តា ហ៊្វុយហ្សូ តារាកំប្លែងវ័យ ៧៤ ឆ្នាំ សង្គ្រោះបន្ទាន់នៅពេទ្យកាល់ម៉ែត្រ ខ្វះខាតជំនួយ

ភ្នំពេញៈ ខណៈ​មក​ដល់​ពេល​ពេលនេះ​​ តា ហ៊្វុយ​​​ហ្សូ​​ ឈ្មោះ​ពិត ស៊ូ សា​វ៉ាង ជាតារា​​កំប្លែង​ជើង​ចាស់ និង​ជា​ប្រធាន​អង្គការ​សមាគម​ចលនា​ វប្បធម៌​ជាតិ ដើម្បី​កុមារ​កំព្រា​ និង​ក្រីក្រ (NACA)​  កំពុង​សង្គ្រោះ​បន្ទាន់​​​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ ខណៈ​លោក​ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​ពេទ្យ​នៅ​វេលា​ម៉ោង​១០ យប់​មិញនេះ បន្ទាប់​ពី​មាន​អាការ​ចុក​ឆ្អល់​ក្នុង​ពោះ ទ្រាំ​លែង​បាន។​

បើ​តាម​គ្រូ​ពេទ្យ​ប្រចាំ​ការ​នៅ​មន្ទីរ​ពេទ្យ​នោះ បាន​ឲ្យ​ដឹង​ថា លោក​តា​​​  ហ៊្វុយ​​​ហ្សូ​​ នៅ​មិន​ទាន់​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​ទេ​ និង​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន តារា គ្រូពេទ្យ​បាន​ប្រាប់​ថា តា ហ៊្វុយ​ហ្សូ បាន​បែក​​គ្រាប់​ឈាម​យ៉ាង​ខ្លាំង ហើយ​គ្រឿង​ក្នុង​ពេទ្យ​​ថា មាន​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។ ​អតីត​តារា​​កំប្លែង​វ័យ ​៧៤ ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​មាន​ជំងឺ​សន្លាក់​យ៉ាង​ធ្ងន់ធ្ងរ​ជាង ​២ ខែ​មក​ ហើយ។ ជំងឺ​នោះ​បាន​ធ្វើ​ឲ្យ​​អតីត​តារា​កំប្លែង​រូប​នេះ មាន​អាការ​បាន​ធ្វើ​ទុក្ខ​ជា​ខ្លាំង​​ស្ទើរ​រាល់​​ថ្ងៃ ចាប់​ពី​ត្រគាក​រហូត​ដល់​ចុង​ជើង គឺ​មាន​អាការ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង មិន​អាច​ដេក​និង ​ដើរ​បាន​ឡើយ។

 

គួរ​បញ្ជាក់​ថា​ក​ន្លង​មក​លោក​តា ហ៊្វុយ​ហ្សូ​  ក៏​ធ្លាប់​លេច​ឮ​ថា​លោក​បាន​លះបង់​ដោយ​ការ​យក​ប្លង់​​ផ្ទះ​​​ទៅ​ដាក់​ធានា​ដើម្បី​យក​ប្រាក់​ពី​​ធនា​គារកាល​ពី​ ២ ឆ្នាំ​មុន​  ​ នា​គ្រា​នោះ​​អង្គការ​របស់​លោក​​អស់​ជំនួយ​តែ​ម្ដង ស្រប​ពេល​ដែល​លោក​បាន​ប្ដូរ​ទីតាំង​មក​នៅ​កន្លែង​ថ្មី សប្បុរ​ស​ជន​​ដែល​​ធ្លាប់​ជួយ​រក​មិន​ឃើញ ហើយ​មិន​មាន​​បណ្ដាញ​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយទៀតផង។​ លោក​ធ្លាប់​បង្ហើប​បាន​ឲ្យ​ដឹង​ថា  កាល​ណោះ​លោក​បាន​ខ្ចី​ប្រាក់​ពី​ធនាគា​រ​ត្រឹម​តែ​ ១០០០ ដុល្លារ ដើម្បី​យក​មក​ដោះ​ទាល់​មួយ​គ្រា ជាពិសេស​គឺ បង់​ថ្លៃ​ភ្លើង​តែ​ម្ដង ព្រោះ​ភ្លើង តែ​ហ៊ាន​បង់​​​យឺត​គឺ​​គេ​​ផ្ដាច់​ហើយ។ ស្រណោះ​សម្តី​លោក​ថា ៖ «រឿង​​គេ​​ផ្ដាច់​ភ្លៀង​ហ្នឹង​ គេ​​​ផ្ដាច់​ច្រើន​ដង​​​​មក​ហើយ អី​ចឹង​មាន​តែ ប្លង់​ផ្ទះ​ហ្នឹង​សិន​ហើយ ដើម្បី​ដោះស្រាយ​មួយ​គ្រា​សិន»។

អង្គការ NACA របស់​តា ហ៊្វុយ​ហ្សូ​  បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០០០ ដោយ​ទទួល​​យក​តែ​កុមារ​កំព្រា ឬកុមារ​ដែល​​ក្រីក្រ​គ្មាន​លទ្ធភាព​​ទៅ​សាលា​រៀន ក្នុង​ចន្លោះ​ពី អាយុ៦ឆ្នាំ រហូត​ដល់​ទៅ១៨​ឆ្នាំ ។ អង្គការ​មួយ​នេះ មាន​បង្រៀន​សិល្បៈ​របាំ​គ្រប់​ប្រភេទ  តារា​សម្ដែង​ខារ៉ាអូខេ ពិធី​ករ បង្រៀន​ភាសា អង់គ្លេស  និង ចំណេះដឹង​ទូទៅ​ជា​ដើម៕​​

Advertisement