តារាសម្ដែងប្រុសស្រីក្នុងរឿង « ណូលីណូឡា » មានមោទនភាពក្រោយត្រឡប់មកពីប្រទេសចិន

គេបានឃើញថា តារាប្រុសសម្ដែងនៅក្នុងរឿង « ណូលីណូឡា » របស់ផលិតកម្មមហាហង្សមានដូចជា អ្នកនាង ភិន សុដាលីស លោក ភឹម តារាវិបុល និងចាងហ្វាងផលិតកម្មផ្ទាល់ លោក អ៊ិន សុភិន ទើបត្រឡប់មកពីមហោស្រពភាពយន្ដ Silk Road Film Festival នៅខេត្តសៀងមិញ ប្រទេសចិន ក្នុងរាត្រីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៩ ។

ជំនួបជាមួយអ្នកសារព័ត៌មានឡារ៉ែន តារាឯកប្រុស ភឹម តារាវិបុល បានប្រាប់ពីបទពិសោធន៍ទៅកាន់ប្រទេសចិនជាលើកដំបូងក្នុងការចូលរួមមហោស្រពថា គណៈរៀបចំកម្មមហោស្រពនៅប្រទេសចិន មានការយកចិត្តទុកដាក់ខ្លាំងចំពោះគណៈប្រតិភូដែលអញ្ចើញទៅពីគ្រប់បណ្ដាលប្រទេស។ ជាក់ស្ដែងខាងចិនមានអ្នកបកប្រែភាសាចិន ដើរតាមយើងជាប់ជានិច្ច ព្រោះដោយហេតុតែ នៅប្រទេសចិនមិននិយមនិយាយភាសាបរទេសក្រៅពីភាសាជាតិ។ លោកបន្តថា ពេលទៅដល់ទីនោះភ្លាមគឺពិបាកក្នុងការទំនាក់ទំនាក់មកបងប្អូននៅកម្ពុជាណាស់ ព្រោះការប្រើប្រាស់អ៊ិនធើណេតដោយសេរីត្រូវបានបិទ លុះត្រាតែប្រើស៊ីមកាតរបស់ចិន ទើបធ្វើឱ្យលោកមិនសូវបានប្រើងហ្វេសប៊ុកក្នុងការទាក់ទង។

លោក ភឹម តារាវិបុល ពោលថា នៅចិនប្រតិភូពីកម្ពុជា ទទួលបានការស្វាគមន៍ដូចថ្នាក់ដឹកនាំប្រទេសមួយរូប ហើយលោកសប្បាយចិត្តយ៉ាងខ្លាំង បើទោះជាមិនមានសេរីភាពក្នុងការដើរកម្សាន្ត។ ក្នុងនោះលោកក៏មិនអន់ចិត្តដែរ ដែលភាពយន្តរឿង”ណូលីណូឡា” មិនទទួលបានពាន ឬ រង្វាន់ណាមួយ ដោយលោកមានតែមោទនភាព ដែលភាពយន្តនេះ ត្រូវបានពិភពលោកដាក់បង្ហាញក្នុងចំណោមភាពយន្តល្បីៗមកពីទូទាំងពិភពលោក។ លោកបញ្ជាក់ថា ថ្វីបើមិនជាប់លេខ តែភាពយន្តរបស់កម្ពុជាមួយនេះ ក៍មានផលិតករច្រើនប្រទេសចាប់អារម្មណ៍ និងទទួលស្គាល់ ជាពិសេសផលិតករចិន ដោយក្នុងមួយថ្ងៃ លោក និងប្រតិភូមហាហង្ស ត្រូវសារព័ត៌មានចិនសុំសម្ភាសន៍ហើយផ្សាយក្នុងស្ថាប័នព័ត៌មានចិនធំៗគួរជាទីមោទនៈ៕

Advertisement