អ៊ីវ៉ា៖ ប៉ាដាក់បម្រាមរឿងការសម្ដែង តែរឿងផ្ទាល់ខ្លួនគាត់អត់ហាមទេ…

គ្រាដែលកញ្ញា អ៊ីវ៉ា មានបទចម្រៀងរបស់ខ្លួនបែបញាក់កន្ដ្រាក់អារម្មណ៍ច្រើននោះ មានមហាជនជាច្រើនសន្និដ្ឋានថា តារាចម្រៀងម្នាក់នេះប្រហែលជាលែងអៀនខ្មាស ឬកំណាញ់ខ្លួនដូចពេលនាងចូលសិល្បៈដំបូងៗទៀតហើយមើលទៅ។

កញ្ញា អ៊ីវ៉ា បានចាប់អាជីពសិល្បៈតាំងពីនាងមានអាយុប្រមាណជិត 20ឆ្នាំម្ល៉េះ ពេលនោះនាងបានប្រាប់ថា នាងមិនយកភាពសិចស៊ី ឬការសម្ដែងក្នុងឈុតឆាកខារ៉ាអូខេបែបស្និទ្ធស្នាលឱបថើបធ្វើជាទុនដើម្បីទាញយកប្រជាប្រិយភាពឡើយ បើទោះជានាងជាតារាថ្មោងថ្មីក៏ដោយ។

ជួបជាមួយកញ្ញា អ៊ី វ៉ា នាងបានបញ្ជាក់ថា ចិត្ដនាងនាពេលបច្ចុប្បន្នក៏នៅតែមិនខុសពីពេលមុនៗដដែល ពោលគឺនាងនៅតែប្រកាន់ខ្ជាប់នូវការតាំងចិត្ដរបស់នាង ប៉ុន្តែកន្លងមកដោយសារតែផលិតកម្មតម្រូវឱ្យសម្ដែងជាមួយតារាចម្រៀងប្រុសនៅក្នុងផលិតកម្មតែមួយ ទើបនាងសម្ដែងក្នុងលក្ខណៈស្និទ្ធស្នាល។ នាងបន្ដថា កន្លងមកនាងសម្ដែងតែជាមួយតារាចមៀងប្រុសមួយចំនួន ដូចជាលោក កែវ វាសនា លោកអាន គុណកូឡា ព្រមទាំងលោក ឆាយ វីរៈយុទ្ធប៉ុណ្ណោះ។

តារាចម្រៀងរូបនេះ បញ្ជាក់ថា៖ «ទោះបីខ្ញុំចូលប្រឡូកសិល្បៈយូរហើយក្ដី ក៏ខ្ញុំនៅតែខ្មាសអៀនចំពោះការសម្ដែងជាមួយតារាប្រុសដូចតែពេលមុនៗអ៊ីចឹង។ ខ្ញុំអាចសម្ដែងបានក្នុងលក្ខណៈស្និទ្ធស្នាលល្មមៗ តែបើកាន់ដៃជើងកៀកកិតគ្នាជ្រុលហួសហេតុខ្លាំងពេក ខ្ញុំមិនសម្ដែងទេ»។

បញ្ហានេះត្រូវនាងប្រាប់បន្ថែមថា មូលហេតុនាងមិនទទួលយកការសម្ដែងបែបសិចស៊ី ឬស្និទ្ធស្នាលនោះ គឺដោយសារតែចិត្ដនាងមិនចង់សម្ដែងផង និងមានបម្រាមពីឪពុករបស់នាងផង។ សូម្បីតែពេលថតបទចម្រៀងបែបញាក់កន្រ្ដាក់អារម្មណ៍ម្ដងៗ ក៏នាងមានការប្រយ័ត្នប្រយែងចំពោះការសម្ដែងដែរ។

ទោះយ៉ាងណាកញ្ញា អ៊ី វ៉ា បញ្ជាក់ថា ឪពុកនាងរឹតត្បិតតែលើការសម្ដែងបែបស្និទ្ធស្នាលកាន់ដៃកាន់ជើងតែប៉ុណ្ណោះ តែចំពោះរឿងផ្ទាល់ខ្លួន និងជុំវិញរឿងស្នេហាវិញ ឱពុកនាងពុំបិទសិទ្ធិឡើយ ព្រោះឪពុកនាងស្គាល់ច្បាស់ពីចរិតកូន។ នាងបន្ថែមថា៖”គាត់ជូនខ្ញុំទៅណាមកណាមិនមែនគាត់បារម្ភរឿងហ្នឹងទេគឺ គាត់បារម្ភពីសុវត្ថិភាពពេលចេញច្រៀងឆ្ងាយពិសេសចេញទៅតាមបណ្ដាខេត្ដម្ដងៗ ម្យ៉ាងវាជាការសំណូមពររបស់ខ្ញុំផង ខ្ញុំយល់ថា ពេលទៅណាមកណាមានប៉ា គឺខ្ញុំកក់ក្ដៅ”៕

Advertisement