ស៊ុន ស្រីពេជ្រ ចេញពីរស្មីហង្សមាស ក៏មិនភ័យខ្លាចធ្លាក់ប្រជាប្រិយដែរ

បន្ទាប់ពីមានដំណឹងលេចឮថា តារាចម្រៀងស្រីនិយមបែបមនោសញ្ចេតនាស្រុកស្រែ និង និយមបែបប្រពៃណីបុរាណខ្មែរ កញ្ញា ស៊ុន ស្រីពេជ្រ បានចូលទៅជ្រកនៅក្នុងផលិតកម្មថោនហើយនោះ តារាស្រីរូបនេះបានផ្ដល់បទសម្ភាសជាពិសេសជុំវិញបញ្ហានេះ ជាមួយអ្នកសារព័ត៌មាន ឡារ៉ែន ខណៈដែលនាងបានចូលរួមកម្មវិធីខួបអាពាហ៍ពិពាហ៍ 14ឆ្នាំ របស់លោក កុយ ស៊ីឌឿន កាលពីពេលកន្លងទៅ។

ស៊ុន ស្រីពេជ្រ បាននិយាយថា “ចា៎ស បងបានចេញពីផលិតកម្មចម្រៀងរស្មីហង្សមាសហើយ ហើយក៏មានផលិតកម្មធំក្នុងស្រុកដ៏ល្បីមួយដែរ បានហៅបងទៅថតបទចម្រៀងសម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលទាំងអស់មានចំនួន 5បទរួចហើយ”។

មានសំណួរមួយទៀតបានចោទសួរថា តើបងស្រី ស៊ុន ស្រីពេជ្រ បានចូលទៅច្រៀងក្នុងផលិតកម្មថោន តើពិតដែរឬទេ? ព្រោះកន្លងមកមានដំណឹងលេចឮជាច្រើន ថាបងបានទៅជ្រកនៅទ្រនំនោះហើយ។ មិនបង្អង់យូរ តារាស្រីល្បីបទទេសចរណ៍រូបនេះបានបញ្ជាក់ប្រាប់ថា “រឿងនេះបងសុំមិនទាន់និយាយសិន ចាំដល់ពេលចេញបទចម្រៀងមក អ្នកគាំទ្រនឹងបានដឹងមិនខាន” ។

កញ្ញា ស៊ុន ស្រីពេជ្រ បានបញ្ជាក់ប្រាប់ថា បើទោះបីជានាងបានចេញពីផលិតកម្ម រស្មីហង្សមាស ជាផលិតកម្មធំក្ដី ក៏ប៉ុន្ដែនាងមិនបានភ័យបារម្ភក្នុងការធ្លាក់ប្រជាប្រិយភាពឡើយ ស្រីពេជ្របាននិយាយទាំងក្ដីសង្ឃឹមថា “មិនភ័យខ្លាចទេ ព្រោះបងរំពឹងទៅលើអ្នកគាំទ្រដែលបានគាំទ្របទចម្រៀងបងពីមុនៗមក ហើយថ្មីៗខាងមុខនេះ បងនឹងមានចេញបទចម្រៀងទេសចរណ៍ជាច្រើនបទទៀត ដើម្បីត្រៀមនៅក្នុងពិធីបុណ្យសមុទ្រ នាខែធ្នូ ឆ្នាំ2017 ខាងមុខនេះទៀតផង”៕

Advertisement