វណ្ណី ពិសិដ្ឋ ល្បីមធ្យម តែសម្ងំថតសុទ្ធតែរឿងចេញបញ្ចាំងនៅក្រៅប្រទេស

លោក វណ្ណី ពិសិដ្ឋ តួអង្គសំខាន់នៅក្នុងរឿង “វិកលចរិត” បច្ចុប្បន្ននេះកំពុងមមាញឹកយ៉ាងខ្លាំងនៅក្នុងអាជីពសម្តែង និងការងារសិល្បៈផ្សេងៗទៀត មិនថាការងារជាពិធីករ ឬដឹកនាំកម្មវិធីផ្សេងៗនោះទេ។ ទន្ទឹមនឹងនេះរឿង “វិកលចរិត” ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់ប្រិយមិត្តតាមបណ្តាញសង្គមនានា ដោយសារតែនេះជាខ្សែភាពយន្តភ័យរន្ធត់ដំបូងគេរបស់ខ្មែរដែលមានលក្ខណៈខុសប្លែកពីខ្សែភាពយន្តនានាកន្លងមកទាំងបច្ចេកទេស និងគុណភាព។

តារាសម្បុរខ្មៅស្រអែមរូបនេះមានសមត្ថភាព និងទេពកោសល្យសម្តែងខ្ពស់ ទើបលោកតែងតែមានឱកាសទទួលបានការអញ្ជើញឲ្យដើរលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្តអន្តរជាតិនៅតាមបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេសចិន កូរ៉េ ជប៉ុន និងស្វ៊ីស ជាដើម។ ក្នុងនេះរឿងដែលលោកបានចូលរួមសម្ដែង និងបានឆ្លងទៅបញ្ចាំងនៅលើឆាកអន្ដរជាតិមានដូចជារឿង “គ្រាប់ពេជ្រចុងក្រោយ” រួមទាំងរឿង “វិកលចរិត” នេះផងដែរ។

យ៉ាងណាមិញ វណ្ណី ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែន ថា នៅថ្ងៃទី3 ខែសីហា ឆ្នាំ2017​ នេះនឹងមានការចាក់បញ្ចាំងរឿង “វិកលចរិត” នៅក្នុងប្រទេសកម្ពុជាដំណាលគ្នាជាមួយប្រទេសថៃ និងឡាវផងដែរ លោកថា “សម្រាប់ខ្ញុំ ការចូលរួមគាំទ្រទាំងអស់គ្នាពីសំណាក់ទស្សនិកជន ចំពោះសិល្បករ សិល្បការិនី ក៏ដូចជាផលិតករ គឺជាការលើកទឹកចិត្តដើម្បីផលិតរឿងឱ្យកាន់តែល្អឡើងថែមទៀតនៅថ្ងៃខាងមុខ”។

គួររំឭកផងដែរថា អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ រឿងនេះធ្លាប់ត្រូវបានគណៈកម្មការវាយតម្លៃភាពយន្តអន្តរជាតិចេញលិខិតទទួលស្គាល់គុណភាពចំពោះខ្សែភាពយន្តមួយនេះ ហើយក៏ត្រូវបាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជ្រើសរើសធ្វើជាតំណាងភាពយន្តកម្ពុជាយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិនៅប្រទេសចិននាពេលកន្លងមកដែរ៕

Advertisement