ថ្ងៃបើក « ណាងង៉ាម » លោក អ៊ិន សុភិន កុងត្រាទទួលសិទ្ធផលិតកម្មវិធី Miss Grand Cambodia រយៈពេល៤ឆ្នាំ

នៅរាត្រីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ នេះ អគ្គនាយក និងជាCEO ផលិតកម្មវិធីការប្រកួតបវរកញ្ញាឯក Miss Grand អន្ដរជាតិ បានចុះហត្ថលេខាជាមួយផលិតកម្មមហាហង្សមានលោក អ៊ិន សុភិនជាម្ចាស់ផលិតកម្ម ក្នុងការផលិតកម្មកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯក Miss Grand Cambodia រយៈពេល៤ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ ២០២០ នេះតទៅ។

លោក Nawat Itsaragrisil អគ្គនាយក និងជាCEO ផលិតកម្មវិធីការប្រកួតបវរកញ្ញាឯក Miss Grand អន្ដរជាតិ បានប្រាប់ថា មូលហេតុដែលលោកបានដកសិទ្ធផលិតកម្មវិធីនេះពីក្រុមហ៊ុនមុន គឺដោយសារតែក្រុមហ៊ុនមុន មិនបានបញ្ជូន Miss Grand Cambodia ឆ្នាំ២០១៩ ទៅប្រកួតនៅវេណេហ្ស៊ូឡា ទើបធ្វើឱ្យលោកមានការសោកស្ដាយជាខ្លាំងចំពោះបេក្ខភាពកម្ពុជា។ លោកថា ក្នុងឆ្នាំ២០២០នេះ លោកមានជំនឿជឿជាក់លើក្រុមហ៊ុនមហាហង្សដែលមានសមត្ថភាពជំនាញលើទីផ្សារនិងមានស្នាដៃច្រើនលើវិស័យភាពយន្ត និង កិច្ចការសប្បុរសធម៌ ហើយទុកចិត្តមួយភាគរយក្នុងការបញ្ចូនបេក្ខភាពបវរកញ្ញាកម្ពុជាទៅកាន់ឆាកអន្ដរជាតិយ៉ាងពិតប្រាកដ។

ក្នុងថ្ងៃបើកសម្ពោធ « ណាងង៉ាម » ដែលមានន័យថា ស្រស់ស្អាតដូចបវរកញ្ញា លោក អ៊ិន សុភិន ក៏បានបញ្ជាក់បន្ថែមថា ការប្រកួតជ្រើសរើស នឹងចាប់ផ្ដើមពីខែកុម្ភៈ ដើមឆ្នាំ២០២០តទៅ ដោយនឹងជ្រើសយកអ្នកលេខ១តំណាងខេត្តក្រុងនីមួយៗរួចហើយ ទើបប្រលងជ្រើសធំ ដើម្បីស្វែងរកស្រីស្អាតម្នាក់ ដែលស្អាត មានចំណេះដឹង អោយចេញតំណាងកម្ពុជា។ លោកថា គណកម្មការអន្តរជាតិ បញ្ជូនអ្នកជំនាញអោយមកបង្វឹក ទើបលោកមិនភ័យ៕

Advertisement