ឡេង ណាវ៉ាត់ត្រា ចំណាយលុយធ្វើMVមួយបទដើម្បីធ្វើតេស្ដទីផ្សារបរទេស

នៅដើមសប្ដាហ៍ទីពីរ ខែកក្កដា ខាងមុខនេះអ្នកដែលគាំទ្រOriginal Song  របស់ផលិតកម្ម Galaxy ពិសេសអ្នកនិយមបទ«ឱ្យតែគិត ចេះតែចង់យំ» នឹងបានទស្សនាMV បទនេះ​យ៉ាងរីករាយ​ហើយ​    ខណៈបទនេះត្រូវបានចំណាយទុនពីម្ចាស់ផលិតកម្មអស់ 7 ពាន់ដុល្លារអាមេរិក។

លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្មGalaxyបានលើកឡើងថា បន្ទាប់ពីចំណាយ​ពេល​វេលា និងថវិកាដ៏ច្រើនក្នុងការផលិតបទចម្រៀងសំណព្វចិត្ដខ្លួនហើយ លោកគ្រោងនឹងចេញបទនេះ នៅដើមសប្ដាហ៍ទីពីរ ខែកក្កដាខាងមុខ។ លោកបន្ដថា មុននឹងចេញMVបទ«ឱ្យតែគិត ចេះតែចង់​យំ»​នេះលោកបាន​ធ្វើការយ៉ាងសម្រិតសម្រាំងជាមួយ​ក្រុម​ការងារ  ពិសេសពិនិត្យលើSound ដើម្បីទទួល​បានការគាំទ្រពីសាធារណជន។

ចាងហ្វាងផលិតកម្មរូបនេះបានបញ្ជាក់ថា មូលហេតុបទនេះត្រូវ​ចំណាយថវិកា​ច្រើន​ក្នុងការ​ផលិត ព្រោះលោក​ចង់បានផលិតផលល្អដែល​ធ្វើឡើងដោយការសម្រិតសម្រាំងទាំងការ​ចាប់យក​រូបភាពល្អៗ និងការប្រើសម្ភារទំនើបៗ។ ក្នុងបទនេះក៏បានផ្ដិត​យករូបភាពពីតំបន់ពិសេស​នៅក្នុងទី​ក្រុង​ភ្នំពេញ និងតំបន់មួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកបន្ដ​ថា៖«ខ្ញុំធ្វើបែប​នេះគ្មាន​គោលបំណងចង់បានប្រាក់ចំណេញទេ គឺខ្ញុំគ្រាន់តែចង់សាកល្បងថា តើគុណភាពដែលខ្ញុំធ្វើ​ចេញទៅ​អាច​តម្រូវទៅតាមទីផ្សារបរទេសបានដែរឬទេ? ព្រោះខ្ញុំបានចាត់ទុកថាMVបទនេះថា គ្រាន់តែជា​គ្រឹះ​ក្នុងការចាប់ផ្ដើមការផលិតភាពយន្ដរបស់ខ្ញុំតែប៉ុណ្ណោះ ប្រសិនបើមានការគាំទ្រពីទីផ្សារ​បរទេស​ខ្ញុំនឹង​អនុវត្តតាមស្ដង់ដារនេះតែម្តង»។

 

តារាចម្រៀងនៅក្នុងបទនេះបានបញ្ជាក់ទៀតថា កន្លងមកយើងសង្កេតឃើញថា គុណភាព​ខ្សែ​ភាពយន្ដរបស់ខ្មែរយើងនៅមានកម្រិតនៅឡើយ ពុំទាន់អាចយកទៅប​ញ្ជ្រាបចូល​ទីផ្សារបរទេស​បាន​ទេ​។ ប្រសិនបើយកទៅលក់បានក៏ពុំសូវមានការគាំទ្រដែរ។ យើងអាចនិយាយបានថា គុណភាព​នៃ​ភាពយន្ដរបស់យើងនៅដើរក្រោយគេច្រើនឆ្នាំណាស់។ ណាវ៉ាត់ត្រា បញ្ជាក់បន្ថែមថា៖ «អ៊ីចឹង​ហើយ​ទើប​ខ្ញុំចង់ធ្វើឱ្យភាពយន្ដក្រោយៗប្រកបដោយគុណភាពល្អ ប្រសិនបើទៅអនាគតខ្ញុំមានលុយច្រើន ខ្ញុំនឹង​ដកយក20%ពីអ្វីដែលខ្ញុំមានមកវិនិយោគលើឧស្សហកម្មភាពយន្ដ ធ្វើយ៉ាងណាឱ្យខ្សែភាពយន្ដ​របស់​យើង​​មានគុណភាពល្អ»៕

Advertisement