សរសើរទឹកចិត្តសិល្បករខ្មែរ អំពាវនាវ និងបំផុសឱ្យមានការជួយមូលនិធិល្ខោនខោលខ្មែរ

កាលពីល្ងាចថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩ សិល្បករសិល្បការិនី គ្រួសារតារាកម្ពុជាជាង២០រូបមានដូចជាអ្នកនាង លី ម៉ារីណា, កញ្ញា វណ្ណា វត្តី, លោក រុន ណាកូ, កញ្ញា ភី សម័យ, និង កញ្ញា ពេជ្រ ចរណៃ។ សមាសភាពសមាជិកពេញសិទ្ធិរួមមាន លោក មាស សៀវប៉ាយ, លោក ឯក រ៉ាវ័ន្ត, លោក សុខ វិសាល, លោក សែម ធារិន្ទ, លោក ឃីម រតនៈ, អ្នកនាង សាង សុរិយា, កញ្ញា ព្រះអាទិត្យតូច, លោក រ៉ា យ៉ាឌីន, កញ្ញា មុត សុវណ្ណារិទ្ធ, កញ្ញា ស្រីថូ, លោក សិរីវង្ស, និងតារាសិល្បៈជាសមាជិកជាច្រើនរូបទៀត បានបង្ហាញវត្តមានបំផុសឱ្យមានការគាំទ្រជួយដល់ល្ខោនខោល។

ក្រៅពីអំពាវនាវដល់មហាជនឱ្យគាំទ្រទម្រង់សិល្បៈបុរាណខ្មែរមួយនេះ តារាទាំងនោះក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងហិបរ៉ៃអង្គាស និងស្នើឱ្យមានចូលរួមជួយមូលនិធិល្ខោនខោល ដើម្បីអោយល្ខោនខោលខ្មែរមានលទ្ធភាពធ្វើព្រឹត្តិការណ៍ទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រមួយនៅឆ្នាំ២០២០។

លោក ស៊ុប ស័ក្ខរា អ្នករៀបចំកម្មវិធីបញ្ជាក់ថា គម្រោងធ្វើកម្មវិធីដ៏អស្ចារ្យពីសិល្បៈល្ខោនខោល នៅខ្វះខ្ទង់ចំណាយច្រើនណាស់ ជាពិសេសលើការរៀបចំឆាក ដេគ័រវាំងលើឆាក ការចំណាយលើសំលៀកបំពាក់តួ និងការចំណាយលើផ្នែកផ្សេងៗ ដោយលោកបញ្ជាក់ថា ជំនួយដែលបានពីការបរិច្ចាគ គិតត្រឹមយប់ថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩ ទើបទទួលបានជាង៦០លានរៀលទេ ប៉ុន្តែការចំណាយរហូតដល់ជាង១ពាន់លានរៀល។ លោកទទូចអោយមានការបរិច្ចាគបន្ត ដោយលោក និងក្រុមការងារ ក៏បានបោះពុម្ពអាវ និងក្រមា ក្នុងតម្លៃ១តែ១ម៉ឺនរៀល ដើម្បីប្រមូលប្រាក់ចំណេញ យកទៅផ្គត់ផ្គង់គម្រោងកម្មវិធី។ លោកថាមូលនិធិ១០០០រៀល នៅតែបន្តរ៉ៃអង្គាសថវិកា តាមរយៈការដាក់ហិបនៅផ្ទះកាហ្វរវប្បធម៌ និង ទីតាំងដែលបានប្រកាស៕

Advertisement