ព្រះកាយច័ន្ទ ប៉ះគ្នាដំបូងជាមួយប្រុសសង្ហា សន ពិសិដ្ឋ ក្នុងរឿង « សម្បថដងស្ទឹង »

November 9, 2019​ ម៉ោង 5:06 pm

ភាពយន្តភាគទី២៣របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥មានចំណងជើងថា « សម្បថដងស្ទឹង » មានសរុបចំនួនដល់ទៅ៣០ភាគនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ដើម្បីដាក់ផ្សាយផ្លូវការនៅពាក់កណ្ដាលឆ្នាំក្រោយខាងមុខ ដែលមានតារាឯកស្រី កញ្ញា ព្រះកាយច័ន្ទ និងតួឯកប្រុស លោក សន ពិសិដ្ឋ។

រឿងភាគមួយនេះ គេបានដឹងថាតួឯកប្រុសស្រីខាងលើដែល​មិន​ធ្លាប់​ជួប​សម្ដែង​ជាមួយ​គ្នា​សោះ​នោះ តែឥឡូវ​ស្រាប់​តែ​ជួប​គ្នា​ក្នុង​ខ្សែ​ភាពយន្ត​បែប​ស្រុក​ស្រែ​ចម្ការ​។ ដោយសារមានទេពកោសល្យសិល្បៈពហុជំនាញទើប​តារា​ស្រី ព្រះ​កាយ​ច័ន្ទ​ដែល​នាង រមែង​គ្រប់​គ្រង​តំណែង​តួឯក​គ្រប់​រឿង។ បើ​ទោះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ​មាន​ជំនឿ​ថា អាច​នឹង​សម្ដែង​ចូល​គ្នា​បាន​ល្អ ដោយ​សំអាង​ថា ម្នាក់​ៗ​ក៏​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ច្រើន​រៀង​ៗ​ខ្លួន​ហើយ។ ពួក​គេ​ទាំង​ពីរ ទើប​តែ​ប៉ះ​គ្នា​លើក​ដំបូង​បំផុត​ក្នុង​ការ​សម្ដែង។ កុំ​ថា​ឡើយ​ថា ការ​សម្ដែង សូម្បី​តែ​នៅ​ខាង​ក្រៅ ក៏​មិន​ដែល​បាន​ជួប​គ្នា​ផង​ដែរ។ ដោយ​ឡែក ខាង​ប្រុស ក៏​អះអាង​ដូច​គ្នា​ថា ជា​បទ​ពិសោធន៍​លើក​ដំបូង​របស់​លោក​ជាមួយ ព្រះកាយច័ន្ទ។ មិន​ត្រឹម​ប៉ុណ្ណឹង នេះ​គឺ​ជា​តួឯក​លើក​ដំបូង​ថែម​ទៀត​ក្នុង​ការ​សម្ដែង​ភាពយន្ត​ប្រភេទ​ភាគ​សម្រាប់​ទូរទស្សន៍។

គួរបញ្ជាក់ដែរថា នេះគឺជាសម្មិទ្ធិផលរឿងភាគទី ២៣ របស់ទូរទស្សន៍ប៉ុស្ត៍លេខ៥ ដោយក្នុងនោះក៏មានការរៀបចំ និង ដឹងនាំសម្ដែង ពីសំណាក់ក្រុមផលិតករថៃផងដែរ។ ភាពយន្តថ្មីនេះមានវត្តមានចូលរួមសម្ដែងពីសំណាក់តារាល្បីៗប្រុសស្រីចាស់ក្មេងជាច្រើនរូប ពោរពេញដោយទេពកោសល្យ ដើម្បីរួមគ្នាអង្រួនផ្ទៃរឿងទាំងមូលឱ្យកាន់តែមានភាពទាក់ទាញ។ យ៉ាងណាមិញពិធីក្រុងពាលីភាពយន្តភាគថ្មីមួយនេះបានធ្វើឡើងនៅបរិវេនសណ្ឋាគាសូហ្វីតែលភ្នំពេញ ដែលមានតារាចាស់ក្មេងជាច្រើនត្រូវបានគេឃើញបង្ហាញខ្លួនដូចជា ៖ កញ្ញា ព្រះកាយច័ន្ទ លោក សន ពិសិដ្ឋ កញ្ញា ដាឡែន លោក ខេន លោក វរៈ ថន លោក ឧត្តម លោក សុភ័ក្ត និងតារាកិត្តិយសជាច្រើនរូបទៀត។

ចង់ដឹងថាភាពយន្តភាគថ្មីនេះមានអ្វីថ្មីៗ និងសាច់រឿងបែបណាខ្លះ សូមប្រិយមិត្តរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕