​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​បំផុស​ឱ្យ​មហាជន​ចូលរួមបរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ពិធី​ប្រគល់​50លាន​រៀល​

​តារាចម្រៀង​ល្បីល្បាញ​សម្រស់​ផូរផង់​ ​កញ្ញា​ ​ពេជ្រ​ ​សូលី​កា​ ​បាន​បង្ហាញខ្លួន​យ៉ាង​កា​លីប​ ​ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៌​គ្រឿង​ពេញ​ ​Chateau​ ​Des​ ​Gems​ ​យ៉ាង​កក្រើក​នៅ​ខេត្តសៀមរាប​ ​ក្នុង​បរិវេណ​សណ្ឋាគារ​ ​Memoire​ ​Palace​ ​Resort​ ​and​ ​Spa​។​ ​ជាមួយនឹង​ការ​ប្រគល់​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​ ​ចំនួន50លាន​រៀល​ ​ពី​ពិព័រណ៍​មួយ​នេះ​ ​កញ្ញា​បាន​ប្រកាស​អំពាវនាវ​។​

​ជាមួយនឹង​ការ​បកស្រាយ​បទចម្រៀង​ច្រើន​បទ​ ​អម​ដោយ​ឈុត​គ្រឿង​ពេជ្រ​លើ​ដងខ្លួន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ ​កញ្ញា​ ​ពេជ្រ​ ​សូលី​កា​ ​បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ ​ដែល​កញ្ញា​ត្រូវ​បាន​ជ្រើស​ជាតា​រា​កិត្តិយស​ក្នុង​ពិ​ព័រ​ណ៌​ដ៏​ធំ​នេះ​ ​ក្រោម​អធិបតីភាព​លោកជំទាវ​ ​ទៀង​ ​អេង​ ​ទៀ​ ​សីហា​ ​ភរិយា​អភិបាលខេត្ត​សៀមរាប​។​ ​កញ្ញា​ថា​ ​ជា​លើកទីមួយ​ហើយ​ ​ដែល​នាង​បាន​ច្រៀង​ក្នុង​គម្រោង​បំផុស​ឱ្យ​មហាជន​បានដឹង​ពី​ការចូលរួម​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​ខណៈ​ដែល​ការងារ​សប្បុរសធម៌​កន្លងមក​ ​កញ្ញា​បាន​ចូលរួម​ច្រើន​មក​ហើយ​ ​លើកលែងតែ​សកម្មភាព​បំផុស​ឱ្យ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ​។​

​តារា​ស្រី​រូប​នេះ​ទទូច​ឱ្យ​មានការ​ចូលរួម​បរិច្ចាគ​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ ​បន្ទាប់ពី​បានដឹង​ថា​ ​មន្ទីរពេទ្យ​កុមារ​អង្គរ​ប្រឈម​នឹង​ខ្វះខាត​ច្រើន​មិន​ខុសពី​មន្ទីរពេទ្យ​គន្ធបុប្ផា​។​ ​នាង​ថា​ពិតជា​សប្បាយចិត្ត​ណាស់​ ​ដែល​បាន​រួមចំណែក​ជួយ​បំផុស​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​ ​កញ្ញា​ ​ក៏​នឹង​ត្រៀមខ្លួន​បន្តបន្ទាប់​ដើម្បី​ជួយ​បំផុស​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​ផង​ដែរ​។​

​សូមជម្រាប​បញ្ជាក់​ថា​ ​លោកស្រី​ ​ម៉ៅ​ ​ពោរពេញ​ ​អគ្គ​នាយិកា​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​បាន​ប្រគល់​អំណោយ​ចំនួន50លាន​រៀល​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​ ​បន្ទាប់ពី​កត់សម្គាល់​ថា​មន្ទីរពេទ្យ​នេះ​ ​ប្រឈម​នឹង​ការ​ខ្វះខាត​។​ ​នៅក្នុង​ពិធី​នោះ​ ​លោកស្រី​ក៏​ទទូច​ឱ្យ​សប្បុរសជន​បន្ត​ធ្វើ​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀតផង​ដែរ​។​ ​លោកស្រី​បន្ដ​ថា​ ​កម្មវិធី​នេះ​ធ្វើឡើង2ថ្ងៃ​នៅ​ខេត្តសៀមរាប​ ​ដោយ​នៅ​ថ្ងៃទី5​ ​តុលា​ ​ដែល​មានការ​គ្រង​ឈុត​ពេជ្រ​ដោយ​តារាចម្រៀង​ស្រស់​ស្អាត​ ​កញ្ញា​ ​ពេជ្រ​ ​សូលី​កា​ ​តារាចម្រៀង​របស់​ហង្ស​មាស​ ​និង​នៅ​ថ្ងៃទី6​ ​តុលា​ ​ដោយមាន​វត្តមាន​តារា​ថៃ​ល្បីល្បាញ​គឺ​លោក​ ​Dome​ ​Pakorn​ ​Lam​។​ ​នៅ​ថ្ងៃទី12​ ​និង​ទី13​ ​តុលា​ ​ខាងមុខ​ ​Chateau​ ​Des​ ​Gems​ ​ក៏​នឹង​មានការ​រៀបចំ​ពិ​ព័រ​ណ៌​ ​និង​ការ​ជួបជុំ​អតិថិជន​ទ្រង់ទ្រាយ​ធំ​បែបនេះ​ ​នៅ​រាជធានី​ភ្នំពេញ​ ​នៅ​ភោជនីយដ្ឋាន​ ​Topaz​ ​ផង​ដែរ​៕​


Advertisement