« នាងដើរចាប់ក្ដាម » ពីតារាចម្រៀងស្អក រាជ ប្រាថ្នា កំពុងផ្ទុះការគាំទ្រខ្លាំងលើបណ្ដាញសង្គម

មួយបទដែលមានចំណងជើងថា « នាងដើរចាប់ក្ដាម » កំពុងតែទទួលភាពនិយមនៅលើបណ្ដាញសង្គម ដែលជាការបកស្រាយរបស់តារាចម្រៀងប្រុសសំឡេងស្អកនៅក្នុងផលិតកម្ម Top Music គឺលោក រាជ ប្រាថ្នា។ តាមការផ្ដល់សម្ភាសន៍ជាមួយសារព័ត៌មានឡារ៉ែន តារាប្រុសវ័យក្មេងរូបនេះ បានអះអាងថា កៀកដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ លោកមានចម្រៀងតែមួយបទនេះទេសម្រាប់កំដរអារម្មណ៍មហាជនអ្នកគាំទ្រ ចាក់សាប់និងរាំលេងកម្សាន្ដ។

លោក រាជ ប្រាថ្នា ត្បិតតែចេញចម្រៀងមួយបទនេះនៅលើបណ្ដាញសង្គមយូធូបហើយក៏ពិតមែន ក៏ប៉ុន្ដែលោកបានប្រាប់ថា បទចម្រៀងនេះកំពុងតែត្រៀមថតវីដេអូអឹមវីជាសាច់រឿង ដែលមានលាយលំជាមួយរូបភាពកំប្លុកកំប្លែង ធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើច និងសប្បាយទៅតាមបទ។ តាំងពីថ្ងៃបង្ហោះនៅលើបណ្ដាញសង្គមរហូតដល់ពេលនេះ ចម្រៀង « នាងដើរចាប់ក្ដាម » ទទួលបានអ្នកចូលទស្សនាកើតឡើងៗរហូតដល់ខ្ទង់លានអ្នក View ។ បើតាមតាមអារម្មណ៍រំភើប និងនឹកស្មានមិនដល់ដែលផ្ទុះការគាំទ្រខ្លាំងបែបនេះ លោក ប្រាថ្នា បន្ដថា លោកពិតជាអរគុណដល់ពុកម៉ែបងប្អូនដែលស្រឡាញ់បទចម្រៀងរបស់រូបលោក ថ្វីបើឆ្នាំនេះលោកមានចម្រៀងប្រពៃណីតែមួយបទក៏ពិតមែន តែលោកសប្បាយចិត្តដែលឃើញមានសន្ទុះក្នុងការគាំទ្រចេញពីចិត្តពិតៗ។

សូមជម្រាបថា លោក រាជ ប្រាថ្នា បានចុះកុងត្រាជាមួយផលិតកម្ម Top Music រយៈពេល ៥ ឆ្នាំ ហើយបានចេញបទចម្រៀងជាហូរហែ ដែលនៅក្នុងនោះរួមមានបទមនោសញ្ចេតនាដូចជា ភ្លេងការអ្នកណា និងបទគ្មានអនាគត ជាដើម សុទ្ធសឹងជាបទចម្រៀងដែលមហាជនអ្នកគាំទ្រចូលចិត្តខ្លាំង និងនិយមចាក់ផ្សាយតាមរយៈប៉ុស្ដិ៍វិទ្យុផងដែរ។ តារាប្រុសដែលជ្រកដំបូលរួមជាមួយផលិតកម្មថោនរូបនេះ ក៏បានអះអាងទៀតថា លោកបានចូលច្រៀងនៅក្នុងផលិតកម្មមួយនេះ ក៏ទទួលបានការជ្រោមជ្រែងពីសំណាក់ម្ចាស់បទ « នឹកនា » ហើយក៏សូមអរគុណដល់លោក ដា ភ្លេង និងបងៗអ្នកនិពន្ធទាំងអស់ផងដែរ ក្នុងការជួយជ្រោមជ្រែងក្នុងពិភពសិល្បៈចម្រៀងមួយនេះ។

កុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូចម្រៀងរបស់តារាប្រុសសំឡេងស្អក លោក រាជ ប្រាថ្នា តាមរយ​បទ « នាងដើរចាប់ក្ដាម »៖

Advertisement