ដួង មានិច តំណាងតារាស្រីកម្ពុជាលើកពានតួសម្ដែងឆ្នើមនៅប្រទេសថៃ

តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ដួង មានិច នឹងក្លាយជាតារាសម្តែងស្រីឆ្នើមម្នាក់ពីកម្ពុជាលេចមុខក្នុងកម្មវិធីទទួលពានរង្វាន់ផ្នែកសិល្បៈធំមួយនៅប្រទេសថៃនាចុងខែមករាឆ្នាំ២០២០នេះ។

ពិតជាភ្ញាក់ផ្អើលសម្រាប់ដំណឹង១ដែលទទួលបានថា តារាសម្តែងពីកម្ពុជា កញ្ញា ដួង ម៉ានិច នឹងលេចមុខក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់តារាឆ្នើមដ៏ធំមួយមានឈ្មោះថា” Thailand  Digital Awards 2020” ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២០នេះនាទីក្រុងបាងកក។ ព្រឹត្តិការណ៍នេះក៏នឹងមានវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះយ៉ាងច្រើនកុះករ នៅព្រះរាជាណាចក្រថៃចូលរួមផងដែរដូចជាអ្នកនាង ផេន ខេកជាដើម។ តារាសម្តែងស្រីកញ្ញា ដួង ម៉ានិច លើកឡើងថានាងពិតជាមានមោទភាព និងរំភើបរកអ្វីមកផ្ទឹមពុំបានក្រោយពីផលិតករនៅប្រទេសថៃបានជ្រើសរើសនាងឲ្យចូលរួម និងទទួលពានជាតារាសម្តែងឆ្នើមពីកម្ពុជា។ នាងថានៅមានសិល្បករពីររូបផ្សេងទៀតដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ប៉ុន្តែនាងមិនទាន់ដឹងនៅឡើយទេថាជាតារារូបណា។ តារាស្រីរូបនេះបញ្ជាក់ថា នាងបានត្រៀមខ្លួនរួចជាស្រេចពិសេសការច្នៃម៉ូតរ៉ូតយ៉ាងប្រណីតបង្កប់ដោយអត្តសញ្ញាណខ្មែរចូលរួមព្រឹត្តិការណ៍ដ៏ធំ និងជាប្រវត្តិសាស្ត្រក្នុងអាជីពសិល្បៈរបស់នាង។ តារាស្រីវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ថានាងថាជាក្តីស្រមៃមួយដែលនាងចង់បានជាយូរហើយពេលនេះបានក្លាយជាការពិត បន្ទាប់ពីប្រឡូកសិល្បៈអស់រយៈពេលជាង១ទសវត្សរ៍មកហើយ។

គួរបញ្ជាក់ដែរថា ចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈកាលពីអំឡុងឆ្នាំ ២០០៧ ក្រោយពីជាប់ជាកញ្ញាឯកប្រជាប្រិយ តារាសម្តែង ដួង ម៉ានិច ឆ្លងកាត់បទពិសោធន៍ និងការតស៊ូខ្លាំងលើវិស័យសិល្បៈ។ តារាសម្តែងមានទឹកដីកំណើតពីខេត្តបន្ទាយជ័យរូបនេះទទួលបានឱកាសច្រើនពីផលិតករជាច្រើន ព្រោះតែភាពរួសរាយរាក់ទាក់ ការគោរពពេលវេលា បូកផ្សំទាំងរូបសម្រស់ និងទេពកោលសល្យបានធ្វើឲ្យតារាស្រីរូបនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់វ័យ ហើយស្នាដៃសម្តែងភាពយន្តជាច្រើនសន្ធឹកសន្ធាប់ត្រូវបានតារាស្រីរូបនេះសម្រេចបាន៕

Advertisement