អេនជី រន្ធត់​ចិត្ត​ចង់ជួយ​ទារិកាម្តាយ​ដាក់​ក្នុងធុង​អាំងពង​មាន់​

ភ្នំពេញៈ ក៏​ព្រោះ​តែ​ទឹកចិត្ត​អាណិត​អាសូរ​កូន​ ក្នុងនាមភាព​​ជាម្តាយ​មួយរូប ខណៈ​ដែល​ខ្លួន​ទើប​​សម្រាល​​​​កូន​ប្រុស​​​វ័យ ៥ ខែ ធ្វើឲ្យ​ពិធី​ការិនី​សម្តី​ផ្អែម​ស្រាល​ប្រចាំ​ទូរ​ទស្សន៍​​អាស៊ី​អាគ្នេយ៍ និង​ភីអិនអិន អ្នក​នាង លី ច័ន្ទដាលីស ហៅកញ្ញា​ អេនជី រំជួលចិត្ត​យ៉ាង​ខ្លាំង​ក៏​ប្រកាស​​ជជីក​សួរ​រក​លេខ​​​ទូរ​​​​​ស​ព្ទ​​​ដៃ​​​​​ស្ត្រី​​ជាម្តាយ ​របស់​ទារិ​កា ដែល​ដាក់​កូន​ក្នុងរទេះ​ធុង​​ក្បែរ​ចង្អើរ​អាំង​ពងមាន់​គួរ​ឲ្យ​ សង្វេក​​នោះ​​ភ្លែតហ្ម​ង!

កើត​​​​ចេញ​ពី​រូបភាព​កូនង៉ែត​មួយ​សន្លឹក ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​ហ្វេសប៊ុក​ជាមួយ​នឹងសារ​មួយ​ឃ្លា​ថា៖ «ទោះ​ទុក្ខ​ម៉ែធ្ងន់​ដូចភ្នំ​សង្កត់​ក៏ម៉ែ​មិន​ចោល​កូនដែរ» ធ្វើឲ្យ​អ្នកនាង អេនជី ក្តុកក្តួលក្នុង​​ចិត្ត​កើតនូវ​​ក្តី​​អាណិតអាសូរ​ដល់​ទារិកា​ក៏សួរ​ថា៖ «មាន​នរណា​ស្គាល់​លេខ​ទូរសព្ទ​គាត់ទេ?»។ អ្នកនាង លី ច័ន្ទ​ដាលីស បង្ហើប​​ថា៖ «គ្រាន់តែ​បាន​ឃើញ​រូបគេ​បង្ហោះ ក៏មាន​ចិត្ត​អាណិតអាសូរ​ដល់​​ក្មេង​នោះ​ភ្លាម ព្រោះ​​​ខ្ញុំយល់​ពីអារម្មណ៍​ដែល​កំពុង​តែមាន​កូនតូច​ដែរ។ ហើយ​ខ្ញុំក៏​គិតថា ហេតុអ្វី​​ក្មេងៗ​មាន​ជីវិត​រស់​លើ​​ផែនដី​តែមួយ​ ចុះម៉េច​ក៏មាន​វាសនា​ខុសគ្នា​អ៊ីចឹង​វិញ​ហ្ន?​»​។​

 

ពិធី​ការិនី​រូប​ស្រស់​សោភា​ដែល​ទើប​វិលចូល​បម្រើ​ការងារ​សិល្បៈ​វិញ​ ក្រោយ​ពី​សម្រាល​កូនប្រុស​ជូន​ស្វាមី​​ជា​អាណិកជន​ខ្មែរ​អាមេរិក​ឈ្មោះ​លោក ភីធើរ សុធារ៉ាហេង តាំងពី​ពេល​កូនប្រុស​មានវ័យ​ត្រឹម​​មួយខែ​នោះ​បន្តថា៖ «មើល​ទៅ​ក៏ដឹង​ដែរ​ថា មាន​សភាព​ក្តៅ​ខ្លាំង​ណាស់ ដែល​ម្តាយ​ដាក់កូន​នៅក្នុង​ធុង​ដែក​ក្បែរ​ចង្អើរ​អាំង​ពងមាន់​នោះ។ នេះ​ក៏ដោយ​សារ​ទឹកចិត្ត​ម្តាយ​មិន​ចង់ឲ្យ​កូន​ឃ្លាតឆ្ងាយ​ពីខ្លួន។ ការ​ដែល​នាងខ្ញុំ​សួររក​លេខ​ទូរស័ព្ទ​គាត់​ជាម្តាយ មិនមែន​នាងខ្ញុំ​ជាអ្នក​មាន​ធនធាន​ស្តុកស្តម្ភ​អ្វីនោះ​ឡើយ គឺ​​គ្រាន់តែ​ចង់ជួយ​ចែក​រំលែក​ការ​លំបាក​របស់​គាត់​ខ្លះ​តាមរយៈ​រូបនាង​ ខ្ញុំ និងក្រុម​មិត្តភក្តិ ឬ​ប្រសិន​បើ​មាន​​បងប្អូន​ផ្សេង​ទៀត​ចង់​ចូលរួម​ជួយ​សម្រួល​នូវទុក្ខ​លំបាក​នេះ ​ក៏បាន​គឺយើង​ជួយ​ខ្មែរ​ដូច​គ្នា​​ទៅតាម​លទ្ធ​ភាព​អាចជួយ​បាន​រៀងៗ​ខ្លួន។ តែ​ពេលនេះ​នាងខ្ញុំ ក៏មិន​ទាន់​បាន​ស្គាល់​លេខ​គាត់ [ម្តាយ​​​ទារិកា​កម្សត់​ដាក់​ក្នុង​ធុង​ពងមាន់​អាំង] នៅ​ឡើយ​ទេ។ ហើយ​ប្រសិន​បើមាន​បងប្អូន​ណា​បាន​ស្គាល់ សូម​មេត្តា​ជួយ​ផ្តល់​ដំណឹង​ដល់​ខ្ញុំតាម​បណ្តាញ​សង្គម​ផង ដើម្បី​យើង​រៀបចំ​គម្រោង​សប្បុរសធម៌​ជួយ​គាត់»។

គួរ​បញ្ជាក់ថាកញ្ញា អេនជី អតីត​ជា Freshie-Girl លេខ ៤ ប្រចាំ​ឆ្នាំ ២០០៥ ឈ្មោះ​ដើម លី ច័ន្ទ​ដា​លីស ខណៈ​ដែល​មហាជន​បាន​ស្គាល់​នាង​ខ្លាំង​កាល​ពេល​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី «តន្ត្រី​ខា​រ៉ា​បាវ​» និង «The Star Variety Show» របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។ ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​បាន ៣ ឆ្នាំ​នឹង​បុរស​អាណិកជន​អាមេរិក អ្នកនាង អេនជី សម្រាល​កូន​ប្រុស​ដោយ​ការវះកាត់ ជា​មួយ​​នឹង​វត្តមាន​ស្វាមី​នៅ​ជាប់​ប្រាណ​ផ្ដល់​កម្លាំង​ចិត្ត​យ៉ាង​កក់ក្ដៅ និង​បង្ហោះ​រូប​ច្រើន​សន្លឹក ​តាំងពី​ការត្រៀម​ខ្លួន​វះកាត់​សម្រាល​​កូន​ ជាសមាជិក​ថ្មី​កាលពី​ថ្ងៃ​ទី ១១ ខែ ១១ កាលពី​ឆ្នាំ ២០១៦៕

Advertisement