តួឯកប្រុសក្នុងរឿង My Secret Romance មកគោរពវិញ្ញាណក្ខន្ធព្រះបរមសពស្ដេចថៃ

កំពូលតារាសម្ដែងកូរ៉េ លោក Sung Hoon ដែលជាតួឯកប្រុសនៅក្នុងរឿងភាគទូរទស្សន៍មានចំណងជើងថា My Secret Romance បានមកគោរពវិញ្ញាណក្ខន្ធព្រះបរមសពព្រះមហាក្សត្រភូមិផុន អាឌុលយ៉ាដេត រជ្ជកាលទី 9 នៅបរិវេណខាងក្រៅព្រះបរមរាជវាំង ដែលដំណើររបស់លោកមកកាន់ប្រទេសថៃនេះ គឺក្នុងគោលបំណងជួបជុំបណ្ដាអ្នកគាំទ្រ និងចូលរួមកម្មវិធីផ្សព្វផ្សាយរឿងថ្មីរបស់លោកនៅក្នុងប្រទេសថៃផងដែរ។

រូបភាពប៉ុន្មានសន្លឹកដែលបង្ហោះនៅក្នុងបណ្ដាញអ៊ីនស្ដាក្រាមរបស់លោកបានបង្ហាញឱ្យឃើញថា លោកបានចូលទៅតម្រង់ជួរជាមួយប្រជាជនថៃនៅមុខព្រះបរមរាជវាំងក្នុងការរង់ចាំថ្វាយបាច់ផ្កា និងបួងសួងនៅក្នុងបរិវេណវត្តព្រះកែវ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះបរមសព។ អ្នកគាំទ្របានប្រាប់ព័ត៌មានលម្អិតថា មុនពេលដែលតារាឯកប្រុសរូបនេះមកដល់ប្រទេសថៃ លោកបានដឹងដំណឹងពីការសោយទិវង្គតរបស់ស្ដេចថៃហើយ ទើបលោកមានការតាំងចិត្តមួយដើម្បីមកគោរពវិញ្ញាណក្ខន្ធព្រះបរមសព បើទោះបីជាមានពេលវេលាខ្លីប្រថុចញ៉ុចយ៉ាងណាក៏ដោយ ក៏ប៉ុន្ដែដោយសារតែការតាំងចិត្តយ៉ាងប្រាកដប្រជា នៅទីបំផុតលោកបានប្រើពេលវេលា 2 ម៉ោងដែលនៅសេសសល់ ទៅតម្រង់ជួរចូលគោរពវិញ្ញាណក្ខន្ធដូចដែលបានការតាំងចិត្ត។

ជាចុងក្រោយ នៅពេលត្រឡប់មកដល់សណ្ឋាគារវិញ តារាប្រុសវ័យ 34 ឆ្នាំរូបនេះបានថតរូបជាមួយព្រះឆាយាល័ក្ខណ៍ស្ដេចថៃនៅមុខសណ្ឋាគារផងដែរ ។ ការធ្វើដំណើរមកកាន់ប្រទេសថៃក្នុងគ្រានេះ លោកបានធ្វើឱ្យអ្នកគាំទ្រ និងប្រជាជនថៃស្រឡាញ់ និងបានសាងសេចក្ដីសុខជូនអ្នកគាំទ្រជាទីពេញចិត្ត ហើយលោកក៏បានអះអាងផងដែរថា លោកនឹងត្រឡប់មកប្រទេសនេះវិញម្តងទៀតនាពេលខាងមុខ៕

Advertisement