ព្រះកាយ ច័ន្ទ ក្រុមចម្រៀងខ្ញុំអាចនឹងបរាជ័យ បើពុំទទួលបានទីផ្សារ Concert

ទោះបីជាក្រុមតារាចម្រៀង Girl Girl មានឱកាសឡើងបង្ហាញទេពកោសល្យនៅតាមការប្រគំតន្រ្ដីនៃស្ថានីយទូរទស្សន៍នានា និងទទួលបានការគាំទ្រពីយុវវ័យក៏ពិតមែន ប៉ុន្ដែកញ្ញាព្រះកាយ ច័ន្ធ ដែលជាប្រធានក្រុមបានសម្ដែងការបារម្ភថា ប្រសិនបើក្រុមនាងមិនប្រឹងប្រែងពង្រីកសមត្ថភាពទេអាចនឹងជួបបរាជ័យ។

កញ្ញាព្រះកាយ ច័ន្ទ បានបញ្ជាក់ថា មូលហេតុដែលនាងជាតារាសម្ដែងហើយងាកមកបង្កើតក្រុមចម្រៀងស្រី Girl Girl ផងនោះ ព្រោះនាងសម្លឹងឃើញសមាជិករបស់ខ្លួនមានសម្ទុះជាមួយការងារនេះ គ្រាន់តែពុំមានអ្នកត្រួសត្រាយផ្លូវឱ្យប៉ុណ្ណោះ ដូច្នេះហើយទើបនាងសម្រេចចិត្ដបង្កើតក្រុមនេះតែម្ដង។ នាងអះអាងថា បើទោះជាជំហានដំបូងនាងទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ពីអ្នករៀបចំការប្រគំតន្រ្ដីមែន តែនាងនឹងខំប្រឹងពង្រឹងសមត្ថភាពខ្លួនឡើងទៀត ដើម្បីឱ្យមានទីផ្សារក្នុងវិថីសិល្បៈ។

ប្រធានក្រុមរូបនេះបញ្ជាក់ថា៖ «បច្ចុប្បន្នយើងមើលឃើញថា ទីផ្សារសិល្បៈនៃការប្រគំតន្រ្ដីនេះ លុះត្រាតែតារាចម្រៀងមានកេរ្ដិ៍ឈ្មោះល្បីទើបគាត់មានទីផ្សារនៃការប្រគំតន្រ្ដីនៅតាមបណ្ដាខេត្ដ។ ប្រសិនបើយើងមិនអាចទទួលបានការប្រគំតន្ដ្រីទាំងនោះទេ យើងនឹងអាចបរាជ័យ ដូច្នេះខ្ញុំត្រូវតែខំប្រឹងពង្រឹងសមត្ថភាពសមាជិក ក៏ដូចជាសមត្ថភាពខ្លួនឯង ដើម្បីក្ដោបក្ដាប់ទីផ្សារក្នុងប្រទេសកម្ពុជាឱ្យបាន ធ្វើយ៉ាងណាឱ្យទស្សនិកជនងាកមកចាប់អារម្មណ៍តារាចម្រៀងជាក្រុមវិញម្តង»។

ក្រុម Girl Girl បានបង្កើតឡើងរយៈពេលកន្លះឆ្នាំទៅហើយ មានតារាចម្រៀងដូចជាកញ្ញា ព្រះកាយ ច័ន្ទ កញ្ញានៅ ដាណេ កញ្ញាជេស៊ី កញ្ញាយ៉ានុត។ ក្រុមនេះទទួលបានការហ្វឹកហាត់ក្បាច់រាំដោយផ្ទាល់ពីកញ្ញាព្រះកាយ ច័ន្ទ។

កញ្ញាព្រះកាយ ច័ន្ទ បញ្ជាក់ថា ទោះមានអ្នករៀបចំកម្មវិធីនៃការប្រគំតន្ដ្រីតាមខេត្ដចាប់អារម្មណ៍ជាមួយក្រុមនាងក៏ដោយ ក៏នាងពុំទាន់ហ៊ានទទួលយកការងារទាំងនេះភ្លាមដែរ ព្រោះនាងគិតថា សមត្ថភាពរបស់សមាជិកក្នុងក្រុមនៅមានកម្រិតនៅឡើយ ដែលត្រូវទាមទារពេលវេលាបន្ដិចទៀតទើបអាចធ្វើឱ្យនាងមានទំនុកចិត្ដបាន៕

Advertisement