តួល្បីល្ខោននិយាយ “ថៅកែចិត្តចោរ” បង្ហាញរសជាតិសម្ដែងថ្មីក្នុងភាពយន្ដ “អន្ទាក់ស្នេហ៍” និងទម្លាយប្រវត្តិកម្សត់

លោកគ្រូ អន សុភៈ សិល្បករសម្ដែងជើងចាស់ជាតួអង្គ តាចន ក្នុងរឿង “អន្ទាក់ស្នេហ៍” ជាព្រឹទ្ធាចារ្យ បង្ហាតបង្រៀនផ្នែកល្ខោននិយាយ មានតួនាទីក្នុងវិស័យអប់រំ និងធ្លាប់សម្ដែងជាតួអង្គ “ថៅកែចិត្តចោរ” ថែមទៀតផង។ ការសម្ដែង និង ការរៀបចំអត្តចារិកក្នុងភាពយន្ត “អន្ទាក់ស្នេហ៍” គឺជាតួអង្គចាស់ព្រើ ខ្វះសីលធម៌ និងមានល្បិចគួរឱ្យខ្លាចមិនចាញ់ តួ “ថៅកែចិត្តចោរ” ទេ។

ក្រោយពីបានទស្សនារឿង “អន្ទាក់ស្នេហ៍” ហើយមានប្រិយមិត្តជាច្រើនពេញចិត្តនឹងការសម្ដែងរបស់លោកគ្រូ អន សុភៈ ដែលសម្ដែងជាតួតាចន ដែលជាក់ស្តែងលោកគ្រូ ក៏ជាអ្នកដឹកនាំរឿងល្ខោន អ្នកនិពន្ធ និងមានប្រវត្តិតស៊ូក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ តាំងតែពីលោករួចរស់ពីសម័យខ្មែរក្រហមមក។

លោកគ្រូ អន សុភៈ រំឭកឡើងថា រូបលោកប្រឈមនឹងការបាត់បង់ជីវិតជាច្រើនលើកច្រើនសារក្នុងសម័យខ្មែរក្រហម ដោយសារបញ្ហាសុខភាព និងការស្រែកឈ្លាន គ្មានអ្នកថែរក្សា។ ក្រោយរួចពីសម័យនោះ រូបលោកបានបាត់បង់សមាជិតគ្រួសារអស់ ហើយគ្មានទីពឹង តែដោយលោកមានប្រវត្តិរៀនសូត្រផ្នែកសិល្បៈល្ខោននិយាយ និងមានទេពកោសល្យ រូបលោក ត្រូវបាន លោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលធ្លាប់ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលចិញ្ចឹមទុកដូចកូនបង្កើត។

សិល្បករជើងចាស់រូបនេះ បន្តស្នាដៃសម្ដែងសិល្បៈ និងរៀនសូត្រតាមគន្លងការអប់រំរបស់ ព្រឹទ្ធាចារ្យ ឆេង ផុន ហើយបានទទួលឱកាសជាបន្តបន្ទាប់ទៅរៀននៅបរទេសផ្នែកសិល្បៈដឹកនាំរឿង និងល្ខោននៅប្រទេសអភិវឌ្ឍនខៅលោកខាងលិច ហើយក៏ត្រឡប់មកស្រុកខ្មែរវិញ សិល្បកររូបនេះចាប់ផ្ដើមមានជំងឺជាប់ខ្លួន ដែលពិបាកក្នុងព្យាបាល តែរូបលោកនៅតែព្យាយាមក្នុងការងារជាអ្នកនិពន្ធ អត្ថបទ និងបង្រៀនដល់ សិស្សនិសិ្សតផ្នែកសិល្បល្ខោននិយាយនេះ។

ជំងឺរបស់លោកគ្រូ អន សុភៈ ស្ទើរតែឆក់យកអាយុជីវិតរបស់លោកគ្រូ តែដោយការជួយជ្រោមជ្រែងពី លោកព្រឹទ្ធាចារ្យ ឆេង ផុន និងគ្រួសារ បានធានាព្យាបាលរូបលោករហូតដល់ជាសះស្បើយ។ រូបលោកក៏មានជីវិតបន្តការងារក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបម្រើក្នុងវិស័យសិល្បជាសិល្បករសម្ដែងល្ខោននិយាយ និងជាគ្រូបង្ហាត់បង្រៀនល្ខោននិយាយ រហូតមកដល់បច្ចុប្បន្ន។ ហើយថ្មីៗនេះ លោកគ្រូ អន សុភៈ ជាតារាសម្ដែងជើងចាស់ ដ៏ជំនាញម្នាក់ក្នុងវិស័យសិល្បៈទី៧នេះ លោកគ្រូ ក៏មានកិតិ្តនាមយ៉ាងល្បីសម្ដែងជាតួ ថៅកែចិត្តចោរ ក្នុងរឿង ល្ខោននិយាយ “ថៅកែចិត្តចោរ” ហើយរូបលោកក៏ជាតួអង្គក្នុងរឿង “អន្ទាក់ស្នេហ៍” ដែលកំពុងបញ្ចាំងគ្រប់រោងភាពយន្ត៕

Advertisement