តារាជើងចាស់ថៃ 6 ដួងទទួលមរណភាពបន្តបន្ទាប់គ្នាក្នុងខែ​កក្កដានេះ

ខែកក្កដានេះ បានសាងភាពសោកសៅដ៏ធំធេងសម្រាប់ពិភពសិល្បៈថៃ ដែលការសោកសៅនេះគឺជារឿងធម្មតារបស់ធម្មជាតិ ព្រោះថា ការកើតចាស់ឈឺស្លាប់ គឺជារឿងដែលយើងមិនអាចចៀសផុតបានឡើយ ហើយនៅក្នុងអំឡុងពេលនេះ សិល្បៈប្រទេសថៃកំពុងស្ថិតនៅក្នុងសភាវសោកសៅយ៉ាងខ្លាំងបំផុត ដោយសារតារាសម្ដែងជើងចាស់ និងតារាចម្រៀងជើងចាស់របស់ប្រទេសថៃ បានលាចាកលោកព្រមៗគ្នានៅក្នុងខែកក្កដានេះ។

បើវិលទៅរកអតីតកាលឆ្នាំ1995 ពិភពសិល្បៈប្រទេសថៃក៏កើតមានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងម្តងដែរ ដោយសារតារាជើងចាស់ថៃចំនួន 3 រូបបានទទួលមរណភាពបន្តបន្ទាប់គ្នា ក៏ប៉ុន្ដែជាអកុសលណាស់ ដែលនៅក្នុងឆ្នាំ​2017 នេះ មានតារាជើងចាស់ថៃដល់ទៅ 6 រូបបានលាចាកលោកនេះ រួមមាន៖

1.នៅថ្ងៃទី5 ខែកក្កដា ឆ្នាំ2017 លោកយាយ អ៊ីត ស៊ិនីនាដ ផូធីវេត ជាតារាសម្ដែងជាន់ខ្ពស់ដែលបានសាងស្នាមញញឹម និងសំឡេងសើចក្អាកក្អាយដល់ទស្សនិកជនតាមរយៈរឿងភាគជាច្រើនកន្លងមកនោះ លោកយាយបានទទួលមរណភាពក្នុងជន្មាយុ 89 ឆ្នាំ។

2.នៅថ្ងៃទី5 ខែកក្កដា ឆ្នាំ2017 អ៊ំស្រី ទីង ភីមផាន់ បូរណៈភីម ជាតារាសម្ដែងជាន់ខ្ពស់បំផុត ដែលមានសមត្ថភាពពហុជំនាញបានលាចាកលោកយ៉ាងស្ងប់ស្ងាត់នៅក្នុងផ្ទះសំណាក់ខេត្តខនគែន ក្នុងជន្មាយុ 71 ឆ្នាំ។​

3.នៅថ្ងទី7​ ខែកក្កដា ឆ្នាំ2017 តារាចម្រៀងរ៉ុកស្រីមានឈ្មោះ វ៉ែន ធិទិម៉ា ជាតារារ៉ុកឃើរ៍ស្រីដ៏ល្បីល្បាញដំបូងបង្អស់របស់ប្រទេសថៃបានទទួលមរណភាពក្នុងអាយុ 54 ឆ្នាំ ដោយសារតែកើតជំងឺមហារីកសុដន់រ៉ាំរ៉ៃរយៈពេល 2 ឆ្នាំ បន្ទាប់មករាលដាលដល់កើតជំងឺមហារីកឆ្អឹង និងពោះវៀនទៀតផង។

4.នៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2017 តារាចម្រៀង ទើយ ហៃរ៉ុក ជាអតីតតន្ត្រីករ និងជាតារាចម្រៀងនៅក្នុងក្រុម HiRock ទទួលមរណភាពដោយសារជំងឺមហារីកថ្លើមក្នុងអាយុ 52 ឆ្នាំ។



5.នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2017 លោកអ៊ំ ដៀរ៍ ឈុំផន ជាឪពុកតារាស​ម្ដែងប្រុស សនរ៉ាម ឬនាយផា បានទទួលមរណភាពក្នុងជន្មាយុ 78 ឆ្នាំ ដោយសារលោកកើតជំងឺរ៉ាំរ៉ៃ និងមានជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាល។

6.នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2017 តារាសម្ដែង និងកំប្លែងស្រី មានឈ្មោះ វ៉ែវ ចុកម៉ុក និងជាប្អូនស្រីបង្កើតរបស់តារាកំប្លែងល្បីឈ្មោះ នាយ ម៉ាំ ចុកម៉ុក បានលាចាកលោកនេះទៅដោយសាររោគគាំងបេះដូងក្នុងអាយុ 50 ឆ្នាំ។

គួរបញ្ជាក់ផងដែរថា តាមរយៈសារព័ត៌មាន gossipstar.mthai.com បានសម្ដែងការសោកស្តាយ ចូលរួមរំលែកទុក្ខ និងសូមផ្ដល់កម្លាំងចិត្តចំពោះក្រុមគ្រួសារតារាជើងចាស់ទាំង 6 រូបនេះផងដែរ៕

Advertisement