យ៉ែម ស្រីពេជ្រ កាន់តែមានទំនុកចិត្ដនឹងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5

ក្រោយពីកញ្ញា យ៉ែម ស្រីពេជ្រ បានចុះកុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5 រួចមក នាងបានសម្ដែងនូវអារម្មណ៍រីករាយជាខ្លាំងក្រោយពីទទួលបានការងារជាបន្ដបន្ទាប់ ខណៈដែលនាងក៏មិនអាចទទួលយកការសម្ដែងពីស្ថានីយទូរទស្សន៍ណាផ្សេងបានដែរ។

 

គិតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយដែលកញ្ញា យ៉ែម ស្រីពេជ្រ បានធ្វើកុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5។ រហូតមកដល់ពេលនេះនាងទទួលបានការសម្ដែងរឿងភាគចំនួន4រឿងហើយ។ ក្នុងនោះត្រូវបានអ្នកដឹកនាំតម្រូវឱ្យនាងសម្ដែងជាតួឯកស្រីចំនួន3រឿង ដូចជា​រឿង​ «កូន​ក្រមុំ​លោក​មេឃុំ​» «ចម្ការម្លប់ស្នេហ៍» និងរឿង«នេះឬជីវិត»។

កញ្ញា យ៉ែម ស្រីពេជ្រ បញ្ជាក់ថា នាងពិតជាសប្បាយចិត្ដមែនចំពោះការសម្រេចចិត្ដរបស់ខ្លួនក្នុងគ្រានោះ ដែលឥឡូវវាកំពុងតែបង្ហាញលទ្ធផលវិជ្ជមានជាច្រើនតបមកនាងវិញតាមរយៈការទទួលបានការងារពីស្ថានីយទូរទស្សន៍ជាបន្ដបន្ទាប់ទាំងការសម្ដែង និងពិធីការិនី។ នាងបន្ដថា ក្រោយពីសម្លឹងឃើញទីផ្សារការងារមានច្រើននាងធ្លាប់មានចិត្តនឹកស្ដាយខ្លះដែរ ប៉ុន្ដែក្រោយមកនាងយល់ថា នៅពេលនាងឈរជើងនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5នេះ ក៏មិនខ្វះការងារធ្វើដែរ។

តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ក្រោយពីនឹកស្ដាយរួច ខ្ញុំក៏គិតត្រឡប់ទៅវិញថា ប្រសិនបើគ្មានស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5 ជាអ្នកផ្ដល់កំណើតឱ្យខ្ញុំទេ តើខ្ញុំអាចល្បីបានដែរឬ? ខណៈដែលកាលពីមុន ខ្ញុំទៅធ្វើតេស្ដសម្ដែងតាមបណ្ដាផលិតកម្មមួយចំនួន ពុំមាននរណាចង់ទទួលយកខ្ញុំផងហ្នឹង!»។

ខណៈរឿង «នេះឬជីវិត» បានធ្វើក្រុងពាលីកាលពីព្រឹកមិញគឺជារឿងទី3របស់កញ្ញា យ៉ែម ស្រីពេជ្រដែលទទួលបានតំណែងជាតួឯកស្រីនោះ នាងបានប្រាប់ទៀតថា ការពិតទៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5មិនដែលបិទសិទ្ធិនាងឡើយ គ្រាន់តែមុននឹងធ្វើអ្វីមួយត្រូវពិភាក្សាជាមួយថ្នាក់ដឹកនាំសិនប៉ុណ្ណោះ។ ពិសេសនៅពេលមានការងារជាន់គ្នាយើងត្រូវផ្ដល់អាទិភាពឱ្យការងារប៉ុស្ដិ៍លេខ 5 មុនគេ។ ដល់ពេលទំនេរហើយ ចង់ធ្វើអ្វីក៏បានដែរ៕

Advertisement