រឿង « បុប្ផាស្រុកស្រែ » និងរឿង « អន្ទាក់ស្នេហ៍ » ប្រកាសបញ្ចប់ការថត

នៅរាត្រីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៩ នេះ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានរៀបចំកម្មវិធីជួបជុំពិសារអាហាររួមគ្នារវាងសិល្បករ ក្រុមការងារថតនិងអ្នកដឹកនាំរឿងក្នុងពិធីបិទបញ្ចប់ការថតរឿងភាគទូរទស្សន៍ដល់ទៅ២រឿងព្រមគ្នា គឺរឿង « បុប្ផាស្រុកស្រែ » និងរឿង « អន្ទាក់ស្នេហ៍ » ។ ក្នុងរាត្រីដដែរនេះ គេឃើញមានតារាសិល្បៈជាច្រើនចូលរួមដូចជា កញ្ញា ដួង ម៉ានិច្ច លោក សេង មង្គល កញ្ញា ឈូករ័ត្ន លោក ជា លាងឆេ លោក ផាន់ ណាម៉ុច និងតារាល្បីៗថ្មីចាស់ជាច្រើនរូបទៀត។

កម្មវិធីសប្បាយនេះបានធ្វើឡើងនៅក្នុងបរិវេណហាងសមុទ្រព្រិល ដើម្បីជប់លៀងបិទបញ្ចប់ការថតភាពយន្តទាំងពីរនេះ ។ យ៉ាងណាមិញ លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីរបស់ទូរទស្សន៍ប៉ុស្ត៍លេខ៥បានអះអាងថា ខណៈនេះរឿង « បុប្ផាស្រុកស្រែ » កំពុងដាក់បញ្ចាំងឱ្យមហាជនបានទស្សនាកម្សាន្ដហើយ ហើយប៉ុស្ដិ៍លេខ៥ ក៏គ្រោងត្រៀមដាក់បញ្ចាំងរឿង« អន្ទាក់ស្នេហ៍ » បន្ដបន្ទាប់ទៀត ដែលរឿងទាំងពីរនេះមានទាំងអស់ ៣៨ ភាគ។ លោកថា នេះជាភាពយន្តដែលក្រុមអ្នកផលិត និងតួសម្ដែងប្រឹងប្រែងធ្វើឡើងយ៉ាងអស់ពីសមត្ថភាព ដោយលោកបានទាំងហៅភាពយន្តនេះថា ជាស្នាដៃដែលនឹងក្លាយជារសជាតិល្អមួយ នៅពេលដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះផង។ លោកថាមួយរឿងនេះទាំងផលិតករ និងតួសម្ដែងសុទ្ធតែពិបាក ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តគឺបានភាពយន្តមួយ ដែលមានស្តង់ដារគ្រប់គ្រាន។ លោកថារឿងនេះ ត្រូវបានថតបានចប់តាមការគ្រោងទុក បើទោះជាបានថតចប់ ក៏នៅត្រូវការកែព័ណ៌ និងកាត់តបន្តទៀត ដើម្បីឱ្យមានគុណភាពផងដែរ។

សូមជម្រាបផងដែរថា ជាទូទៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ តែងតែរំលេចកម្មវិធីល្អៗ ដូចជាសិល្បៈភាពយន្ត វិស័យកីឡា និងសុខភាព ព្រមទាំងកម្មវិធីផ្សេងៗទៀត ជាដើម។ ប៉ុស្តិ៍លេខ៥ បានគិតគូដល់ការលើកកម្ពស់វិស័យភាពយន្តខ្មែរ ហើយតែងគិតបង្កើតថ្មីៗ ដើម្បីឱ្យតារាទាំងអស់ បង្ហាញសមត្ថភាពមានការគាំទ្រពីមហាជន ព្រមទាំងបង្កើតកម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរជាបន្តទៀត តាមរយៈការមានឱកាសសម្តែង។ ចុងបញ្ចប់នៃកម្មវិធីបិទសកម្មភាពនេះ តារាដែលចូលរួមសុទ្ធតែសប្បាយរីករាយ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ ដែលបានបង្កើតបរិយាកាសស្និតស្នាលជួយដល់តារាសម្តែងទាំងអស់ ឱ្យមានការងារធ្វើ៕

Advertisement