម និង​ចំណង​ជើង​រឿង​សិន​ដែរ​ព្រោះ​ថា នាងខ្ញុំ​នៅ​ទើប​ចាប់​ផ្តើម​ថត​។ ចាំ​ថត​បាន​ប្រហែលជា​ ១០ ទៅ ២០ ភាគ​រយ​ នឹង​បង្ហើប​ប្រាប់​មហា​ជន​មិន​ខានឡើយ»។ ​តារា​ស្រី​បបូរ​មាត់​សិចស៊ី​កញ្ញា តូតា ក៏ធ្លាប់​បាន​ថ្លែង​ក្នុង​របៀប​ដាក់ខ្លួន​​​មិនចង់​​ទទួល​ស្គាល់​យក​ពី​ភាព​ជោគជ័យ​ក្នុង​វិស័យ​ភាពយន្ត និងមាន​ទី​ផ្សារ​​ច្រើន​នោះ​ឡើយ​ដែរថា៖ «អរគុណ​មហាជន​ដែល​​​សរសើរ! តែនាង​ខ្ញុំ​ដូចជា​មិនសូវ​កាក់កប​ខ្លាំងអ្វី​ប៉ុន្មាន​នោះទេ​សម្រាប់​ភាពយន្ត តែ​មានការ​ផ្សំ​គ្នា​ថត​កុន និង​​ថត​ស្ប៉ត​ផ្សាយ​ពាណិជ្ជកម្ម ទើប​នាងខ្ញុំ​មានការ​មមាញឹក​ខ្លាំង​នាពេល​កន្លង​មក»៕​

Advertisement