តារាសិល្បៈករជាង ១០ រូបពីគ្រួសារតារាកម្ពុជាត្រៀមបង្ហាញខ្លួនផ្សព្វផ្សាយវប្បធម៌ក្នុងពិធីធំមួយនៅសុរិន្ទ

យោងតាមការបញ្ជាក់ពីស្ថាបនិកគ្រួសារតារាកម្ពុជា នៅយប់ថ្ងៃទី២៤ តុលា ក្នុងឆ្នាំ២០១៩ នេះ លោកនឹងដឹកនាំសិល្បករគ្រួសារតារាកម្ពុជាសរុបចំនួនជា១០រូប បូករួមទាំងអ្នកជំនាញតែងឈុតបុរាណ ទៅកាន់ខេត្តសុរិន្ទប្រទេសថៃ ដើម្បីចូលរួមគ្រងឈុតបុរាណផ្សព្វផ្សាយវប្បធម៌ខ្មែរ នៅក្នុងពិធីអង្គកឋិនទានធំមួយ។ ដំណើរជាក្រុមរបស់សិល្បករខ្មែរនេះ គឺតបតាមការអញ្ជើញរបស់ ព្រះអង្គក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា ដែលត្រូវគេស្គាល់ថា ជាបុត្រីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងសារាវ័ន្ត និងមហេសី ព្រះនាម នរោត្តម រង្សី ច័ន្ទតារា ដែលជាអ្នកផ្ដើមបុណ្យមួយអង្គ ខណៈដែលអង្គកឋិនទាននេះ អ្នកផ្ដើមបុណ្យសុទ្ធសឹងតែជាព្រះញាតិវង្សខ្មែរ និងថៃ និងឥស្សរជនល្បីៗប្រចាំប្រទេសទាំងពីរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ក្រុមសិល្បៈដែលមានឈ្មោះចេញទៅកាន់ពិធីកឋិនទាន ដ៏ធំដែលជាវេទិកាចក្រដោយព្រះរាជវង្ស និងព្រះញាតិវង្សរបស់ព្រះមហាក្សត្រកម្ពុជា និងថៃនេះ គឺដើម្បីទៅធ្វើបុណ្យផង និងដើម្បីទៅផ្សព្វផ្សាយវប្បធម៌ ក្នុងគម្រោងគ្រងឈុតបុរាណនៅក្នុងពិធីដង្ហែរកឋិននោះផង។ លោកថាសមាជិកដែលត្រូវបានជ្រើស គឺរើសអ្នកស្ម័គ្រសហការទៅធ្វើបុណ្យរួមគ្នានៅទីនោះតែម្ដង ដោយក្រៅពីការធ្វើបុណ្យរួមគ្នា ក៏មានការសម្ដែង និងមានដំណើរទស្សនកិច្ច ដែលស្វាគមន៍ដោយព្រះញាតិវង្សខ្មែរ និងថៃ និងពលរដ្ឋខ្មែរសុរិន្ទ ដែលចង់ឃើញអ្នកសិល្បៈខ្មែរផង។ សិល្បករដែលស្ម័គ្រចិត្តទៅជួយផ្សព្វផ្សាយវប្បធម៌នៅសុរិន្ទ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨នេះ រួមមាន អ្នកនាង ឆ័យលី ដាឡែន តារាចម្រៀងប្រចាំគ្រួសាតារាកម្ពុជា, លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ឆ្នាំ២០១៨ និងជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា, កញ្ញា អ៊ុង នីនិច្ច តារាចម្រៀងប្រចាំក្រសួងព័ត៌មាន និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង សមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី វ៉ាន់ថុន ជាតារាសម្ដែង និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី ញឹម សុខា តារាសម្ដែង និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី គឹម វណ្ណៈ តារាសម្ដែង, លោក មាន ប៊ុនធឿន សិល្បករ, ម្ចាស់សម្អាងការមរកតមង្គលដែលជំនាញតែងបុរាណ និងក្រុមការងារគ្រួសាររតារាកម្ពុជា ដែលមានជំនាញផ្សព្វផ្សាយ និងយកព័ត៌មានសរុប១២រូប។ លោកថាពិធីត្រូវបានអញ្ជើញដោយ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា រយៈពេលមួយខែមកហើយ តែជារឿងគួរឱ្យស្ដាយដែលសិល្បករជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជាជាច្រើនរូបផ្សេងទៀត ដែលលោកបានអញ្ជើញផងដែរ តែមិនអាចចូលរួមបាន ព្រោះជាប់ភារកិច្ច។

ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា មានព្រះបន្ទូលថា ដោយសារតែព្រះអង្គម្ចាស់ក្សត្រីមានស្វាមីជាជនជាតិថៃ ហើយរស់នៅទឹកដីសុរិន្ទជាយូរមកហើយ ទើបព្រះអង្គក្សត្រីទទួលធ្វើកឋិនជាទ្រង់ទ្រាយធំមួយនេះ ដើម្បីប្រមែរប្រមូលព្រះញាតិវង្សត្រកូលស៊ីសុវត្ថិ នរោត្តម និងអង្គឌួង ឱ្យមកធ្វើបុណ្យកឋិននេះរួមគ្នា ដោយពិធីនេះក៏មានព្រះញាតិវង្សថៃជាច្រើនអង្គចូលរួម។ ព្រះអង្គម្ចាស់ក្សត្រីមានបន្ទូលថា ប្រធានអង្គកឋិនទានដ៏ធំមួយនេះ គឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សុចិត្រា និងអ្នកម្នាង រីថា ជាប្រធាន និងមានការចូលរួមពីម្ចាស់ដើមទានមួយចំនួនផ្សេងទៀតដូចជាអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ការៈមេស៊ូន ម្ចាស់ក្សត្រី ស៊ីសុវត្ថិ សោមាកត្ថរីកា លោកជំទាវ ម៉ៅ ម៉ាល័យ កែវគឹមយ៉ាន និងម្ចាស់ដើមទានជាខ្មែរ និងថៃមួយចំនួនផ្សេងទៀត។ ក្នុងពិធីនេះអ្នកអង្គម្ចាស់ក្សត្រីយ៍ ក៏បានយាង និងអញ្ជើញភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ពីភ្នំពេញ និងបងប្អូនខ្មែរជាញាតិជាច្រើនទៀត ដើម្បីចូលរួមផងដែរ។ ម្ចាស់ក្សត្រីបន្តថា ដោយសារពិធីនេះ ជាកឋិនទ្រង់ទ្រាយធំនៅសុរិន្ទ ទើបព្រះអង្គម្ចាស់ក្សត្រីយ៍ យាងម្ចាស់ប្អូនជីដូនមួយរបស់ព្រះនាង ដែលជាព្រះញាតិវង្សត្រកូលអង្គឌួង អោយអញ្ជើញតារាសិល្បៈក្នុងក្រុមគ្រួសារតារាកម្ពុជា មកលេង និងតែងបុរាណ អោយជនជាតិថៃបានឃើញ។ ពិធីដង្ហែរកឋិនដែលចម្រើនតព្រះរាជវង្សខ្មែរ និងថៃ ដ៏ធំនេះ នឹងធ្វើឡើងនៅរសៀលថ្ងៃទី២៦ តុលា ក្នុងឆ្នាំ២០១៩ នៅវត្តវត្តខូកឆុមបរមជិនដា ស្ថិតក្នុងភូមិខូកឆុម ឃុំខូកយ៉ាង ស្រុកប្រាសាទ ខេត្តសុរិន្ទ៕

Advertisement