ពេជ្រ សោភា ឆេះដុំព័ត៌មានក្តៅផ្ទួនៗ ប្រកាសជូនរង្វាន់ធំ ១ម៉ឺនដុល្លារ បើដឹងឆ្មបបង្កើតកូននាង

ភ្នំពេញ: កំពូល​តារា​ចម្រៀង​ស្រី​​ជ្រក​​កោន​​​​​លើ​​ផលិតកម្ម​ហង្សមាសឡើ​ង​​​ដុះ​ស្លែ​ អ្នក​នាង ពេជ្រ សោភា ដែល​​​កំពុង​តែ​​​​​​បង្កាត់​ភ្លើង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ ជាមួយ លោក ឆឹម សក្កដា តារា​សម្ដែងជា​សាធារណៈ​​ហើយ​​នោះ ក៏​លេច​ចេញ​ព័ត៌មាន​រិះគន់ផ្ទួនៗគ្នា​ថា អ្នកទាំង​​ពីរ​​ស្រឡាញ់​គ្រាន់​តែ​ជា​ការ​សម្តែង និង​ថា​អ្នក​​​នាង ពេជ្រ សោភា ធ្លាប់​មាន​កូន​ទៀត​ផង។

ដោយ​​ទ្រាំ​ធ្វើជាគ​ និង​ធ្វើថ្លង់ទៅ​​នឹងព័ត៌​មាន​​បែក​​​ធ្លាយ​​ជា​មតិ​រិះគន់​បោក​បក់នោះ​មិន​បាន​ ពេជ្រ សោភា ក៏​​ផ្ទុះ​ប្រតិកម្ម​​​​តប​វិញថា៖ «ខ្ញុំហ៊ាន​ប្រកាស​ផ្ដល់​រង្វាន់​ធំ បើសិន​ជាមាន​អ្នកអាច​រក​ពេទ្យ​​បង្កើត​កូន​ឲ្យខ្ញុំ​បាន» និង​​បន្ទរ​​​ថា៖ «ម៉េច​មាន​ពាក្យ​របស់​មនុស្ស​ដែល​និយាយថា ខ្ញុំ​ធ្លាប់​មាន​​កូន ៣នាក់​រួចទៅ​ហើយ​ចឹង​​ហ្ន?»។ ​សម្ដី​បែប​តឹង​សរសៃក ប្រតិកម្ម​ព័ត៌មានគេ​ថា​មាន​កូន​បីនាក់​​នោះ ពេជ្រ សោភា ប្រកាស​ថា ប្រសិនបើ​​​មាន​អ្នកណា​រកឃើញ​ពេទ្យ ឬឆ្មប​ដែល​អះអាង​ថា​ធ្លាប់​បង្កើត​កូន​ឲ្យនាង គឺ​អ្នកនាង​ស្ម័គ្រ​ចិត្ត​ផ្ដល់រង្វាន់​ជា​ទឹកប្រាក់​ ១ ម៉ឺនដុល្លារ ហើយ​ក៏មិន​មាន​ការខឹង​សម្បា​នឹង​ឆ្មប​នោះដែរ។

តារា​ចម្រៀង​ក្នុង​ទ្រនំ​ហង្សមាស នាង ពេជ្រ សោភា ដែល​មិនភ្លេច​ពាក្យ​សម្ដី​ថា ខ្លួន​មិនមែន​ជា​មនុស្ស​​គេច​​វេស​ការពិត​ និង​ធ្លាប់​​ចូល​រោងការ​ដោយ​បើក​ចំហ​ជាមួយ​នឹង​អតីត​ស្វាមី​អាណិក​ជន​​អាមេរិក​​ឈ្មោះ​លោក​ ឡៅ ឆាលី បាន​ពោល​ថា៖ «ខ្ញុំ​មិនមែន​ជាតារា​ដែលមាន​ទម្លាប់​​រស់នៅ​ជាមួយគ្នា មិន​បាន​​រៀប​ការ​​នោះ​ឡើយ»។ អ្នកនាង ពេជ្រ សោភា តារាចម្រៀង​ស្រី​មាន​ប្រវត្តិ​ចេញ​ពី​អ្នក​លក់​អំពៅសាង អ្នកនាង ពេជ្រ សោភា និង​ជា​គ្រូបង្វឹក​ល្បី​របស់ The Voice Cambodia បាន​ឆ្លើយ​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ដោយការ​​អះអាងថា​៖ «ខ្ញុំ និង​លោក ឆឹម សក្កដា ស្រឡាញ់​គ្នា​ដោយ​បើក​ចំហ មិនមែន​ជា​ស្នេហា​លួចលាក់​កំបាំង​ភ្នែក​នោះ​ទេ។ រវាង​ស្នេហា​ខ្ញុំ និង​លោក ឆឹម សក្កដា មិនមែន​ជា​ស្នេហា​ដើម្បី​តោងការ​លីបគ្នា ហើយខ្ញុំ​ថែមទាំង​ហ៊ាន​ស្បថ​ឲ្យស្លាប់​ទៀតផង បើ​នាងខ្ញុំ និង​ឆឹម សក្កដា ធ្លាប់​បាន​រួមរស់​ជាមួយ​គ្នា និង​មិន​បាន​ឈាន​ដល់​ការរួមរស់​ក្រោម​ដំបូល​​ជាមួយ​គ្នា​ដូចពាក្យ​រិះគន់​នោះដែរ»៕

Advertisement