ចូលរួមរំលែកទុក្ខមរណភាពរបស់ម្ដាយរ៉ូលីន

ប៉ុន្មានម៉ោងមុននេះបន្ដិច រ៉ូលីនបានបង្ហោះរូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook Page ដ៏សែនសោកសៅ និងក្រៀមក្រំបំផុត ខណៈដែលរូបគេបានបាត់បង់មាតាជាទីស្រឡាញ់ពីពិភពលោកនេះហើយ។

កញ្ញារ៉ូលីន ឬលោកជួប ច័ន្ទកក្កដាបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ម្ដាយលោកបានទទួលមរណភាពដោយសារតែរោគាពាធក្នុងជន្មាយុ70ឆ្នាំ ព្រោះថាលោកស្រី ស៊ីន ស៊ីផាងា ជាម្ដាយមានជំងឺសួតធ្ងន់ធ្ងរហើយរ៉ាំរ៉ៃប្រមាណជាមួយឆ្នាំមកហើយ។ កាលវិលត្រឡប់មកពីទឹកដីសហរដ្ឋអាមេរិកមិនទាន់បានប៉ុន្មាននាទីផង តារារូបនេះក៏ប្រញាប់ចាត់ចែងពិធីបុណ្យសពរបស់ម្ដាយខ្លួនភ្លាមៗតែម្ដង ដែលជារឿងដ៏គួរឱ្យខ្លោចចិត្ត និងទុក្ខសោកបំផុតសម្រាប់រូបលោក។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសពលោកស្រីស៊ីន ស៊ីផាងាដែលជាម្ដាយបង្កើតរបស់រ៉ូលីនបានទទួលមរណភាពនៅវេលាម៉ោង11 ថ្ងៃត្រង់ ថ្ងៃទី10 ខែកក្កដា ឆ្នាំ2017 ហើយកំពុងរៀបចំនៅក្នុងខេត្តកំពង់ស្ពឺផងដែរ។លោកជួប ច័ន្ទកក្កដា ឬរ៉ូលីន មិនទាន់បានបញ្ជាក់ថានិងត្រូវតម្កល់សពម្ដាយរបស់លោករយៈពេលប៉ុន្មានថ្ងៃ រួចបានបូជានោះទេ។ ដូច្នោះហើយក្នុងនាមជាមិត្តសិល្បករ និងជាអ្នកគាំទ្រសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង៕

 

Advertisement