Miss​ ​Planet​ ​International ​ជនជាតិ​ថៃ​ ​កញ្ញា​ ​ម៉ា​រី​សា​ ​ផុន​ធី​រ៉ាត់​ ​គាំទ្រ​បំពង់បឺត​ខ្មែរ​ធ្វើ​ពីដើម​ស្លឹកគ្រៃ​

​បវរកញ្ញា​ ​ភពផែន​ដី​លេខ២អន្តរជាតិ​ ​Miss​ ​Planet​ ​International ​ជនជាតិ​ថៃ​ ​កញ្ញា​ ​ម៉ា​រី​សា​ ​ផុន​ធី​រ៉ាត់​ ​បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​ការចូលរួម​លើកស្ទួយ​ការកាត់បន្ថយ​ប្លា​ស្ទីក​ ​និង​ថែ​ទាំង​បរិស្ថាន​បៃតង​។​ ​បវរកញ្ញា​រូប​នេះ​បាន​ចូលរួម​ដាំ​ដើម​កូន​ក្រញូង​ប្រមាណ២០០ដើម​ ​នៅ​តំបន់​ប្រាសាទបន្ទាយ​ ​តែ​ក៏បាន​ស្វែងយល់​ពី​របៀប​បង្កើត​បំពង់បឺត​ពីដើម​ស្លឹកគ្រៃ​ ​និង​ពី​ការផលិត​សំណល់​មិន​រលាយ​ ​ដើម្បី​បរិស្ថាន​ពី​អ្នកជំនាញ​ខ្មែរ​ផង​ដែរ​។​ ​កញ្ញា​បាន​អះអាង​ថា​ ​នឹង​យក​បទពិសោធន៍​ ​ដែល​ទទួល​បាន​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ ​ម៉េ​ម័រ​ ​រី​សត​ ​&​ ​ស្ប៉ា​ ​នៅ​សៀមរាប​នោះ​ ​យក​ទៅ​ចែកចាយ​នៅ​ពិភពលោក​ ​ជាពិសេស​គឺ​នៅ​ប្រទេស​ថៃ​របស់​នាង​តែម្ដង​។​ ​

​បន្ទាប់ពី​ទទួល​បានការ​ណែនាំ​ ​ពី​របៀប​ធ្វើ​បំពង់បឺត​ពីដើម​ស្លឹកគ្រៃ​ ​ជំនួស​អោយ​ការប្រើ​បំពង់បឺត​ទុយោ​ជ័រ​ ​និង​ទទួល​បានការ​ណែនាំ​ពី​របៀប​ផលិត​ភេសជ្ជៈ​ពី​បន្លែ​ ​និង​ផ្លែឈើ​ធម្មជាតិ​ ​នៅ​ក្នុង​ម៉េ​ម័រ​ ​រី​សត​ ​&​ ​ស្ប៉ា​ ​កញ្ញា​ ​ម៉ា​រី​សា​ ​បវរកញ្ញា​ថៃ​អន្តរជាតិ​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា​ ​គឺជា​លើក​ទី១​ ​ដែល​កញ្ញា​ ​ទទួល​បាន​ឱកាស​ស្វែងយល់​ដូច្នេះ​ ​ជាពិសេស​គឺ​ការបង្កើត​បំពង់បឺត​ពីដើម​ស្លឹកគ្រៃ​ ​ដែល​ជា​ការ​ជំនួស​ឱ្យ​ការកាត់បន្ថយ​បំពង់បឺត​ប្លា​ស្ទីក​។​ ​នាង​កាន់តែ​សប្បាយចិត្ត​នៅពេល​អ្នកជំនាញ​ពី​ការផលិត​ភេសជ្ជៈ​សុខភាព​ ​និង​បំពង់បឺត​ពីដើម​ស្លឹកគ្រៃ​ដោយ​ធម្មជាតិ​របស់​ខ្មែរ​ ​បង្ហាត់បង្រៀន​អោយ​នាង​ចេះ​នៅក្នុង​ថ្ងៃ​នោះ​។​ ​

​លោក​ ​សេង​ ​សេរី​វុឌ្ឍ​ ​ប្រធាន​ទីផ្សារ​ ​ម៉េ​ម័រ​ ​រី​សត​ ​&​ ​ស្ប៉ា​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ដោយសារ​សណ្ឋាគារ​ ​និង​ភោជនីយ​ដ្ឋាន​ម៉េ​ម័រ​ ​មាន​អ្នកឯកទេស​ពី​ការផលិត​អាហារ​ ​និង​ភេសជ្ជៈ​ ​ដែល​មានគុណ​ប្រយោជន៍​ពី​ធម្មជាតិ​ ​ទើប​អ្នកជំនាញ​ប្រចាំ​ម៉េ​ម័រ​ ​រៀបចំ​បទ​បង្ហាញ​ដើម្បី​ភ្ញៀវ​ ​និង​កញ្ញាឯក​ថៃ​ ​យល់ដឹង​ពី​ចំណេះ​ទាំងនោះ​។​ ​ម៉េ​ម័​រទាំង​មូល​ក៏​មាន​គោលការណ៍​មិន​ប្រើ​បំពង់បឺត​ប្លា​ស្ទីក​ផង​ដែរ​ ​ទើប​ផ្ដល់​ជូន​អ្នកជំនាញ​ឱ្យ​បង្ហាត់​កញ្ញាឯក​ថៃ​។​ ​លោក​ថា​ ​ម៉េ​ម័រ​ ​ជាទី​តាំង​មួយ​ដែល​តែង​គិតគូរ​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​គ្រប់​ជំហាន​ ​ទាំង​ការប្រើ​ប្រាស់​បន្លែ​បៃតង​ ​ការពិនិត្យ​ទឹក​ទទួលទាន​របស់​ភ្ញៀវ​ប្រចាំ​ហាង​រាល់២ខែ​ម្ដង​ ​និង​ការកែច្នៃ​សំណល់​កែង​ ​និង​ដប​ជា​ខ្សាច់​ជាដើម​ ​ដោយមាន​ដៃគូ​ពី​អង្គការ​មួយ​ជួយ​ផ្នែក​បច្ចេកទេស​។​ ​​គួរ​បញ្ជាក់​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​នោះ​ ​មានការ​ដឹកនាំ​ដោយ​ ​លោកស្រី​ ​ហាយ​ ​តារា​ ​និង​ ​អ្នកស្រី​ ​ហា​លី​អាមីន​ ​សហ​អគ្គ​នាយិកា​ ​Miss​ ​Planet​ ​International​ ​លោកជំទាវ​ ​ម៉ម​ ​ចាន់​ចំប៉ា​ ​អនុ​ការិយាល័យ​និ​តិ​វិធី​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​ក្រសួងមហាផ្ទៃ​ ​និង​ដៃគូ​សហការ​មួយចំនួន​ទៀត​៕​

Advertisement