ខេខេ បើទទួលបានអាជីពថ្មី អ្វីក៏ហ៊ានធ្វើ

កញ្ញាសឿ ស្រីកា ហៅ ខេខេ ជាតារាសម្ដែង​ និងតារាម៉ូដែលដែលបានបង្ហាញវត្ដមានក្នុងវិស័យសិល្បៈអស់រយៈពេល3ឆ្នាំហើយ ការងារដែលនាងទទួលបានភាគច្រើនគឺការដើរម៉ូដ និងសម្ដែងកាយវិការខារ៉ាអូខេ ព្រមទាំងថតស្ប៉តមួយចំនួន។ ថ្មីៗនេះនាងប្រាប់ថា ដើម្បីឆ្ពោះទៅរកភាពល្បីល្បាញនាងចង់ភ្លក្សរសជាតិការសម្ដែងភាពយន្ដម្ដងដែលវាជាបទពិសោធថ្មីសម្រាប់នាង។

កញ្ញាខេខេ បានប្រាប់ថា ចាប់តាំងពីនាងចូលប្រឡូកសិល្បៈតាំងពីឆ្នាំ2014មក នាងទទួលបានការងារជាច្រើនទៅលើការសម្ដែងខារ៉ាអូខេ និងដើរម៉ូដ។ ពិសេសក្នុងឈុតសម្ដែងខារ៉ាអូខេភាគច្រើនត្រូវបានអ្នកដឹកនាំតម្រូវឱ្យនាងសម្ដែងជាតួអង្គស្រីដែលមានបុរសស្រឡាញ់ច្រើន និងចូលចិត្ដលេងល្បែងស្នេហា និងមានឈុតឆាកសិចស៊ីមួយចំនួនទៀតផង។

នាងបន្ដថា៖ «បន្ទាប់ពីទទួលបានការសម្ដែងខារ៉ាអូខេជាច្រើនបទមក  ទើបខ្ញុំដឹងថា ខ្លួនឯងអាចមានបទពិសោធក្នុងការសម្ដែងដោយមិនខ្មាសអៀនបានហើយ។ ខ្ញុំគិតថា ប្រសិនបើខ្ញុំមានឱកាសសម្ដែងក្នុងភាពយន្ដ និងពិសេសទទួលបានឈុតឆាកស្រដៀងគ្នាទៅនឹងការសម្ដែងខារ៉ាអូខេ នឹងជំរុញឱ្យខ្ញុំទទួលបានប្រជាប្រិយភាពក្នុងការសម្ដែងបន្ថែមទៀតមិនខាន»។ កញ្ញា ខេខេ ជាតារាសម្តែងម្នាក់ដែលមាននិស្ស័យស្រឡាញ់សិល្បៈតាំងពីក្មេងមកម្ល៉េះ នាងតែងមានបំណងប្រាថ្នា និងចង់បង្ហាញទេពកោសល្យខ្លួនទាំងការដើរម៉ូដ និងសម្ដែងទៅកាន់សាធារណជន។ តារាស្រីរូបនេះបានបញ្ជាក់ទៀតថា៖ «បន្ទាប់ពីឃើញរៀមច្បងមួយចំនួនគាត់បានចាប់អាជីពសម្ដែងបន្ថែម ព្រមទាំងទទួលបានជោគជ័យនោះ ខ្ញុំក៏បានតាំងចិត្ដថា ខ្ញុំត្រូវតែធ្វើឱ្យបានដូចពួកគាត់ដែរ»។

ទោះជាយ៉ាងណា ខេខេ បានប្រាប់ទៀតដែរថា នាងនឹងក្រាញននាលជាមួយការសម្ដែងគ្រប់ឈុតឆាកទាំងអស់ មិនថាតួអង្គសិចស៊ី ឬអ្វីឡើយ ឱ្យតែជាតម្រូវការរបស់អ្នកដឹកនាំរឿង នាងនឹងធ្វើឱ្យបានល្អដើម្បីឱ្យមហាជនទទួលយករូបនាងទៅទុកក្នុងដួងចិត្ដរបស់ពួកគាត់ក្នុងនាមជាតារាសម្ដែងដ៏ល្អមួយរូប៕

Advertisement