ស៊ីស៊ី៖ ខ្ញុំមិនចង់ជាប់ឈ្មោះជាតារាសិចស៊ីទេ

មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា កញ្ញាស៊ី ស៊ី ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ដោយគេបានផ្ដោតទៅលើការតុបតែងខ្លួនបែប Fashion បង្កប់នូវភាពសិចស៊ី តែទោះយ៉ាងណាតារារូបនេះបានបញ្ជាក់ថា នាងគ្មានបំណងចង់បង្អួតលើភាពសិចស៊ី ឬទទួលតំណែងជាតារាសិចស៊ីឡើយ។

ទោះបីជាកញ្ញាស៊ីស៊ីបានចូលប្រឡូកក្នុងអាជីពសិល្បៈតាំងពីឆ្នាំ2005 តាមរយៈកម្មវិធីប្រឡងកញ្ញាឯកប្រ៊ីតស្ដុនក៏ដោយ ក៏នាងពុំសូវមានមហាជនស្គាល់ច្រើនដែរ ទើបតែកាលពីឆ្នាំ2016កន្លងទៅ នាងទទួលបានការចាប់អារម្មណ៍ច្រើន ខណៈដែលនាងទទួលបានឱកាសការងារជាច្រើន ដូចជាថតវីដេអូឃ្លីប សម្ដែងភាពយន្ដ និងដើរបង្ហាញម៉ូដនៅក្នុងកម្មវិធីធំៗជាដើម។

កញ្ញា ស៊ី ស៊ី បញ្ជាក់ថា មូលហេតុដែលនាងពុំសូវទទួលបានប្រជាប្រិយភាព ព្រោះតែដំបូងឡើយនាងគិតថា ការចូលប្រឡូកក្នុងការងារសិល្បៈគ្រាន់តែជាការកម្សាន្ដប៉ុណ្ណោះ ប៉ុន្ដែក្រោយពីមានឱកាសបានទទួលការងារជាបន្ដបន្ទាប់មកធ្វើឱ្យនាងកាន់តែស្រឡាញ់អាជីពនេះ នឹងចង់ចាប់យកការងារទាំងនោះឱ្យបានជាប់លាប់តែម្ដង ពិសេសក្រោយពីមានការចាប់អារម្មណ៍លើរូបសម្រស់ និងការតុបតែងខ្លួនរបស់នាងច្រើនធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្ដដើម្បីបន្ដអាជីពនេះទៅមុខទៀត។

កាលពីនៅវ័យកុមារ ស៊ីស៊ី​តែងមានក្ដីស្រមៃថា នាងនឹងអាចក្លាយជាតារាសិល្បៈមួយរូបដែលមានឈ្មោះបោះសំឡេង ខណៈដែលនាងបានឃើញរូបតារារៀមច្បងនៅតាមប៉ាណូ និងលើកញ្ចក់ទូរទស្សន៍ជាដើម។ ជាក់ស្ដែងនៅពេលនេះ ក្ដីបំណងរបស់នាងចាប់ផ្តើមសម្រេចបានក្នុងរង្វង់80%ហើយ ខណៈដែលប្រជាប្រិយភាពរបស់នាងក៏កំពុងតែមាននៅលើទីផ្សារសិល្បៈផងដែរ។ នាងបន្ដថា ជុំវិញការតុបតែងខ្លួនដែលគេមើលឃើញថា មានភាពសិចស៊ីនោះ វាគ្រាន់តែជាស្ទីលបែប Fashion ធ្វើយ៉ាងណាឱ្យប្លែក ឱ្យមានភាពទាក់ទាញ ព្រោះនាងពុំចូលចិត្ដប្រើគ្រឿងអលង្ការមកពាក់លើខ្លួនច្រើនដើម្បីលម្អកាយនោះឡើយ។

តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ទោះបីជាមហាជនមានការចាប់អារម្មណ៍ជាមួយការតុបតែងខ្លួនរបស់ខ្ញុំក៏ដោយ ប៉ុន្ដែខ្ញុំពុំចង់ជាប់ឈ្មោះជាតារាសិចស៊ីទេ ដ្បិតអីប្រទេសយើងនៅមានការតឹងរ៉ឹង និងប្រកាន់លើផ្នែកប្រពៃណីច្រើន។ ម្យ៉ាងខ្ញុំចង់ឱ្យគេសរសើរថា ជាតារាសិល្បៈពូកែសម្ដែង ឬតារាមានភាពស្រស់ស្អាតច្រើនជាង»។

ស៊ីស៊ី បញ្ជាក់ថា ភាពស្រស់ស្អាតដែលនាងចង់បញ្ជាក់នៅទីនេះគឺ មិនប្រកាន់ថា ស្អាតបែបធម្មជាតិ ឬស្អាតបែបកែសម្ផស្សនោះទេ សំខាន់គឺ តារាសិល្បៈនោះត្រូវតែចេះថែរក្សាសម្ផស្សរបស់ខ្លួនឱ្យមានភាពស្រស់ស្អាតបានយូរអង្វែងតាមរយៈការហាត់ប្រាណឱ្យមានរាងកាយស្រស់ស្អាត និងមានភាពទាក់ទាញពីមហាជនជានិច្ច៕

Advertisement