ង៉ែត សុវណ្ណនេត ទោះកើតក្នុងគ្រួសារក្រីក្រ តែមានមោទនភាពនឹងវីរភាពម្ដាយ

ក្រោយពីតស៊ូក្នុងអាជីពសិល្បៈអស់រយៈពេល 4ឆ្នាំមក គេមើលឃើញថា តារាសម្ដែងង៉ែត សុវណ្ណនេត ហាក់មានកេរ្ដិ៍ឈ្មោះជាងមុន ខណៈលោកទទួលបានការងារថតភាពយន្ដ ស្ប៉ត និងថតបទចម្រៀងខារ៉ាអូខេច្រើនគួរសម។ លោកប្រាប់ថាបើទោះបច្ចុប្បន្នអាជីពសិល្បៈមានការរីកចម្រើនពិតមែន ប៉ុន្ដែលោកនៅមិនទាន់ធូរស្រាលក្នុងចិត្ដនៅឡើយទេ។

កន្លងមកគេបានដឹងថាតារាសម្ដែងង៉ែត សុវណ្ណនេត មានការតាំងចិត្ដចូលប្រឡូកក្នុងសិល្បៈដើម្បីរកប្រាក់ចំណូលចិញ្ចឹមម្ដាយ គ្រាដែលម្ដាយរបស់គេកំពុងតែមានជំងឺប្រចាំកាយ។ ង៉ែត សុវណ្ណនេត បញ្ជាក់ថា បច្ចុប្បន្នអាជីពសិល្បៈរបស់លោកចាប់ផ្ដើមទទួលបានការគាំទ្រខ្លាំង ពិសេសតម្លៃខ្លួនក្នុងការងារកាន់តែមានកំណើនដែលអាចឱ្យលោករកប្រាក់ចំណូលបានច្រើនជាងមុន។ ទោះយ៉ាងណាលោកពុំសូវហ៊ានចាយវាយឱ្យបានពេញដៃនៅឡើយទេ ព្រោះនៅមានកាតព្វកិច្ចមើលថែម្ដាយរូមជាមួយបងប្រុសរបស់ខ្លួន។

តារាសម្ដែងរូបនេះប្រាប់បន្ដថា៖ «ទោះអាចរកប្រាក់បានច្រើនជាងមុនក៏ដោយ ក៏ខ្ញុំពុំសូវហ៊ានចាយវាយច្រើនលើសកម្រិតដែរ ព្រោះថវិកាដែលរកបានខ្ញុំត្រូវសន្សំទុកមួយចំនួនធំសម្រាប់ផ្ញើរទៅផ្ទះ ដើម្បីយកទៅព្យាបាលជំងឺម្ដាយនៅពេលមានអាការធ្វើទុក្ខម្ដងម្កាល»។

សុវណ្ណនេតបន្ថែមថា លោកទទួលបន្ទុកនេះជាមួយបងប្រុសតាំងពីមិនទាន់ចូលសិល្បៈម្ល៉េះ ព្រោះចាប់តាំងពីលោកដឹងក្ដីពេលណាបានឃើញតែម្ដាយរងទុក្ខជាមួយនឹងការទទួលបន្ទុកមើលថែគ្រួសារ ចិញ្ចឹមបីបាច់កូនទាំងពីរយ៉ាងលំបាក។ ង៉ែត សុវណ្ណនេត បន្ដថា កាលលោកនៅក្មេង ម្ដាយលោកសុខចិត្តស៊ីឈ្នួលគេលើកថ្ម ជិះកង់ដើរលក់ធូប និងធ្វើការងារជាច្រើនទៀត ដើម្បីចិញ្ចឹមកូនប្រុសទាំងពីររហូតបានធំពេញវ័យ ដូច្នេះទោះលំបាកយ៉ាងណាលោកត្រូវតែមើលថែទាំគាត់វិញក្នុងនាមជាកូន។

ទោះបីជាមានកាតព្វកិច្ចដែលយើងមើលឃើញថា ជាបន្ទុកធ្ងន់ធ្ងរសម្រាប់តារាសម្ដែងរូបនេះក្ដី ប៉ុន្ដែលោកង៉ែត សុវណ្ណនេតបញ្ជាក់ថា៖ «បើទោះជាខ្ញុំកើតមកក្នុងគ្រួសារមានជីវភាពក្រលំបាកក៏ដោយ ក៏ខ្ញុំមានមោទនភាពជាមួយគ្រួសារខ្ញុំខ្លាំងណាស់ ពិសេសអ្នកម្ដាយរបស់ខ្ញុំគ្រាដែលគាត់សុខចិត្ដរស់នៅក្នុងភាពមេម៉ាយតាំងពីខ្ញុំនៅក្មេងរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំពិតជាស្ញប់ស្ញែងចំពោះវីរភាពរបស់ម្ដាយខ្ញុំខ្លាំងណាស់ ព្រោះគាត់សុខចិត្ដរស់នៅម្នាក់ឯងមិនយកប្ដីថ្មីទៀត ខ្លាចគេធ្វើបាបកូន»។

គួរបញ្ជាក់ថា បច្ចុប្បន្នលោកទើបតែបញ្ចប់ការថតរឿង «ពេទ្យភូមិខ្ញុំ» និងរឿង «កំហឹងអ្នកស្រុក» ដែលគ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN និងMY TV៕

Advertisement